កម្ពុជា

សម រង្ស៊ី ពន្យុះឲ្យ ហ៊ុន សែន ប្ដឹងលោកបន្ថែម ឲ្យច្រើនករណីទៀត

នៅចំពោះគម្រោងដាក់ពាក្យបណ្ដឹង ពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឡើងទៅតុលាការបារាំងនោះ លោក សម រង្ស៊ី បានស្វាគមន៍គម្រោងនេះ ដើម្បីអ្វីមួយ ដែលមេដឹកនាំប្រឆាំង លើកឡើងថា ជាការតតាំងគ្នាដោយយុត្តិធម៌ ជាជាងតុលាការក្នុងស្រុក។

តែលោក សម រង្ស៊ី បានពន្យុះឲ្យបុរសខ្លាំងកម្ពុជា បន្ថែមបណ្ដឹងប្រឆាំងរូបលោក ឲ្យបានច្រើនករណីទៀត ក្នុងនោះមានករណីគប់គ្រាប់បែក នៅខាងមុខរដ្ឋសភា ករណីឃាតកម្ម លើអ្នកស្រី ពិសិដ្ឋ ពីលិកា និងករណីឃាតកម្ម លើលោក កែម ឡី

នៅលើទំព័រហ្វេសប៊ុករបស់លោក ប្រធានស្ដីទីគណបក្សប្រឆាំង បានលើកឡើង ពីករណីទាំងបីខាងលើ និងបានសរសេរចោទសួរ ទាំងជាខេមរភាសា និងភាសាបារាំងឡើងថា៖

«តើ ហ៊ុន សែន ហ៊ានប្តឹងខ្ញុំ នៅមុខតុលាការបារាំងឬទេ ចំពោះបទឧក្រិដ្ឋទាំង៣ ខាងក្រោមនេះ ដែលខ្ញុំបានចោទគាត់ជាចំហ ថាគាត់ជាអ្នកបញ្ជាឲ្យប្រព្រឹត្ត?»

លោក សម រង្ស៊ី បានលើកយករូបថត មួយករណីម្ដងៗ មកបង្ហោះ និងភ្ជាប់ដោយសំណេរក្នុងរូបទាំងនោះថា៖

«ការវាយប្រហារ ដោយគ្រាប់បែកដៃ (ស្លាប់១៦នាក់) នៅឆ្នាំ១៩៩៧ តាមបញ្ជារបស់ ហ៊ុន សែន។ ពិសិដ្ឋ ពីលិកា ត្រូវគេបាញ់សម្លាប់ នៅឆ្នាំ១៩៩៩ តាមបញ្ជារបស់ ប៊ុន រ៉ានី ហ៊ុន សែន ដោយមានការយល់ព្រមពី ហ៊ុន សែន។ កែម ឡី ត្រូវគេបាញ់សម្លាប់ នៅឆ្នាំ២០១៦ តាមបញ្ជារបស់ ហ៊ុន សែន។»

០៧ មិថុនា ២០១៩ / 07 June 2019 តើ ហ៊ុន សែន ហ៊ានប្តឹងខ្ញុំនៅមុខតុលាការបារាំងឬទេ ចំពោះបទឧក្រិដ្ឋទាំង ៣ ខាងក្រោមនេះ…

Publiée par Sam Rainsy sur Vendredi 7 juin 2019


កាលពីម្សិលម៉ិញ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរបបក្រុងភ្នំពេញ បានអះអាងថា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកឧបនាយករដ្ឋមន្ត្រី ស ខេង កំពុងរួមគ្នារៀបចំឯកសារ ប្ដឹងគូបដិបក្ខនយោបាយរបស់ផងខ្លួន ទៅកាន់តុលាការក្នុងប្រទេស​បារាំង។

អ្នកនាំពាក្យបានអះអាងថា បណ្ដឹងនោះ មានបំណង «ស្វែងរកតម្លៃយុត្តិធម៌សកល» ជូនមេដឹកនាំទាំងពីរ ដែលលោក សម រង្ស៊ី បានចោទប្រកាន់ជាសាធារណៈថា លោក ហ៊ុន សែន ជាអ្នកសម្លាប់នាយឧត្តមសេនីយ៍ ហុក ឡងឌី និងថា លោក ស ខេង បានរៀបចំផែនការ ដើម្បីផ្ដួលរំលំរដ្ឋាភិបាល ដែលដឹកនាំដោយលោក ហ៊ុន សែន។

នៅក្នុងកិច្ចសម្ភាសខ្លីមួយ ជាមួយវិទ្យុអាស៊ីសេរី លោក សម រង្ស៊ី បានលើកឡើងថា លោកស្វាគមន៍បណ្ដឹងនោះ នៅចំពោះតុលាការបារាំង ដែលលោកអះអាងថា ជាតុលាការឯករាជ្យ មានវិជ្ជាជីវៈ៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។