នៅប៉ុន្មាននាទីមុន ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានបង្ហោះសារខ្លីមួយថា លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា កំពុងរៀបចំបែក ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយសារប្រមុខរដ្ឋាភិបាលកម្ពុជា មានបំណងរៀបចំ ឲ្យកូនប្រុសពៅរបស់លោក ឡើងទៅយកតំណែងរដ្ឋមន្ត្រីមហាផ្ទៃ ពីលោក ស ខេង។
សំណេររបស់លោក សម រង្ស៊ី ធ្វើឡើងតែប៉ុន្មានម៉ោង ក្រោយការទម្លាយ ការសម្ងាត់មួយ កាលពីយប់ម៉ិញ ដែលអះអាងថា លោក ស ខេង បានរៀបចំគម្រោង ឲ្យអតីតមេដឹកនាំគណបក្សប្រឆាំង និរទេសខ្លួននៅក្រៅប្រទេស កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥។ ប្រធានស្ដីទីគណបក្សប្រឆាំង នៅបង្ហើបទៀតថា រូបលោក និងលោក ស ខេង ធ្លាប់មានគម្រោងរួមសម្លេងគ្នា នៅក្នុងរដ្ឋសភា ដើម្បីទម្លាក់រដ្ឋាភិបាលលោក ហ៊ុន សែន នោះផង។
នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨នេះ មេដឹកនាំប្រឆាំង ដ៏យូរលង់ របស់ប្រទេសកម្ពុជា បានបង្ហើបបន្ថែម មួយករណីទៀត ដោយសរសេរជាសារខ្លី ពន្យល់នៅលើបណ្ដាញសង្គមថា៖
«ស ខេង កំពុងរៀបចំបែកពី ហ៊ុន សែន។ ព្រឹត្តិការណ៍មួយដ៏សំខាន់ នឹងផ្ទុះឡើងក្នុងឆ្នាំ ២០១៩ ពីព្រោះ ហ៊ុន សែន ចង់ដាក់កូនប្រុសគាត់ ហ៊ុន ម៉ានី ជំនួស ស ខេង នៅក្រសួងមហាផ្ទៃ។»
នៅក្នុងពិធីសម្ពោធ វិមាន«ឈ្នះ-ឈ្នះ» កាលពីព្រឹកម៉ិញ គេឃើញលោក ស ខេង អង្គុយនៅពីក្រោយលោក ហ៊ុន សែន និងទន្ទឹមលោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិ។ ប៉ុន្តែនៅក្នុងដំណើរ អមលោក ហ៊ុន សែន ដើម្បីទស្សនា សំណង់ថ្មីថ្មោងមួយនេះ គេមិនឃើញលោក ស ខេង មានវត្តមាន នៅក្បែរបុរសខ្លាំងកម្ពុជាទេ។
យ៉ាងណា ករណីនេះ ត្រូវបានលោក ហ៊ុន សែន ប្រកាសបដិសេធរួចហើយ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ក្នុងពិធីជួប ជាមួយក្រុមកម្មករ-កម្មការិនី ច្រើនពាន់នាក់ ក្នុងខេត្តកំពង់ស្ពឺ។
លោកនាយករដ្ឋមន្ត្រី បានហៅអ្នក ដែលបញ្ចេញដំណឹងនេះ ថាជា«ជនពាល» ហើយបានអះអាងទៀតថា នឹងគ្មានករណីខាងលើ មិនអាចកើតឡើង ជាដាច់ខាត ព្រោះផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា មានភាពរឹងមាំខ្លាំងណាស់៕