អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន (RWB / RSF) គ្រោងចេញសេចក្ដីថ្លែងការណ៍ ប្រតិកម្មចំពោះករណីចាប់ខ្លួន អ្នកកាសែត សុខ ឧត្ដម ដែលឈានទៅបិទស្ថានីយ៍វិទ្យុ និងគេហទំព័រ «រិទ្ធិសែន» របស់អ្នកកាសែតរូបនេះ កាលពីពេលថ្មីៗ។ នេះ បើតាមការអះអាង របស់លោក ដានីញែល បាស្ដាដ៍ (Daniel Bastard) នាយកការិយាល័យ អាស៊ី-ប៉ាស៊ីភិក របស់អង្គការនេះ កាលពីថ្ងៃសុក្រ។
អ្នកសារព័ត៌មាន លោក សុខ ឧត្ដម ដែលជាម្ចាស់ស្ថានីយវិទ្យុ ៩៩.៧៥ MHz និងគេហទំព័រ «រិទ្ធិសែន» ដ៏ល្បី នៅខេត្តកំពង់ឆ្នាំង ត្រូវបានក្រុមនគរបាលចាប់ខ្លួន កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០។
ការចាប់ខ្លួននោះ ធ្វើឡើងបន្ទាប់ពីលោក បានចុះទៅធ្វើការ ផ្សាយបន្តផ្ទាល់ អំពីការតវ៉ារបស់ពលរដ្ឋ នៅមុខសាលាឃុំ ជៀប កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ស្ថិតក្នុងស្រុកទឹកផុស ជុំវិញជម្លោះដីធ្លី ដែលប្រជាពលរដ្ឋចោទថា អាជ្ញាធរបានដកហូតដីធ្លី រាប់សិបហិចតា របស់ពួកគាត់។
ក្រោយការចាប់ខ្លួន ស្ថាប័នវិទ្យុ និងគេហទំព័រព័ត៌មាន របស់លោក សុខ ឧត្ដម ក៏ត្រូវបានក្រសួងព័ត៌មាន ចេញប្រកាស ឲ្យបិទទ្វាដែរ។ នេះ បើតាមសេចក្ដីសម្រេចមួយ របស់ក្រសួង ដែលចុះហត្ថលេខា ដោយលោករដ្ឋមន្ត្រី ខៀវ កាញារិទ្ធ នៅថ្ងៃទី១២ ខែឧសភា តែទើបនឹងឃើញចេញផ្សាយ នៅថ្ងៃទី១៣ ខែឧសភា។
ការចាប់ខ្លួនអ្នកកាសែត និងការបិទស្ថាប័នព័ត៌មាន ក្រោមបទចោទ«ញុះញង់» បានបង្កឲ្យមានប្រតិកម្ម ពីបណ្ដាក្រុមអ្នកការពារ សិទ្ធិអ្នកសារព័ត៌មាន ទាំងនៅក្នុងស្រុក និងនៅក្រៅស្រុក ជាពិសេស ពីអង្គការអ្នកយកព័ត៌មានគ្មានព្រំដែន ដែលជាអង្គការអន្តរជាតិ មានបណ្ដាញរបស់ខ្លួន នៅពាសពេញពិភពលោក។
តបនឹងការសាកសួរ របស់ទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ កាលពីថ្ងៃសុក្រ នាយកការិយាល័យ ទទួលបន្ទុកកិច្ចការ អាស៊ី-ប៉ាស៊ីភិក លោក ដានីញែល បាស្ដាដ៍ បានថ្លែង ពីទីស្នាក់ការធំ ក្នុងរដ្ឋធានីប៉ារីស (បារាំង) មកថា អង្គការ «RWB / RSF» កំពុងតាមដាន យ៉ាងយកចិត្តទុកដាក់ ចំពោះករណីចាប់ខ្លួន លោក សុខ ឧត្ដម។
លោក បាស្ដាដ៍ បានបញ្ជាក់ថា៖
«យើងកំពុងតាមដាន សំនុំរឿងខាងលើ ហើយមិនសង្ស័យឡើយថា យើងនឹងចេញសេចក្ដីថ្លែងការណ៍ អំពីករណីនេះ នៅដើមសប្ដាហ៍ក្រោយ។»
អាជ្ញាធរកម្ពុជា បញ្ជាក់ថា ការចាប់ខ្លួននោះ ធ្វើឡើងដោយអនុវត្ត តាមច្បាប់កម្ពុជា ដើម្បីអ្វីមួយ ដែលក្រុមអាជ្ញាធរទាំងនោះ អះអាងថា ជាការផ្សាយព័ត៌មានបំភ្លៃ និងមានលក្ខណៈ «ញុះញង់ ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍»។
ករណីចាប់អ្នកកាសែតដាក់ពន្ធនាគារ បិទស្ថាប័នព័ត៌មាន និងការរាំងខ្ទប់គេហទំព័រ នៅកម្ពុជា បានកើតមានជាហូហែរ ក្នុងរយៈពេល ចាប់ពីចុងខែមីនាមក។
កាលពីដើមខែមេសា លោក សុវណ្ណ រិទ្ធី ម្ចាស់ស្ថាប័ន«FBTV» ក៏ត្រូវបានចាប់ខ្លួន ដាក់ពន្ធនាគារដែរ បន្ទាប់ពីលោក បានចុះផ្សាយ នៅលើបណ្ដាញសង្គម នូវការដកស្រង់សំដី របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានថ្លែង ឲ្យអ្នករត់ម៉ូតូឌុប លក់ម៉ូតូ ដើម្បីទិញអង្ករហូប នៅក្នុងរយៈពេល នៃវិបត្តិ«Covid-19»។
នៅចុងខែមីនា គេហទំព័រ របស់ទស្សនាវដ្ដីមនោរម្យ «MONOROOM.info» បានរងការរាំងខ្ទប់ ដោយមិនឲ្យប្រិយមិត្តបើកចេញ នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីស្ថាប័នមិនចំណុះមួយនេះ បានផ្សាយរបាយការណ៍ ជាបន្តបន្ទាប់ ស្ដីពីជំងឺ «Covid-19» នៅកម្ពុជា និងនៅប្រទេសចិន។
ចំពោះករណីទាំងពីរលើក តែងត្រូវបានថ្កោលទោស ដោយអង្គការអ្នកយកព័ត៌មានគ្មានព្រំដែន (ចុចអានទីនេះ និងទីនេះ) ដោយហៅទង្វើទាំងនេះ ថាជាការគម្រាមកំហែង ទៅលើសិទ្ធិ អ្នកសារព័ត៌មាន និងសិទ្ធិទទួលបានព័ត៌មាន របស់ពលរដ្ឋកម្ពុជា។
នៅក្នុងបញ្ជីសន្ទស្សន៍ របស់អង្គការអន្តរជាតិខាងលើ ប្រទេសកម្ពុជាបានបន្តធ្លាក់ ចំណាត់ថ្នាក់ប្រចាំឆ្នាំ របស់ខ្លួន ស្ដីពីសេរីភាពសារព័ត៌មាន ពីលេខរៀងទី១៤៣ ក្នុងឆ្នាំមុន មកលេខ១៤៤ ក្នុងឆ្នាំ២០២០នេះ ពីក្នុងចំណោម១៨០ប្រទេស នៅជុំវិញពិភពលោក៕