កម្ពុជា

វិទ្យុអាស៊ីសេរី​ត្រៀម​ផ្សាយ​ស្នាដៃ​ កែម ឡី នានា​ដែល​បន្សល់ទុក​ក្នុង​កុំព្យូទ័រ​

នាយកវិទ្យុអាស៊ីសេរី ទទួលបន្ទុកការផ្សាយ ផ្នែកខេមរភាសា លោក ហួត វុទ្ធី ហៅ ជុន ច័ន្ទបុត្រ បានអះអាងកាលពីមុននេះ នៅក្នុងសារជូនពរបំណាច់ឆ្នាំមួយ ថាវិទ្យុផ្សាយសម្លេង ដ៏មានប្រជាប្រិយភាពមួយនេះ នឹងធ្វើការផ្សព្វផ្សាយ ពី«ទស្សនវិស័យ និងស្នាដៃនានា» របស់លោក កែម ឡី ដែលអតីតអ្នកធ្វើអត្ថាធិប្បាយនយោបាយ ដ៏ល្បីឈ្មោះ បានបន្សល់ទុក នៅក្នុងម៉ាស៊ីន​កំព្យូទ័ររបស់លោក។

លោក ហួត វុទ្ធី បានអះអាងថា៖

«ក្នុងឆ្នាំថ្មីនេះ យើងនឹងបន្តខំកែលំអរផ្សាយ និង​បន្ថែម​នូវ​កម្មវិធី​ថ្មីៗ​ មួយចំនួន ជូនលោកអ្នកនាង ដូចជានាទីសាសនា និងសង្គម ព្រម​ទាំង​រៀប​ចំ​ផ្សព្វផ្សាយ ​ជូនលោកអ្នកនាង នូវ​ទស្សនវិស័យ​ និង​ស្នាដៃ​នានា ​របស់លោកបណ្ឌិត កែម ឡី បន្សល់​ទុក​ ក្នុង​ម៉ាស៊ីនកុំព្យូទ័រ​របស់​លោក ដែល​ភរិយា​របស់​លោក​ បាន​ប្រគល់​មក​ឲ្យ​វិទ្យុអាស៊ីសេរី ជួយផ្សព្វផ្សាយបន្ត។»

នៅក្នុងសារជូនពរដដែលនោះ លោក ហួត វុទ្ធី បានរំពឹងថា វិទ្យុអាស៊ីសេរីនឹងត្រឡប់ ទៅបើកការិយាល័យរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា នាពេលខាងមុខ ក្រោមលក្ខខណ្ឌថា ប្រទេសកម្ពុជា នឹងបើកឲ្យមានសេរីភាពសារព័ត៌មាន ពេញលេញ និងគ្មានការរារាំង។ នាយកផ្នែកការផ្សាយ ជាខេមរភាសា បានបន្តថា៖ 

«ទោះបីជាការិយាល័យយើង នៅភ្នំពេញ ត្រូវបន្តបិទទ្វារក៏ដោយ ក៏​យើងខិតខំតាមគ្រប់លទ្ធភាព ក្នុងការផ្តល់ព័ត៌មាន ជូនប្រជាពលរដ្ឋខ្មែរ… ហើយយើងនឹងបន្តធ្វើ ជាប្រភពផ្តល់ព័ត៌មានឯករាជ្យ ដែល លោក លោកស្រី អ្នកនាងកញ្ញា អាចទុកចិត្តបាន។»

«ជាថ្មីម្តងទៀត តាងនាមអាស៊ីសេរី ផ្នែកភាសាខ្មែរ ខ្ញុំបាទសូមថ្លែង​អំណរគុណ ​ដល់ប្រិយមិត្តទាំងអស់​ ដែលតែងមានភក្តីភាព ចំពោះ​អាស៊ីសេរី។ យើងនឹងរួមដំណើរ ជាមួយគ្នា ​ក្នុងបេសកកម្មផ្សព្វផ្សាយ​ និងទទួលព័ត៌មាន នៅក្នុងឆ្នាំ២០១៩នេះ និងឆ្នាំខាងមុខៗទៀត។»៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។