រដ្ឋាភិបាលក្រុងភ្នំពេញ បានប្រតិកម្មនៅរសៀលថ្ងៃអង្គារទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ តបនឹងការសម្រេចបើកនីតិវិធីផ្លូវការ របស់សហភាពអ៊ឺរ៉ុប ដើម្បីឈានទៅព្យួរប្រទេសកម្ពុជា ចេញកម្មវិធីអនុគ្រោះពន្ធ ហៅថា «អ្វីៗទាំងអស់លើកលែងតែអាវុធ (EBA)» ដោយហៅការសម្រេចនោះ ថាមានហេតុផល«នយោបាយនៅពីក្រោយ» ដែលចង់បង្ខំកម្ពុជា ឲ្យធ្លាក់ចូលក្នុងសមរភូមិ នៃ«ភូមិសាស្ត្រនយោបាយ»។
សេចក្ដីថ្លែងការណ៍ ដែលចេញផ្សាយកាលពីប៉ុន្មានម៉ោងមុន ដោយការិយាល័យអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានសំដែងនូវ«ការខកចិត្ត និងសោកស្ដាយបំផុត» ចំពោះការសម្រេចរបស់គណៈកម្មការអ៊ឺរ៉ុប ដែលនឹងដាក់របបដឹកនាំក្រុងភ្នំពេ ទៅក្នុងការឃ្លាំមើលយ៉ាងជាក់លាក់ សម្រាប់រយៈពេល៦ខែ ដើម្បីឲ្យរបបនេះបង្ហាញឲ្យឃើញ ពី«វិធានការពិតប្រាកដ» ក្នុងការស្ដារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋ។
សម្រាប់រដ្ឋាភិបាលកម្ពុជា ការសម្រេចរបស់សហភាពអ៊ឺរ៉ុប គឺមានហេតុផល«នយោបាយនៅពីក្រោយ» ដើម្បីចាប់បង្ខំកម្ពុជាធ្លាក់ចូល ទៅក្នុងការប្រទាញប្រទង់គ្នា នៃមហាអំណាចនៅក្នុងតំបន់ និងនៅលើពិភពលោក។ សេចក្ដីថ្លែងការណ៍បានសរសេរថា៖
«យើងជឿជាក់ថា ការសម្រេចចិត្តនេះ គឺមានទិដ្ឋភាពនៃហេតុផលនយោបាយ នៅពីក្រោយ ដែលចាប់បង្ខំឲ្យកម្ពុជា ធ្លាក់ចូលទៅក្នុងសមរភូមិ នៃ”ភូមិសាស្ត្រនយោបាយ”។ កម្ពុជាការពារខ្លួនជាដាច់ខាត ក្នុងជម្រើសជាតួអង្គ បម្រើភូមិសាស្ត្រនយោបាយនេះ ទោះបីជាស្ថិតនៅក្នុងសម្ពាធជាយថាហេតុ នៃរូបភាពណាមួយក៏ដោយ។»
កាលពីព្រឹកម៉ិញ សហរដ្ឋអាមេរិកតាមរយៈស្ថានទូតរបស់ខ្លួន បានចេញសេចក្ដីថ្លែងការណ៍មួយ គាំទ្រការសម្រេចរបស់សហភាពអ៊ឺរ៉ុប និងអំពាវនាវ«ឲ្យថ្នាក់ដឹកនាំកម្ពុជា ស្តាឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ ពហុបក្សពិតប្រាកដ ដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ នៃប្រទេសកម្ពុជា»។ ស្ថានទូតរបស់ប្រទេសមហាអំណាច ដែលជាទីផ្សារដ៏ធំមួយទៀត សម្រាប់ផលិតផលនាំចេញរបស់កម្ពុជា បានសរសេរបន្តថា៖
«យើងក៏សូមអំពាវនាវផងដែរ អោយប្រទេសកម្ពុជាទម្លាក់ចោល នូវបទចោទប្រកាន់លើលោក កឹម សុខា និងការចោទប្រកាន់តាមទំនើងចិត្តទាំងអស់ ប្រឆាំងនឹងអ្នកទោសនយោបាយដទៃទៀត ហើយអនុញ្ញាតឲ្យសហជីព អង្គការសារព័ត៌មានឯករាជ្យ និងក្រុមដទៃទៀតនៃសង្គមស៊ីវិល ដំណើរការដោយគ្មានការរឹតត្បិត ដែលមិនត្រឹមត្រូវ។»
តែរដ្ឋាភិបាលកម្ពុជា មិនគិតដូច្នេះទេ ដោយចាត់ទុកថា ដំណើរការនៃបរិបទ «EBA» គ្រាន់តែស្ថិតនៅក្នុង«ភាពអន្តរកាល» នៃការអភិវឌ្ឍន៍ប៉ុណ្ណោះ។ សេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យ បានបញ្ជាក់ថា៖
«ការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាល មានមោទនភាព នៃការពិសោធន៍ជាប្រវត្តិសាស្ត្រ ដែលជាមរតកប្រកបដោយតម្លៃខ្ពស់ របស់ប្រជាជាតិយើង បានឆ្លងកាត់ការលំបាក និងឧបសគ្គដ៏ធំធេង ចាប់តាំងពីឆ្នាំ១៩៧៩ មកដល់បច្ចប្បន្ននេះ ក្រោមមគ្គុទេសភាពដ៏ទន់ភ្លន់ និងម៉ឺងម៉ាត់ របស់សម្ដេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន គឺកម្ពុជាទទួលបានលទ្ធផលជាទីគាប់ចិត្ត ស្ដែងចេញពីមូលដ្ឋានគ្រឹះ នៃសាមគ្គីភាព ឯកភាព និងសន្តិភាព ក្នុងទិសដៅឯករាជ្យ និងម្ចាស់ការ»៕