កម្ពុជា

ម៉ៅ មុនីវណ្ណ អំពាវនាវ​ឲ្យពលរដ្ឋ​«តស៊ូ» ដើម្បីទាមទារ​ឲ្យដោះលែង រ៉ុង ឈុន

លោក ម៉ៅ មុនីវណ្ណ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដែលមានកូតា មកពី​គណបក្ស​សិទ្ធិមនុស្ស បានធ្វើការ​អំពាវនាវ នៅមុននេះបន្តិច ឲ្យពលរដ្ឋ«តស៊ូ»ដោយអហិង្សា ដើម្បី​ទាមទារឲ្យដោះលែង​លោក រ៉ុង ឈុន ដែលត្រូវអាជ្ញាធរ​របបក្រុងភ្នំពេញ ចាប់ខ្លួន​កាលពី​យប់​ថ្ងៃទី​៣១ ខែកក្កដាកន្លងមក។

ការអំពាវនាវរបស់លោក មុនីវណ្ណ ធ្វើឡើងនៅលើបណ្ដាញសង្គម ដោយភ្ជាប់មក​ជាមួយ​នូវ​រូបថត របស់លោកសាស្ត្រាចារ្យ រ៉ុង ឈុន និងមានអក្សរធំៗ សរសេរបញ្ជាន់​ពីលើថា «តស៊ូឡើង​បងប្អូន»។

«តស៊ូឡើង​បងប្អូន» គឺជាសម្រែករបស់លោក រ៉ុង ឈុន នៅខណៈពេល នៃការចាប់​បញ្ជូន​ខ្លួនលោក ចូលក្នុងរថយន្ដ ដោយកងសន្តិសុខ របស់សាលារាជធានី កាលពីច្រើនឆ្នាំមុន។

វីដេអូ នៃសម្រែករបស់ប្រធានសហភាពសហជីពកម្មកររូបនេះ ត្រូវបានលោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ យកមកបង្ហោះ នៅលើទំព័រ​ហ្វេសប៊ុករបស់លោក កាលពី​ម្សិលម៉ិញ នៅក្នុងសារអំពាវនាវមួយ របស់មេដឹកនាំប្រឆាំង ដែលបានអំពាវនាវ​ឲ្យពលរដ្ឋ «រួបរួមគ្នា ងើបឈរឡើង តស៊ូ​ទាំងអស់​គ្នា» ដើម្បីឈានទៅប្ដូររបបដឹកនាំ របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

ប៉ុន្តែសម្រាប់លោក ម៉ៅ មុនីវណ្ណ បានធ្វើការអំពាវនាវខ្លី និងស្រាលជាងលោក សម រង្ស៊ី។ មន្ត្រីជាន់ខ្ពស់​គណបក្សប្រឆាំង​រូបនេះ បានសរសេរថា៖

«សូមបងប្អូន ជនរួមជាតិខ្មែរគ្រប់មជ្ឈដ្ឋាន ចូលរួមតស៊ូដោយអហឹង្សា ទាមទារឲ្យមាន​ការដោះលែង​លោក​ រ៉ុង​ ឈុន​ ដោយគ្មានលក្ខខណ្ឌ​ ដោះលែង ​ៗ ៗ ៗ ៗ។»

ក្នុងពេលកន្លងមក លោក ម៉ៅ មុនីវណ្ណ មិនបានលាក់លៀមទេថា លោកមានជំហរជំទាស់នឹងលោក សម រង្ស៊ី។ ថ្មីៗនេះ លោក មុនីវណ្ណ ថែមទាំងបានបង្ហោះសារ ប្រៀបធៀបលោក សម រង្ស៊ី និងគណបក្សប្រជាជនកម្ពុជា របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាជាក្រុម«តែមួយ»នោះទៀតផង៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។