កម្ពុជា

ភរិយា កែម ឡី ប្រាប់ស្វាមីថា «បងឈប់បារម្ភពីអូន និងកូនៗទៀតទៅ»

អ្នកស្រី ប៊ូ រចនា ភរិយាមេម៉ាយ នៃសពលោក កែម ឡី បានសុបិន្តឃើញស្វាមីអ្នកជាថ្មីទៀត បើទោះលោក កែម ឡី បានឃ្លាតចេញពីអ្នកស្រី អស់រយៈពេល៣ឆ្នាំហើយក៏ដោយ។ អ្នកស្រីបានពោលពាក្យបេះដូង ផ្ដាំផ្ញើរទៅស្វាមី ឲ្យឈប់បារម្ភពីអ្នកស្រី និងកូនៗ បន្តទៅទៀត ព្រោះនៅខណៈនេះ ពួកអ្នកស្រីបានរួចផុត ពី«បក្សពួកតិរិច្ឆាន»ហើយ។

ភរិយាលោក កែម ឡី ដែលកំពុងរស់នៅ ក្នុងប្រទេសអូស្ត្រាលី បានបង្ហោះសារ នៅលើបណ្ដាញសង្គម កាលពីម្សិលម៉ិញ មានខ្លឹមសារជាអាទិ៍ថា៖

«យប់មិញសុបិន្តឃើញស្វាមី។ ជិត៣ឆ្នាំហើយ សូមបងឈប់បារម្ភ ពីអូននិងកូនៗ ទៀតទៅ។ អូននិងកូនបានរួចផុត ពីបក្សពួកតិរិច្ឆាន ដោយសុវត្ថិភាពហើយ។»

«ពេលអូនបានមករស់នៅ ក្នុងប្រទេសមួយ ដែលមានលិទ្ធិប្រជាធិបតេយ្យពិតប្រាកដ និងការគោរពសិទ្ធិមនុស្សពេញលេញ ធ្វើឲ្យអូនគិតដល់ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅក្នុងរបបតិរិច្ឆាន ទាំងវេទនា ពិតជាអយុត្តិធម៌ខ្លាំងណាស់។»

លោក កែម ឡី ត្រូវបានឃាតករ​​ឈាមត្រជាក់​​បាញ់សម្លាប់ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅខណៈលោក កំពុងទទួលទានកាហ្វេ នៅក្នុងហាងលក់ទំនិញ ស្តាម៉ាត នៃស្ថានីយចាក់ប្រេងឥន្ទនៈ កាល់តិច ស្ថិតនៅស្ដុបបូកគោ កណ្ដាលរាជធានីភ្នំពេញ។ នៅក្រោយឃាតកម្មនោះ និងរហូតមកដល់ថ្ងៃនេះ ជនសង្ស័យតែម្នាក់គត់ ឈ្មោះ អឿង អាង ដាក់រហស្សនាម «ជួប សម្លាប់» ត្រូវបានឃាត់ខ្លួន និងផ្តន្ទាទោស។

អ្នកស្រី ប៊ូ រចនា បានបន្តសំដីទៅកាន់ស្វាមីទៀតថា៖

«ឬមួយបងព្រួយ [អំពី]ការរៀនសូត្រ របស់កូនទាំង៤នាក់? សូមបងកុំព្រួយ អត់មានបញ្ហាអ្វីទេ។ [ពួក]គាត់ខំរៀនណាស់។ ចំណែកកូនពៅយើងវិញ គាត់មានសុខភាពល្អ ដៃជើងរឹងមាំ គាត់ឆ្លាត គាត់ធំជាងមុន។»

«សូមដួងវិញ្ញាណក្ខន្ធបង បានទៅកាន់ឋានសុខផងចុះ។ ពីអូននិងកូនទាំងប្រាំ នឹកបងខ្លាំងណាស់។»៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។