ពិភពលោក

វេណេស៊ុយអេឡា៖ ប្រធានសភា​ប្រកាសខ្លួន​ជា​«ប្រធានាធិបតីស្ដីទី»

ប្រធានសភាដែលគ្រប់គ្រង ដោយសម្លេងភាគច្រើន ចេញពីគណបក្សប្រឆាំង នៃប្រទេសវេណេស៊ុយអេឡា លោក រ៉ន ហ្គេដូ (Juan Guaido) បានប្រកាសខ្លួន កាលពីថ្ងៃពុធនេះ ជា«ប្រធានាធិបតីស្ដីទី» នៃប្រទេស នៅចំពោះអ្នកគាំទ្ររាប់ពាន់នាក់ ដែលបានចុះធ្វើបាតុកម្ម នៅតាមដងផ្លូវ ដើម្បីប្រឆាំងនឹងលោកប្រធានាធិបតី នីកូឡា ម៉ាឌូរ៉ូ (Nicolas Maduro)។

លោក រ៉ន ហ្គេដូ បានថ្លែងពីលើវេទិកា មកថា៖

«ខ្ញុំសូមស្បថ ក្នុងការសន្មតជាផ្លូវការ នូវអំណាចរបស់នីតិប្រតិបតិ្ត ជាប្រធានាធិបតីស្ដីទី នៃប្រទេស វ៉េណេស៊ុយអេឡា ដើម្បីសម្រេចបាន (… ) នូវរដ្ឋាភិបាលអន្តរកាល និងការបោះឆ្នោតដោយសេរី។»

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសក្នុងពេលភ្លាមៗ ថាលោកទទួលស្គាល់មេដឹកនាំប្រឆាំង វ័យ៣៥ឆ្នាំ រូបនេះ ថាជា«ប្រធានាធិបតីស្ដីទី» នៃប្រទេស វេណេស៊ុយអេឡា។ លោក ត្រាំ បានសរសេរ នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា៖

«ថ្ងៃនេះ ខ្ញុំទទួលស្គាល់ជាផ្លូវការ ប្រធានរដ្ឋសភាជាតិ នៃប្រទេសវេណេស៊ុយអេឡា លោក  រ៉ន ហ្គេដូ ជាប្រធានាធិបតីស្ដីទី នៃប្រទេសនេះ។»

ប្រទេសដទៃទៀត នៅក្នុងតំបន់ ក៏បានទទួលស្គាល់លោក រ៉ន ហ្គេដូ ដែរ។ ប្រទេសទាំងនោះ មានដូចជា ប្រទេសកាណាដា ប្រេស៊ីល ប៉ារ៉ាហ្គាយ កូឡំប៊ី អាហ្សង់ទីន កូស្ដារីកា ហ្គាតេម៉ាឡា អេក្វាទ័រ ប៉េរូ និងប្រទេសឈីលីជាដើម។ មានតែប្រទេស បូលីវី មួយប៉ុណ្ណោះ ដែលនៅប្រកាន់ជំហរ គាំទ្រដល់របបលោកប្រធានាធិបតី នីកូឡា ម៉ាឌូរ៉ូ។



ក្នុងថ្ងៃពុធតែមួយ នៅសឹងតែគ្រប់ច្រកល្ហកទាំងអស់ ទាំងអ្នកគាំទ្រលោក នីកូឡា ម៉ាឌូរ៉ូ (ភាគច្រើនពាក់អាវក្រហម) និងអ្នកគាំទ្រលោក រ៉ន ហ្គេដូ (ភាគច្រើនពាក់អាវស) បានចុះដើរធ្វើបាតុកម្ម នៅក្នុងបរិយាកាសមួយ ដ៏តឹងតែង។ សេចក្ដីរាយការណ៍ដំបូង បានឲ្យដឹងថា មនុស្ស៥នាក់ បានស្លាប់។

ក្រុមប្រឆាំងបានទាមទារ ឲ្យបង្កើតនូវរដ្ឋាភិបាលអន្តរកាលមួយឡើង និងរៀបចំការបោះឆ្នោតឡើងវិញ។ ខណៈក្រុមគាំទ្រលោក នីកូឡា ម៉ាឌូរ៉ូ បានទាត់ចោល ការទាមទារនោះ និងបានចាត់ទុកទង្វើនេះ ថាជាការធ្វើរដ្ឋប្រហារ ដែលញាក់ខ្សែ ដោយសហរដ្ឋអាមេរិក។

បាតុកម្មជាបន្តបន្ទាប់ បានកើតឡើង ពីរថ្ងៃបន្ទាប់ការចាប់ខ្លួន ទាហាន២៧នាក់ ក្នុងបន្ទាយមួយ ស្ថិតនៅខាងជើងរដ្ឋធានី។ ទាហានទាំងនោះ បានអំពាវនាវ ឲ្យធ្វើការបះបោរឡើង។

កាលពីថ្ងៃអង្គារ អនុប្រធានាធិបតីអាមេរិក លោក ម៉ៃ ផេន (Mike Pence) បានសំដែងសាមគ្គីភាព ជាមួយក្រុមបាតុករប្រឆាំង។ ប៉ុន្តែសមានចិត្តរបស់លោក ម៉ៃ ផេន ត្រូវបានលោក នីកូឡា ម៉ាឌូរ៉ូ បរិហារថា ជាការអំពាវនាវ​ឲ្យធ្វើ «រដ្ឋប្រហារ បែបហ្វាស៊ីស»៕

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។