កម្ពុជា

ហ៊ុន សែន ព្រមាន​កុំឲ្យ​យក​«នំបញ្ចុក» ទៅភ្ជាប់​នឹង​នយោបាយ

«នំបញ្ចុក ជារបស់ជាតិ មិនមែនជារបស់បក្សនយោបាយណាមួយទេ» នេះ ជាការអះអាង​ឡើង របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទាក់ទងនឹងយុទ្ធនាការ​ទទួលទាននំបញ្ចុក នៅទូទាំងប្រទេស ដែលលោកបានបញ្ជាឲ្យធ្វើ កាលពីថ្ងៃចន្ទកន្លងមក។ បុរសខ្លាំងកម្ពុជា បានបន្តព្រមានទៀតថា តាមរយៈយុទ្ធនាការនេះ នឹងគ្មានការចរចាណាមួយ ជាមួយគណបក្សសង្គ្រោះជាតិ នោះឡើយ។

លោកនាយករដ្ឋមន្ត្រី បានថ្លែងដូច្នេះ នៅក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតច្រើនរយនាក់ នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩នេះ ក្នុងមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។ លោក ហ៊ុន សែន ថា «នំបញ្ចុក»ជាអត្តសញ្ញាណជាតិ និងមិនមែនជាបញ្ហាបំបែកបំបាក់ជាតិទេ។

បុរសខ្លាំងកម្ពុជាបន្តថា៖

«នំបញ្ចុក គឺជាឯកភាពជាតិ ជាការសាមគ្គីជាតិ របស់យើងទៅវិញទេ។ ដូច្នេះ នំបញ្ចុកកុំក្លាយជាបញ្ហានយោបាយឲ្យសោះ។ អញ្ចឹងទេ ការទទួលទាននំបញ្ចុក នៅថ្ងៃទី៩ [ខែមិថុនាខាងមុខ] ហើយបន្តបន្ទាប់ទៀត មិនមែនស៊ីតែថ្ងៃទី៩​ហ្នឹងទេ។»

មេដឹកនាំកម្ពុជា បានព្រមានមន្ត្រីគណបក្សប្រឆាំង ថាកុំឆ្លៀតឱកាសកេងចំណេញ ពីយុទ្ធនាការ«នំបញ្ចុក»ខាងលើនេះ មិនមែនជាជំហាន ទៅដល់ការចរចានយោបាយណាមួយនោះ។ លោកថ្លែង​នៅចុងបញ្ចប់ នៃសុន្ទរកថារបស់លោកថា៖

«សុំកុំយកបញ្ហា ដែលខ្ញុំនិយាយនេះ ធ្វើជាការវិភាគអ្វីផ្សេង ក្រៅពីរឿងស៊ីនំបញ្ចុក ព្រោះអ្នកខ្លះគិតថា វាជាជំហាន ទៅដល់ការចរចានយោបាយ ស្អីៗ សុំកុំភាន់ច្រឡំ ខ្ញុំនិយាយតែរឿងនំបញ្ចុកសុទ្ធសាធ និងសាមគ្គីភាព ឯកភាពជាតិ តាមរយៈការទទួលទាននំបញ្ចុក ថ្ងៃ៩មិថុនា នេះតែម្តង។»

លោក ហ៊ុន សែន បានប្រកាសកាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ បញ្ជារទៅសមាជិកសមាជិកា គណបក្សប្រជាជន និងអ្នកគាំទ្រគណបក្សប្រជាជន ឲ្យរៀបចំធ្វើ និងទទួលទាននំបញ្ចុកទាំងអស់គ្នា នៅថ្ងៃទី៩ ខែមិថុនាខាងមុខ ដើម្បីឆ្លើយតបទៅនឹងកម្មវិធីនំបញ្ចុកសាមគ្គី ដែលរៀបចំឡើងជាលក្ខណៈអន្តរជាតិ ដោយក្រុមអ្នកគាំទ្រគណបក្សប្រឆាំង ពីក្រៅប្រទេស។

នៅក្រោយការប្រកាសនោះ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បានបង្ហោះសារ នៅលើគណនីហ្វេសប៊ុករបស់លោក បង្ហាញក្ដីសង្ឃឹមថា បើលោក ហ៊ុន សែន និងលោក សម រង្ស៊ី អង្គុយទទួលទាននំបញ្ចុកនេះរួមគ្នា វានឹងក្លាយជាទិវាផ្សះផ្សារបង្រួបបង្រួមជាតិ។

លោក ឆៃអ៊ាង សរសេរថា៖

«ប្រសិនបើ លោក ហ៊ុន សែន និងលោក សម រង្សុី អង្គុយទទួលទាននំបញ្ចុកជាមួយគ្នា នោះទិវានំបញ្ចុក នឹងក្លាយជា ទិវាផ្សះផ្សា និងបង្រួបបង្រួមជាតិ ។ អ្នកនយោបាយ គ្មានសត្រូវ ឬមិត្ត នឹងគ្នា មួយជីវិតឡើយ!»៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។