កម្ពុជា

ហ៊ុន សែន ព្រមាន​ប្រទេស​មហាអំណាច «កុំធ្វើ​កំហុស​លើក​ទី៣»

កុំប្រើសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដើម្បីបំផ្លាញសន្តិភាពពេញលេញ ដែលកើតចេញពីនយោបាយ ឈ្នះ-ឈ្នះ។ នេះ ជាសាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១៨នេះ ព្រមានទៅបណ្ដាប្រទេសមហាអំណាច កុំឲ្យប្រព្រឹត្តិទង្វើ ដែលបុរសខ្លាំងកម្ពុជា ហៅថា ជា«កំហុសលើក​ទី៣»។

នៅក្នុងពិធីសម្ពោធវិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» និងអបអរសាទរ​ខួប​២០ឆ្នាំ នៃការបិទបញ្ចប់ភ្លើងសង្គ្រាម នៅក្នុងប្រទេសកម្ពុជា ក្រោម «នយោបាយឈ្នះ-ឈ្នះ» របស់លោកនោះ នាយករដ្ឋមន្ត្រីបីទសវត្សរ៍ជាង របស់ប្រទេសកម្ពុជា បានថ្លែងព្រមានដោយមិនចេញឈ្មោះ ទៅលើបណ្ដាប្រទេសធំៗ ដែលកាន់លទ្ធិប្រជាធិបតេយ្យ ក្នុងលោក កុំឲ្យប្រើប្រាស់ឥទ្ធិពលរបស់ពួកគេ ចូលក្នុងកិច្ចការផ្ទៃក្នុងកម្ពុជា តាមអ្វីដែលលោកហៅថា អាចនាំកម្ពុជា ឲ្យត្រឡប់ទៅរកភ្លើងសង្គ្រាមជាថ្មី។

លោកថា ក្រុមប្រទេសទាំងនោះ បានប្រព្រឹត្តិកំហុស លើកទីមួយ គឺគាំទ្ររដ្ឋប្រហារ ថ្ងៃទី៣០ មិនា ឆ្នាំ១៩៧០  បង្កឡើងដោយរបប លន់ ណុល និងកំហុស​លើក​ទីពីរ គឺគាំទ្ររបបខ្មែរក្រហម ឲ្យបន្តមានអសនៈ នៅអង្គការសហប្រជាជាតិ អស់រយៈពេលជាង១០ឆ្នាំ។ លោក ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ដូច្នេះ ពួកគេទាំងនោះ មិនត្រូវប្រព្រឹត្តិកំហុស ជាលើកទីបីនោះឡើយ។

ការព្រមានរបស់លោក ហ៊ុន សែន ទំនងជាសំដៅទៅសហរដ្ឋអាមេរិក និងសហភាព​អ៊ឺរ៉ុប ដែលបានដាក់ទណ្ឌកម្ម ប្រឆាំងរបបដឹកនាំ​របស់លោក ក្នុងជំហានដំបូងរួចហើយ និងកំពុងឈាន ទៅដាក់ទណ្ឌកម្ម យ៉ាងធ្ងន់ធ្ងរបន្ថែមទៀត ប្រសិនណាជារបបដឹកនាំមួយនេះ មិនបំពេញតាមលក្ខខណ្ឌ ដែលក្រុមប្រទេសលោកខាងលិចហៅថា ជាការធ្វើឲ្យរស់ឡើងវិញ នូវ «លទ្ធិប្រជាធិបតេយ្យរស់រវើក» នៅកម្ពុជាទេនោះ៕ 

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។