កម្ពុជា

សម រង្ស៊ី៖ «វិមាន​ឈ្នះឈ្នះ គួរ​មាន​ឈ្មោះ​វិមាន​ហ៊ុនសែន​ក្បត់ជាតិ»

នៅតែប៉ុន្មានម៉ោង មុនការសម្ពោធ ដាក់ឲ្យប្រើប្រាស់ នូវវិមាន«ឈ្នះឈ្នះ» ក្នុងព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨នេះ ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានបញ្ចេញប្រតិកម្មរបស់លោក គួរហៅស្ដូបចងចាំ ដ៏ធំសម្បើម ថាជាវិមាន «ហ៊ុនសែនក្បត់ជាតិ» ឬ «ហ៊ុនសែនបំផ្លាញជាតិ» វិញ។

លោក សម រង្ស៊ី ដែលកំពុងមានវត្តមាន នៅសហរដ្ឋអាមេរិក បានពន្យល់តាមរយៈបទសម្ភាសន៍មួយ ជាមួយវិទ្យុអាស៊ីសេរី ក្នុងយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨នេះថា៖

«ឥឡូវយើងមើលស្នាដៃ ហ៊ុន សែន។ គឺ ហ៊ុន សែន បានកាត់ទឹកដីប្រទេសកម្ពុជា មានកោះត្រល់ជាដើម កាត់ទៅឲ្យប្រទេសវៀតណាម អាហ្នឹងគេថាក្បត់ជាតិហើយ។ ហើយគាត់បានបម្រើ ផលប្រយោជន៍បរទេស​ច្រើនណាស់ ឥឡូវរហូតមកដល់ ឲ្យជនជាតិបរទេស ជនជាតិចិន ចូលមករស់នៅ ពេញទឹកពេញដី នៅស្រុកខ្មែរ ធ្វើឲ្យប្រជារាស្ត្រខ្មែរ រងគ្រោះបាត់ដីធ្លី បាត់ផ្ទះសម្បែង អស់ព្រៃឈើ អស់ទ្រព្យសម្បត្តិជាតិជាច្រើន អាហ្នឹងគេហៅថា ក្បត់ជាតិ បំផ្លាញជាតិ បំផ្លាញព្រៃឈើ បំផ្លាញទ្រព្យសម្បត្តិធម្មជាតិ បំផ្លាញទ្រព្យសម្បត្តិរដ្ឋ គឺគាត់យកទៅលក់ខ្ទេចខ្ទី ឲ្យកូនចៅគាត់ នៅគ្រប់គ្រងសេដ្ឋកិច្ច ដូចប្រទេសកម្ពុជា ជាកម្មសិទ្ធិរបស់គាត់។»

«អញ្ចឹងដូរឈ្មោះទៅ វិមានហ្នឹង ហៅថាវិមាន ហ៊ុនសែនក្បត់ជាតិ ហ៊ុនសែនបំផ្លាញជាតិ»៕ 

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។