លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយារបស់លោក គឺអ្នកស្រី ប៊ុន រ៉ានី។ (រូបថត EPA)
ពីខេត្តកណ្ដាល ក្នុងព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅចំពោះ កម្មករ-កម្មការិនីច្រើនពាន់នាក់ ពីក្បួនរួមរ័ក្សមួយ ដែលលោកហៅថា ជាពាក្យចាស់ ដែលមានឈ្មោះ «ក្បួនចាក់ទឹកក្រៅពាង»។
បុរសខ្លាំងកម្ពុជា បានរៀបរាប់ថា ដោយសារនយោបាយរបស់លោក ក្នុងការគាំពាមាតា ពេលមានផ្ទៃពោះនោះ កម្មការិនីដែលរៀបអាពាហ៍ពិពាហ៍រួចហើយ នឹងមិនទំនេរពោះយូរទេ ដោយលោកចង់មានន័យថា នឹងប្រាកដជាឆាប់មានផ្ទៃពោះ។
លោកបានមានប្រសាសន៍ថា៖
«ធម្មតាទេអាហ្នឹង ក៏មានអ្នកខ្លះ គេក៏ត្រូវការទំនេរ អ្នកខ្លះគេក៏មិនត្រូវការទំនេរដែរ។ ក៏ប៉ុន្តែសម្រាប់ពូវិញ ពូអត់មានមធ្យោបាយទេ កាលពីដើមនោះ។ ឥឡូវនេះ គេមានមធ្យោបាយ តែពូនៅតែអត់យល់ ហេតុអ្វី បានពូកូនមួយឆ្នាំមួយៗ?»
នាយករដ្ឋមន្ត្រីកម្ពុជា បានឆ្លើយដោយខ្លួនលោកថា៖
«ព្រោះអត់ចេះក្បួន។ ចេះក្បួនពន្យាកំណើត។ ឥឡូវនេះ គេចេះក្បួនអស់ហើយ ក្បួនស្អីក្បួនស្អីនោះ។»
បើទោះជាលោក ហ៊ុន សែន បានការពារ ពាក្យសំដីលោក ថានិយាយមិនបានទេ ដោយវាជាពាក្យ«អាសអាភាស»នោះក៏ដោយ ក៏បុរសខ្លាំងកម្ពុជា នៅបន្តសំដីលោកទៀតថា៖
«ចាស់ៗគេថា ក្បួនចាក់ទឹកក្រៅពាង! (…) សូមទោស ប្រឹងរែកចង់ងាប់ ៗ ហើយយកមកចាក់ក្រៅពាងអាម៉េច បើមិនចាក់បញ្ចូលពាង? សូមទោសណាក្មួយ។»៕