បាល់ទាត់

កីឡាករមួយរូបទៀត​របស់ក្រុម ប៉ារីស រងការគាស់ផ្ទះជាថ្មី

អាចថា ចុងឆ្នាំនេះ កីឡាកររបស់ក្រុម ប៉ារីស (Paris Saint-Germain) មានសំណាងមិនល្អ… ឬបើមិនអញ្ចឹងទេ គឺស្រុកបារាំង ជាស្រុកដែលសម្បូរ ដោយចោរគាស់ផ្ទះ!!! ពីរថ្ងៃបន្ទាប់ពីគ្រោះ របស់ខ្សែការពារ កីឡាករ ទីចាហ្គោ ស៊ីលវ៉ា (Thiago Silva) នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ ម្សិលម្ងៃ កីឡាករខ្សែប្រយុទ្ធ អេរិច ឈូប៉ូ-ម៉ូធីង (Eric Choupo-Moting) បានរងវាសនាអាក្រក់ ដូចគ្នានេះជាថ្មី។ ហើយវាជាលើកទីពីរហើយ សម្រាប់កីឡាករខ្សែប្រយុទ្ធជាតិកាមឺរូន នៅក្នុងរយៈពេល ត្រឹមតែមួយខែប៉ុណ្ណោះ។ 

សារព័ត៌មានបារាំង «Le Parisien» បានរាយការណ៍ថា ហេតុការណ៍គាស់ផ្ទះកីឡាករ ដែលស្ថិតក្នុងសង្កាត់ទី១៧ នៃរដ្ឋធានីប៉ារីស បានកើតឡើង ក្នុងយប់ថ្ងៃចន្ទទី២៤ ខែធ្នូ ឆ្នាំ២០១៨ ដែលជាយប់ថ្ងៃបុណ្យណូអែល ហើយបណ្ដាជនទូទៅ កំពុងធ្វើពិធីលៀងអាហារ ណូអែល ជាមួយញាតិមិត្ត ឬមិត្តភ័ក្រ។ សារព័ត៌មានមិនបានលំអិតបន្ថែម ពីករណីនេះទេ ដោយគ្រាន់តែបញ្ជាក់ថា ក្រុមចោរបានគេសខ្លួនបាត់ស្រមោល។

កាលពីយប់ថ្ងៃទី២៨ ចូលមកថ្ងៃទី២៩ ខែវិច្ឆិកា​ ឆ្នាំ២០១៨កន្លងទៅ គេហដ្ឋានរបស់កីឡាកររូបនេះ ត្រូវបានក្រុមចោរ ចូលទៅ«ទស្សនាកំសាន្ដ»ម្ដងហើយ។ ទ្រព្យសម្បត្តិដែលបាត់បង់ មានទំហំប្រមាណ ជា៦០០ ០០០អ៊ឺរ៉ូ ក្នុងនោះ ៤០០ ០០០អ៊ឺរ៉ូ ជាគ្រឿងអលង្កា។ ពេលនោះ កីឡាករនិងមិត្តរួមក្រុម កំពុងប្រកួតយកជ័យជំនះ ទល់នឹងក្រុម លីវើភូល (Liverpool) ក្នុងក្របខណ្ឌ ដណ្ដើមជើងឯកអ៊ឺរ៉ុប «Champions League»។

កាលពីពីរថ្ងៃមុន គឺក្នុងយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ ក្នុងខណៈពេលដែលក្រុមប៉ារីស កំពុងប្រកួតយកជ័យជំនះ លើក្រុម ណង់ ក្នុងក្របខណ្ឌ បូកពិន្ទុដណ្ដើមជើងឯក «Ligue 1» ក្នុងប្រទេសបារាំង គេហដ្ឋានរបស់កីឡាករ ទីចាហ្គោ ស៊ីវ៉ា ត្រូវបានចោរគាស់ចូល និងលួចទ្រព្យអស់ប្រមាណ ជា១លានអ៊ឺរ៉ូ ក្នុងនោះ នាឡិកាមួយគ្រឿង មានតម្លៃប្រមាណជា ៦០០ ០០០អ៊ឺរ៉ូ៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។