កម្ពុជា

ហ៊ុន សែន ថារូបលោកនៅខ្លាំងពូកែ ដូច​យុវជន​អាយុ​២៥ឆ្នាំ

នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាង របស់ប្រទេសកម្ពុជា បានលើកឡើងក្នុងន័យធៀបថា លោកនៅខ្លាំងពូកែ ដូច​យុវជន​អាយុ​២៥ឆ្នាំ ដោយនៅលេងកីឡា វាយកូនគោលបាន។ ប៉ុន្តែទន្ទឹមនឹងការប្រៀបធៀបនេះ បុរសខ្លាំងវ័យ៦៦ឆ្នាំរូបនេះ បានរំលឹកខ្លួនលោក ទាំងមិនដាច់ស្នូរថា លោកត្រូវធ្វើកីឡាឲ្យបានច្រើន ដើម្បីកុំឲ្យលោកឡើងទម្ងន់ និងដើម្បីរក្សាសុខភាព។

ជាមួយរូបថតប៉ុន្មានសន្លឹក ដែលបង្ហាញពីសកម្មភាព លេងកីឡាវាយកូនគោល ដែលបង្ហោះនៅលើបណ្ដាញសង្គម លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរដោយខ្លួនលោកថា៖

«គេថាខ្ញុំចាស់ ពាក្យច្រើនណាស់ ចេញខាងពីស្រីៗ។ មិនទាន់ចាស់ទេ នៅវាយកូនគោល ដូច​យុវជន​អាយុ​២៥ឆ្នាំ អីចឹង។»

លោក ហ៊ុន សែន បន្តថា៖

«កីឡាបានជួយច្រើនណាស់ ដល់ការរក្សាសុខភាព។ ការងាររបស់ខ្ញុំក្នុងសប្តាហ៏នេះ គឺថ្ងៃចន្ទ័ធ្វើដំណើរ ទៅទីក្រុងបាងកកប្រទេសថៃ ដើម្បីថ្លែងសុន្ទរកថា ក្នុងសន្និបាត “UN.ESCAP”។ ថ្ងៃអង្គារដល់ថ្ងៃសុក្រ ធ្វើការយ៉ាងច្រើន នៅទីក្រុងតូក្យូប្រទេសជប៉ុន ដែលការងារនោះភាគច្រើន អង្គុយនិងផឹកទឹក ដែលធ្វើឱ្យឡើងទម្ងន់។»

«ថ្ងៃសៅរ៏នេះ ប្រឹងដើរឲ្យបានច្រើន ដើម្បីឲ្យបែកញើស បន្ថយទម្ងន់មកវិញ ទោះមិនបានទាំងអស់ ក៏បានមួយផ្នែកដែរ។»

កាលពីចុងខែធ្នូ ឆ្នាំកន្លងទៅ លោក ហ៊ុន សែន បានបង្ហើបជាសាធារណៈ ជុំវិញជំងឺរបស់លោកមួយ ដែលគ្រូពេទ្យបានហាមលោក មិនឲ្យឈរឬអង្គុយយូរ។ លោកនាយករដ្ឋមន្ត្រី បានអះអាងក្នុងពេលនោះថា គ្រូពេទ្យរបស់លោក បានបញ្ជាមិនឲ្យលោក លេងកីឡាវាយកូនគោល ក្នុងរយៈពេលមួយខែ នៃការព្យាបាលជំងឺនោះ។

បន្ទាប់ពីនោះ គឺនៅអំឡុងចុងខែមករា ចាប់ពីថ្ងៃទី២៥ (ខែមករា) លោកនាយករដ្ឋមន្ត្រីមិនបានបង្ហាញខ្លួន ជាសាធារណៈ អស់ប្រមាណជា២០ថ្ងៃ។ ក្នុងពេលនោះ លោកមិនបានជួបភ្ញៀវជាតិ-អន្តរជាតិ ឬជួបសំណេះ​សំណាល​ ជាមួយមន្ត្រីរាជការ សិស្សនិស្សិត កម្មករកសិករនោះ ដែលខុសពីទម្លាប់រាល់ដង របស់លោក ហ៊ុន សែន។

ក្រុមមន្ត្រីគណបក្សប្រឆាំង បានអះអាងពីការទទួលដំណឹងផ្ទៃក្នុង បញ្ជាក់ថា លោក ហ៊ុន សែន មានជំងឺជាទម្ងន់ និងងើបមិនរួចពីគ្រែផងទេ។ តែដំណឹងនេះ ត្រូវបានលោកនាយករដ្ឋមន្ត្រី ឆ្លើយតបវិញយ៉ាងចាស់ដៃ ដោយចាត់ទុកការនិយាយ ពីសុខភាពលោក ថាជាការប្រមាថដល់អាយុជីវិត៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។

Tags: Hun Sen