កម្ពុជា

ហ៊ុន សែន ឲ្យចាក់​វ៉ាក់សាំងចិន​ជូន… ​រូបលោក និង​បក្ខពួកលោក​​មុខគេ!

លោក ហ៊ុន សែន បាន​ប្រកាសទទួលយក​វ៉ាក់សាំងចិន​ជាបន្ទាន់ ដើម្បីចាក់ឲ្យ… លោក ហ៊ុន សែន ខ្លួនលោក និង​បក្ខពួកលោក​​មុខគេ ! នេះ ជាការអះអាង​របស់បុរសខ្លាំង​នៅកម្ពុជា នៅក្នុងសេចក្ដីប្រកាសមួយ ផ្ទុយពីសំដីកន្លងមក​របស់លោក ដែលថា​នឹងទទួលយក​វ៉ាក់សាំងណា ដែលទទួលស្គាល់ ដោយអង្គការសុខភាពពិភពលោក (WHO /OMS) ប៉ុណ្ណោះ។

តែខុសពីបណ្ដាប្រទេសប្រជាធិបតេយ្យនានា ដែលមានទំហំនៃការឆ្លង បានរីករាលដាលយ៉ាងខ្លាំងក្លា និងដែលបើកអាទិភាពនៃចាក់ថ្នាំវ៉ាក់សាំងបង្ការជំងឺកូវីដ (Covid-19) សម្រាប់ពលរដ្ឋណា ដែលងាយរកគ្រោះជាងគេនោះ មេដឹកនាំរបបក្រុងភ្នំពេញឯនេះ បានប្រកាសដោយផ្ទាល់មាត់ថា ថ្នាំវ៉ាក់សាំងដែលរដ្ឋាភិបាលលោក ទទួលជាអំណោយពីប្រទេសចិន នឹងត្រូវចាក់រូបលោក និងមនុស្សដែលនៅជុំវិញលោកមុនគេ។

ក្នុងសារជាសម្លេងមួយ ដែលបង្ហោះនៅលើបណ្ដាញសង្គម ក្នុងយប់ថ្ងៃសុក្រ ទី១៥ ខែមករា ឆ្នាំ២០២១ លោក ហ៊ុន សែន បានលើកឡើង​ថា៖

«ខ្ញុំព្រះករុណាខ្ញុំ​សូមទូលប្រគេនថា អ្នកដែលទទួលវ៉ាក់សាំងមុនគេ ប្រហែលជាអ្នកដែលនៅជុំវិញ ខ្លួនព្រះករុណាខ្ញុំ​តែម្ដង ដែលនេះ​ជាភាព​ចាំបាច់ នៃការការពារថ្នាក់ដឹកនាំរបស់ប្រទេស ហើយក៏អាចអ្នក​នៅជុំវិញ​ព្រះមហាក្សត្រ អ្នកនៅជុំវិញ​ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា ក៏ត្រូវបាន​ទទួលនូវវ៉ាក់សាំង នោះផងដែរ។»

គិតត្រឹមព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១នេះ ប្រទេសកម្ពុជាបានប្រកាសថា ខ្លួនរកឃើញអ្នកជំងឺកូវីដ១៩ សរុប​ចំនួន​៤៣៦នាក់ បន្ទាប់ពី​បានរកឃើញ ក្នុងថ្ងៃនេះ​ដដែល នូវអ្នកឆ្លងថ្មីចំនួន ១០នាក់ ដែលសុទ្ធសឹងជាអ្នកដំណើរ មកពីប្រទេសថៃ។

ក្នុងពេលកន្លងមក លោក ហ៊ុន សែន និងបណ្ដាមន្ត្រី​អ្នកហែហម​លោក តែងចេញមុខ​មកអះអាង​ថា ពួកលោកមានសុខភាពល្អប្រសើរ មិនមានឆ្លងជំងឺកូវីដអ្វីទេ បើទោះជា​ពួកលោកខ្លះ បានប៉ះពាល់ដោយផ្ទាល់ ជាមួយអ្នកផ្ទុកមេរោគនេះក្ដី។

នៅក្នុងបណ្ដាប្រទេសប្រជាធិបតេយ្យ ដូចយ៉ាងបារាំង អង់គ្លេស ឬអាល្លឺម៉ង់ជាដើម គេបានកំណត់អាទិភាព នៃការទទួលបានថ្នាំវ៉ាក់សាំង ជាដំបូងបង្អស់ គឺសម្រាប់ក្រុមគ្រូពេទ្យ ដែលនៅ​ជាប់ជាប្រចាំ ជាមួយនឹងមេរោគដ៏ចង្រៃ (ថែរក្សា-ព្យាបាលអ្នកជំងឺ) និងបន្ទាប់មក គឺ​សម្រាប់​ពលរដ្ឋ ដែលមានវ័យចាស់ជរាជាងគេ មុននឹងត្រូវគិត ទៅដល់អាទិភាពផ្សេងទៀត៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។