នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានថ្លែងអបអរសាទរ និងជូនពរថ្ងៃចូល នៃខែបួសរបស់សាសនិកឥស្លាម ដែលហៅតាមពាក្យអារ៉ាប់«រ៉ាម៉ាឌន (Ramadan)»។ លោកបាននិយាយពាក្យពេជន៍មួយចំនួនទៀត ដើម្បីអ្វីមួយ ដែលលោកហៅថា «សូមអធ្យាស្រ័យសុំការយោគយល់»ពី«បងប្អូនសាសនិកខ្មែរឥស្លាម» តែបុរសខ្លាំងរូបនេះ ទំនងភ្លេចថា រូបលោកបានហាមចូលមកកាន់មាតុភូមិវិញ នូវពលរដ្ឋខ្មែរយ៉ាងហោច១៥០នាក់ ក្នុងនោះមួយភាគធំជាសាសនិកខ្មែរឥស្លាម ពីប្រទេសម៉ាឡេស៊ី។
ភាសាអបអរសាទរ របស់មេដឹកនាំកម្ពុជា បានធ្វើឡើងនៅល្ងាចថ្ងៃព្រហស្បត្តិ ទី២៣ ខែមេសា ពោលគឺនៅមុនមួយថ្ងៃ នៃថ្ងៃចូលខែបួស ដែលត្រូវនឹងថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២០។ លោកបានសរសេរ នៅលើទំព័រហ្វេសប៊ុក របស់លោកថា៖
«សូមអបអរសាទរនិងសូមជូននូវពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនសាសនិកខ្មែរឥស្លាមកម្ពុជា ក្នុងនិងក្រៅប្រទេស រួមទាំងបងប្អូនសាសនិកឥស្លាម នៅទូទាំងពិភពលោកផងដែរ ដែលបានចូលបួសខែរ៉ាម៉ាឌន ដែលនៅកម្ពុជា នឹងចាប់ផ្ដើមនៅថ្ងៃសុក្រទី១ ខែរ៉ម៉ាឌន ឆ្នាំ១៤៤១មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃទី៣កើត ខែពិសាខ ឆ្នាំជូតទោស័ក ព.ស.២៥៦៣ ដែលត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០។»
នាយករដ្ឋមន្ត្រី ដែលកាន់អំណាចជាង៣៥ឆ្នាំ បានឆ្លៀតឱកាសនេះ ដើម្បីអួតអាង ពី«សន្តិភាព» និងថ្លែងអំណរគុណ ចំពោះសាសនិកខ្មែរឥស្លាម ដែល«មានជំនឿជឿជាក់» លើការដឹកនាំរបស់លោក និងរបស់គណបក្សប្រជាជនកម្ពុជា។
បន្ទាប់មក លោកបានសរសេរថា៖
«ជាមួយគ្នានេះ ខ្ញុំក៏សូមអធ្យាស្រ័យ សុំការយោគយល់ ពីបងប្អូនសាសនិកខ្មែរឥស្លាម ដែលត្រូវលុបកម្មវិធីជួបជុំស្រាយបួស រ៉ាម៉ាឌន ថ្នាក់ជាតិលើកទី៧ ដែលបានគ្រោង[ធ្វើ នៅ]ថ្ងៃទី២៩ ខែ មេសា ២០២០ ការផ្អាកការថ្វាយបង្គំ នៅតាមវិហារ ស៊ូរ៉ាវ ការជួបជុំលក្ខណៈសាសនា និងសុំបន្កការអនុវត្ត តាមសារាចរណែនាំ ពីវិធីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ក៏ដូចជាសេចក្តីណែនាំ របស់ចាងហ្វាង នៃគណៈដឹកនាំជាន់ខ្ពស់ នៃសាសនា ឥស្លាមកម្ពុជា ទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល។»
ប៉ុន្តែការថ្លែងពាក្យ«ល្អៗ»របស់លោក ហ៊ុន សែន បានក្លាយជាមន្ទិល ចំពោះទង្វើរបស់លោក ដែលបានសម្រេចយ៉ាងតក់ក្រហល់ កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ បិទទឹកដីមាតុភូមិ មិនឲ្យពលរដ្ឋខ្មែរមិនតិចជាង១៥០នាក់ វិលត្រឡប់ពីប្រទេសម៉ាឡេស៊ីវិញ ក្រោមហេតុផល«ខ្លាចនាំជំងឺ Covid-19 ចូលកម្ពុជា»។ ពលរដ្ឋទាំងនោះ ដែលភាគច្រើនជាសាសនិកខ្មែរឥស្លាមបានស្រែកទ្រហោយំ បន្ទាប់ពីបានដឹងនូវការសម្រេចចិត្ត របស់នាយករដ្ឋមន្ត្រីកម្ពុជា។
ពលរដ្ឋខ្លះបានលើកឡើង ពីបំណងចូលបួស«រ៉ាម៉ាឌន»នេះ នៅក្នុងប្រទេសកម្ពុជា ជាមួយនឹងក្រុមគ្រួសាររបស់ពួកគេ។ សូមទស្សនាការរៀបរាប់ របស់សាសនិកខ្មែរឥស្លាមទាំងនោះ តាមរយៈវីដេអូដូចខាងក្រោម៖