វីដេអូ ពីនេះពីនោះ

យន្ដហោះ​ប៊ែលហ្សិក ដេញ​​យន្ដហោះ​​រ៉ូស្ស៊ី ដែលហោះ​ឆាឆៅ​នាវា​អាមេរិក

យន្ដហោះរ៉ូស្ស៊ីច្រើនគ្រឿង ដែលហោះឆាឆៅ​នាវា​អាមេរិក ហៅ ឆ្មាំពិឃាត «USS Donald Cook» កាលពីពាក់កណ្ដាលខែមេសា ត្រូវបានទទួលស្វាគមន៍ នៅពេលនោះភ្លាមៗ ដោយ​យន្ដហោះ​ប្រដេញ ប្រភេទ «F-16» របស់ប្រទេសប៊ែលហ្សិក ដែលហោះចេញពីមូលដ្ឋានយោធា របស់អង្គការណាតូ (Nato /Otan) ដែលស្ថិតក្នុងប្រទេសលីទុយអានី។

និយាយទៅ នាវាពិឃាតអាមេរិក ដែលកំពុងល្បាតសមុទ្របាល់ទិក តែងត្រូវបាន​យន្ដហោះ​ប្រដេញ របស់ប្រទេសរ៉ុស្ស៊ី តាមឆាឆៅ ឬតាមគម្រាម មិនសូវលោះពេលទេ។ ប៉ុន្តេលើកនេះ យន្ដហោះទាំងនេះរបស់កងទ័ពអាកាសរ៉ុស្ស៊ី ត្រូវបានទទួលស្វាគមន៍ភ្លាមៗ ដោយយន្ដហោះចម្បាំង ប្រភេទ «F-16» របស់ប្រទេសប៊ែលហ្សិក ដែលចេញធ្វើអន្តរាគមន៍ ក្នុងក្របខណ្ឌល្បាត និងកិច្ចការពារលំហំសមុទ្រ នៃបណ្ដាប្រទេសបាល់ទិក ដែលជាសមាជិករបស់អង្គការណាតូ។

រដ្ឋសមាជិកមួយចំនួន របស់អង្គការណាតូ មិនមានសមត្ថភាព​ការពារដែនអាកាស របស់ផងខ្លួនទេ។ សមាជិកទាំងនោះ មានដូចយ៉ាង ប្រទេសលុចហ្សំប៊ួរ អ៊ីស្លង់ ស្លូវេនី និងក្រុមប្រទេស ​នៅក្នុងសមុទ្របាលទិក (អេស្តូនី លីទុយអានី និងឡេតូនី)។

តែនៅក្នុងសន្ធិសញ្ញា នៃអង្គការណាតូ មានចែងពីកិច្ចការពារ សមាជិករបស់ខ្លួន ប្រឆាំងទល់នឹងការឈ្លានពាន ជាយថាហេតុណាមួយ ជាពិសេស​ដើម្បីរក្សាសន្តិភាព សម្រាប់រដ្ឋជាសមាជិកផង និងនៅក្នុងតំបន់ផង។

ដូច្នេះហើយ ទើបមានវត្តមាន របស់នាវាពិឃាត «USS Donald Cook» ដែលដើរល្បាតនៅក្នុងសមុទ្របាល់ទិក ក៏ដូចជាយន្ដហោះប្រដេញ របស់ប្រទេសប៊ែលហ្សិកជាដើម ដែលត្រូវបានបញ្ចូន ទៅដាក់ពង្រាយ នៅក្នុងប្រទេសទាំងនោះ ដើម្បីងាយស្រួល ក្នុងការធ្វើអន្តរាគមន៍៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។