កម្ពុជា

ហ៊ុន សែន ​ឲ្យប្រើ​វ៉ាក់សាំង«​ចិន» ទោះគ្មាន​ការទទួលស្គាល់​ពី«WHO»

ទោះជាគ្មានការទទួលស្គាល់ ពីអង្គការសុខភាពពិភពលោក (WHO /OMS) ក៏ដោយ តែលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសឲ្យប្រើវ៉ាក់សាំង បង្ការជំងឺកូវីដ១៩ (Covid-19) ដែលស្រាវជ្រាវ និងផលិតក្នុងប្រទេស«ចិន»។

ក្នុងសារជាសម្លេងមួយ ដែលបង្ហោះនៅលើបណ្ដាញសង្គម ក្នុងយប់ថ្ងៃសុក្រ ទី១៥ ខែមករា ឆ្នាំ២០២១នេះ បុរសខ្លាំងនៅកម្ពុជា បានឱ្យដឹងថា វ៉ាក់សាំងបង្ការជំងឺដ៏ចង្រៃ ដែលមានចំនួន ១លានដូស ត្រូវបានរដ្ឋាភិបាលចិន ផ្តល់ដល់កម្ពុជា ដើម្បីចាក់ជូនមនុស្ស ប្រមាណជា៥០ម៉ឺននាក់។

ការប្រកាសរបស់លោក ហ៊ុន សែន ក្នុងយប់នេះ គឺផ្ទុយនឹងការអះអាងលើកមុន ដែលនាយករដ្ឋមន្ត្រីចាស់វស្សារូបនេះ និយាយថា នឹងទទួលយកមកប្រើប្រាស់ តែវ៉ាក់សាំងណា ដែលទទួលស្គាល់ដោយ​អង្គការសុខភាពពិភពលោក​ប៉ុណ្ណោះ។

តែមេដឹកនាំរូបនេះ បានការពារការប្ដូរជំហររបស់ខ្លួន ដោយអះអាងថា ព្រោះកម្ពុជា កំពុងទទួលរងការរាតត្បាតខ្លាំង ដែលមិនអាចឲ្យ​លោករង់ចាំ​បានតទៅទៀត។ លោក ហ៊ុន សែន អះអាងទៀតថា ក្រៅពីប្រទេសចិនខ្លួនឯង នៅមានប្រទេស​ជាច្រើនផ្សេងទៀត ក៏បាន​បញ្ជាទិញ យកទៅប្រើប្រាស់ដែរ។

គិតត្រឹមព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ កម្ពុជាប្រកាសថា ខ្លួនរកឃើញអ្នកជំងឺកូវីដ១៩ សរុបចំនួន៤២៦នាក់ បន្ទាប់ពីបានរកឃើញ ក្នុងថ្ងៃនេះ​ដដែល នូវអ្នកឆ្លងថ្មីចំនួន ១៥នាក់ ដែលសុទ្ធសឹងជាអ្នកដំណើរ មកពីប្រទេសថៃ។

អ្នកជំនាញអន្តរជាតិជាច្រើន បានអះអាងថា វ៉ាក់សាំងចិន​អាចនឹង​មិនទទួលបាន ការទទួលស្គាល់ ដោយអង្គការ​សុខភាពពិភពលោក ក្រោម​ហេតុផល​ច្រើនយ៉ាង ក្នុងនោះដូចជាហេតុផល (១) ប្រទេសចិន​មិនធ្លាប់មានឈ្មោះ ជាប្រទេសដែល​ស្រាវជ្រាវ-ផលិត​វ៉ាក់សាំងទេ ហើយ (២) មេរោគកូវីដ-១៩ ដែលអ្នកស្រាវជ្រាវចិន​​​យកទៅសិក្សាស្រាវជ្រាវ មានលក្ខណៈជាមេរោគ«អសកម្ម» ដែលអាចធ្វើឱ្យប្រសិទ្ធិភាព របស់ថ្នាំវ៉ាក់សាំង មិនមានកម្រិត​ដែលអាចទទួល​យកបាន។

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នឹងចេញផ្សាយរបាយការណ៍ អំពីប្រសិទ្ធិភាពរបស់វ៉ាក់សាំងចិន នៅក្នុងអត្ថបទលើកក្រោយរបស់ខ្លួន។

យ៉ាងណា លោក ហ៊ុន សែន មិនបានបញ្ជាក់ទេថា តើការសម្រេចរបស់លោក ទទួលបានការយល់ព្រម ពីអ្នកជំនាញផ្នែកជំងឺរាតត្បាត ហើយថា តើថ្នាំវ៉ាក់សាំងរបស់«ចិន» ត្រូវបានអ្នកជំនាញត្រួតពិនិត្យ និងអនុញ្ញាតឲ្យប្រើប្រាស់ សម្រាប់ពលរដ្ឋកម្ពុជាទូទៅ ឬយ៉ាងណា។ ផ្ទុយទៅវិញ បុរសខ្លាំងដែលអង្គុយក្នុងអំណាច ជិត៤ទសវត្សរ៍មកនេះ បានអះអាងថា វាជាការសម្រេចផ្នែក«នយោបាយ»៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។