បារាំង

Covid-19៖ បារាំងរឹតបន្តឹងបម្រាមគោចរ ចាប់ពីម៉ោង១៨ ទូទាំងប្រទេស

រដ្ឋាភិបាលបារាំង បានសម្រេចរឹតបន្តឹងបម្រាមបន្ថែម នៅចំពោះជំងឺរាតត្បាត កូវីដ១៩ (Covid-19) ដោយដាក់បម្រាមគោចរ ចាប់ពីម៉ោង១៨ នៅគ្រប់ស្រុកភូមិទាំងអស់ នៃប្រទេសបារាំងដីគោក។

នាយករដ្ឋមន្ត្រីបារាំង លោក ហ្សង់ កាស្ដិក (Jean Castex) បានប្រកាសឲ្យដឹង ពីវិធានការថ្មីនេះ ដោយបញ្ជាក់ថា បម្រាមគោចរ នឹងត្រូវអនុវត្តន៍ ចាប់ពីថ្ងៃសៅរ៍ ទី១៦ ខែមករា ឆ្នាំ២០២១ នឹងមានរយៈពេល យ៉ាងហោច១៥ថ្ងៃ។ លោក កាស្តិក បានបញ្ជាក់ឲ្យដឹងដែរ អំពីវិធានការរឹតបន្តឹង នៅតាមព្រំដែន ដើម្បីបញ្ចៀសលំហូរចូល នៃមេរោគប្រភេទថ្មី នៃជំងឺកូវីដ១៩។

ថ្លែង​តាមកញ្ចក់ទូរទស្សន៍ និងនៅលើបណ្ដាញសង្គម លោក ហ្សង់ កាស្តិក បានឲ្យដឹងថា៖

«លើកលែងតែបេសកកម្ម ដែលបម្រើប្រយោជន៍​សាធារណៈ គ្រប់ទីកន្លែងទាំងអស់ រាប់ទាំងហាងលក់ទំនិញ ឬទីកន្លែងដែល​ទទួល​អតិថិជន នឹងត្រូវបិទទ្វា ចាប់ពី​ម៉ោង១៨ ជាកំហិត។»

មុនសេចក្ដីប្រកាសនេះ មានតែស្រុកចំនួន២៥ (ពីក្នុងចំណោម១០១ស្រុក) ប៉ុណ្ណោះ ដែលត្រូវបានដាក់ ឲ្យស្ថិតក្រោមបម្រាមគោចរ ចាប់ពីម៉ោង១៨ ។ លោក កាស្តិក បានពន្យល់ថា៖

«បើតាមទិន្នន័យ ដែលទទួលបាន បង្ហាញថាមកដល់ថ្ងៃនេះ វិធានការដាក់បម្រាមគោចរ មានប្រសិទ្ធិភាព គួរឲ្យកត់សម្គាល់៖ គឺស្រុកចំនួន១៥ ដែលស្ថិតក្រោមបម្រាមគោចរ ចាប់ពីម៉ោង១៨ តាំងពីថ្ងៃទី២ ខែមករាមកនោះ ការកើនឡើងនៃការឆ្លងករណីថ្មី បានធ្លាក់ទាប រហូតដល់២ទៅ៣ដង ជាងស្រុកផ្សេង ដែលមិនស្ថិតក្រោមបម្រាមគោចរ។»

យ៉ាងណា លោកនាយករដ្ឋមន្ត្រី បានអះអាងថា ស្ថានភាពរាតត្បាត នៃជំងឺដ៏ចង្រៃ នៅក្នុងប្រទេសបារាំង ស្ថិតក្រោមការគ្រប់គ្រងបាន បើធៀបនឹងប្រទេសជិតខាង តែស្ថានភាពនេះ នៅតែមានភាពផុយស្រួយនៅឡើយ។ លោកបញ្ជាក់ទៀតថា លោកចង់ឲ្យគ្រឹះស្ថានសិក្សានានា នៅតែបន្តបើកទ្វា ទទួលសិស្សានុសិស្ស ដើម្បីឲ្យពួកគេទទួលបានការសិក្សា ដោយគ្មានការខកខាន។

រីឯមេរោគប្រភេទថ្មី ដែលមានប្រភពពីចក្រភពអង់គ្លេស និងប្រទេស​អាហ្វ្រិកខាងត្បូង មានវត្តមាននៅលើទឹកដីបារាំង រវាងត្រឹមតែ ១ទៅ១.៥% ប៉ុណ្ណោះ។ លោក កាស្ដិក បានលើកឡើង ពីវិធានការទប់ស្កាត់មេរោគថ្មីនេះ នៅតាមព្រំដែនដូច្នេះថា៖

«យើងចាំបាច់ ត្រូវរឹតបន្តឹងលក្ខខណ្ឌធ្វើដំណើរ ចូលប្រទេសបារាំង។ គ្រប់អ្នកដំណើរទាំងអស់ មកពីប្រទេស​នៅក្រៅសហភាពអ៊ឺរ៉ុប ចាំបាច់ត្រូវធ្វើតេស្ដិ៍ និងមានលទ្ធផលអវិជ្ជមាន មុននឹងអនុញ្ញាតឲ្យចូលក្នុងយន្ដហោះ ឬនាវា (ដែលធ្វើដំណើរ ទៅកាន់ប្រទេស​បារាំង)។»

លោកបន្ថែមថា នៅពេលមកដល់លើទឹកដីបារាំង អ្នកដំណើរទាំងនោះ ចាំបាច់ត្រូវធ្វើចត្តាឡីស័ក រយៈពេល៧ថ្ងៃ មុននឹងធ្វើតេស្ដិ៍ជាថ្មី នៅពេលបញ្ចប់​ការធ្វើចត្តាឡីស័ក៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។