នៅចំពោះការរាតត្បាត នៃជំងឺ«Covid-19» នាយករដ្ឋមន្ត្រី នៃរដ្ឋាភិបាលឯកបក្ស នៅប្រទេសកម្ពុជា បានអះអាងជាថ្មីថា លោកបានត្រៀមបម្រុង សម្ភារៈនិងបរិក្ខារពេទ្យ ក្នុងស្ដុករួចស្រេចហើយ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ ដ៏ឧត្បាតមួយនេះ។
សម្រាប់អ្នកឃ្លាំមើល បានលើកឡើងថា ការលើកឡើងរបស់លោក ហ៊ុន សែន ធ្វើឡើង តាំងពីច្រើនសប្ដាហ៍មុន តែរហូតមកដល់ថ្ងៃនេះ វានៅតែជា«ការត្រៀមបម្រុង» របស់លោក ហ៊ុន សែន ជាដដែល ខណៈគេនៅមិនទាន់ឃើញ សម្ភារៈ និងគ្រឿងបរិក្ខារពេទ្យទាំងនោះ មាននៅក្នុងស្ដុកនៅឡើយទេ។ ផ្ទុយទៅវិញ គេឃើញរដ្ឋាភិបាលលោក ហ៊ុន សែន រួមនឹងប្រព័ន្ធឃោសនា របស់លោកផង ខិតខំបញ្ចេញសារឃោសនា សព្វគ្រប់បែបយ៉ាង និងយ៉ាងសន្ធឹកសន្ធាប់ ដើម្បីយកចិត្តប្រទេសចិនកុម្មុយនីស្ដិ៍។
«ការត្រៀមបម្រុង»ជាបន្ត ដែលជា«ផែនការយុទ្ធសាស្ត្រថ្មីបន្ថែម» របស់លោក ហ៊ុន សែន ត្រូវបានប្រកាសចេញ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០ម្សិលម៉ិញ និងត្រូវបានយកមកផ្សាយឡើងវិញ ក្នុងរសៀលថ្ងៃទី៥ ខែមេសានេះជាថ្មី នៅលើបណ្ដាញសង្គម។ ទំព័រហ្វេសប៊ុក របស់បុរសខ្លាំងកម្ពុជា បានសរសេរឲ្យដឹងថា៖
«សម្តេចតេជោ បានបញ្ជាអោយបន្ថែមនូវស្តុក ម៉ាសចំនួន១០ លានម៉ាស, ខោអាវគ្រូពេទ្យចំនួន៥ពាន់កំប្ល៉េ, ម៉ាសគ្រូពេទ្យ៥០ម៉ឺន, ម៉ាសប្រភេទ N-95 ចំនួន៥ពាន់, និងទឹកអាល់កុលចំនួន ១លានលីត្រ។»
ទំព័រផ្លូវការ របស់នាយករដ្ឋមន្ត្រី នៅលើបណ្ដាញសង្គម បានស្រង់សំដីបុរសខ្លាំងកម្ពុជា មកផ្សព្វផ្សាយទៀតថា៖
«នេះជាការចាំបាច់ ព្រោះយើងមិនអាច ឲ្យគ្រូពេទ្យណាម្នាក់ ឆ្លងរោគព្រោះតែខ្វះការទទួលខុសត្រូវ របស់យើងនោះទេ។ ឥឡូវនេះ ខ្ញុំសូមចេញនូវបទបញ្ជាបន្ថែម គឺយើងត្រូវមានការស្តុកបម្រុង របស់រាជរដ្ឋាភិបាល មួយកម្រិតថែមទៀត។»
ទំព័រនោះ សរសេរបន្តថា៖
«ទាំងម៉ាស, ទាំងខោអាវសម្រាប់គ្រូពេទ្យ និងទឹកអាល់កុល នៅពេលប្រើអស់ គឺត្រូវទិញឬផលិតយកមកបំពេញបន្ថែម ក្នុងស្តុកភ្លាម។ ស្តុករបស់រាជរដ្ឋាភិបាល គឺរក្សានៅក្រសួងសុខាភិបាល ប៉ុន្តែនៅពេលដកយកទៅប្រើប្រាស់ គឺត្រូវដាក់សំណើរ ទៅកាន់ប្រធានគណៈកម្មការជាតិ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីឌ-១៩ (គឺលោក ហ៊ុន សែន)។»
«ផែនការត្រៀមបម្រុង»ខាងលើនេះ ត្រូវបានលោក ហ៊ុន សែន ប្រកាសជាច្រើនដង រួចហើយ។ កាលពីថ្ងៃពុធ ទី២៥ ខែមីនា លោកនាយករដ្ឋមន្ត្រីបានធានាថា លោកនឹងមិនឲ្យគ្រូពេទ្យកម្ពុជា ដែលប្រៀបបាននឹងកងទ័ព នៅជួរមុខនៃសមរភូមិ គ្មានអាវុធនៅនឹងដៃ ដើម្បីធ្វើការប្រយុទ្ធ ទល់នឹងមេរោគ «Covid-19» នោះឡើយ។ បន្ទាប់មក កាលពីថ្ងៃចន្ទ ទី៣០ ខែមីនា លោកបានថ្លែងជាថ្មី ឲ្យធ្វើការបញ្ជាទិញម៉ាស់ ៣លាន និងខោអាវពេទ្យ ៥ពាន់កំប្លេ ពីក្រៅប្រទេស។
ក្នុងសារសម្លេង ជាលក្ខណៈឯកជនមួយ ដែលបានធ្លាក់មកដល់ ដៃអ្នកសារព័ត៌មាន កាលពីដើមខែមេសា លោក ហ៊ុន សែន បានអះអាង ម្ដងទៀតថា លោកបានបញ្ជាឲ្យមានរោងចក្រ នៅក្នុងខេត្តព្រះសីហនុ និងក្នុងខេត្តកំពង់ចាម ដើម្បីផលិតម៉ាស់ ប្រមាណជា១លាន ២សែនសម្រាប់ និងផលិតអាល់កុល ជាច្រើនលានលីត្រ សម្រាប់ការប្រើប្រាស់ របស់ក្រុមគ្រូពេទ្យ។
យ៉ាងណា ក៏ការថ្លែងទាំងនោះ បានប្ដូរពីទម្លាប់មុនៗរបស់លោក ដែលប្រកាសឲ្យទាំងពលរដ្ឋ និងគ្រូពេទ្យ ប្រើ«ក្រមា»ជំនួសឲ្យម៉ាស់ ឬឲ្យដេញអ្នកណាក៏ដោយ ដែលពាក់ម៉ាស់ ចេញពីវិមានរដ្ឋាភិបាល។
បណ្ដាក្រុមអ្នកឃ្លាំមើល បានសំដែងការសង្ស័យ ចំពោះការថ្លែងឡើង ជាច្រើនដង តែមិនសូវច្បាស់លាស់របស់លោក ហ៊ុន សែន។ អ្នកឃ្លាំមើលខ្លះ បានធ្វើការបន់ស្រន់ ដើម្បីឲ្យសំដីលោក ហ៊ុន សែន ក្លាយជាការពិត។ ទស្សនាវដ្ដី សូមដកស្រង់ការអះអាង របស់ក្រុមអ្នកឃ្លាំមើលទាំងនោះ មកជម្រាបជូនប្រិយមិត្តអ្នកអាន ដូចខាងក្រោម៖