បារាំង

វិបត្តិ Covid-19៖ បុរសម្នាក់​ដើរ​«ចាក់មនុស្ស»​នៅភាគ​ខាងត្បូង​បារាំង

បុរសម្នាក់ ត្រូវបានកងកម្លាំងនគរបាលឃាត់ខ្លួនភ្លាមៗ កាលពីមុននេះបន្តិច បន្ទាប់ពីបានធ្វើសកម្មភាព​«ចាក់មនុស្ស»​ដោយកាំបិត នៅក្រុង «Romans sur Isère» ស្ថិតក្នុងភាគខាងត្បូង នៃប្រទេសបារាំង។

ទូរទស្សន៍បារាំង «BFMTV» បានរាយការណ៍ថា​ មកដល់នាទីនេះ មនុស្សពីរនាក់បានស្លាប់ និង៧នាក់ទៀត បានរងរបួស នៅក្នុងព្រឹត្តិការណ៍នោះ។

ហេតុការណ៍បានកើតឡើង ខណៈប្រទេសបារាំង រួមនឹងពិភពលោកខាងលិច កំពុងប្រឈមខ្វល់ខ្វាយ ទល់នឹងវិបត្តិរាតត្បាត នៃជំងឺ «Covid-19» ដែលធ្វើឲ្យករណីឆ្លង និងមនុស្សស្លាប់ មានកាន់តែច្រើនឡើង។

ទូរទស្សន៍បារាំង បានអះអាងទៀតថា ព្រឹត្តិការណ៍ខាងលើ បានកើតឡើង នៅវេលាម៉ោងប្រមាណជាង ១១ព្រឹកថ្ងៃសៅរ៍ ទី៤ ខែមេសានេះ នៅតាមដងផ្លូវ និងក្នុងហាងលក់ទំនិញ (នំប៉័ង និងថ្នាំជក់) មួយចំនួន កណ្ដាលក្រុង។

ក្នុងពេលភ្លាមៗ សំណុំរឿងមួយនេះ ត្រូវបានស្នងការនគរបាល ក្រុងលីយ៉ុង (Lyon) ទទួលបន្ទុក ក្នុងការស៊ើបអង្កេត ក្រោមបញ្ជារបស់ស្ថាប័នអយ្យការ នៃក្រុង វ៉ាឡងស៍ (Valence)។ រីឯស្ថាប័នអយ្យការ នៃរដ្ឋធានីប៉ារីស ជំនាញខាងសំនុំរឿង«ភេរវកម្ម» មិនទាន់លូកដៃចូលនៅឡើយ បើទោះមានសេចក្ដីរាយការណ៍ថា ស្ថាប័នមួយនេះ កំពុងតាមដានពីហេតុការណ៍នេះ យ៉ាងដិតដល់ក៏ដោយ។

ទូរទស្សន៍ «BFMTV» បានស្រង់ប្រភពពីមន្ត្រីនគរបាល មកបញ្ជាក់ទៀតថា បុរសដៃដល់មិនមានក្រដាសស្នាម នៅជាប់ក្នុងខ្លួនទេ ដោយគ្រាន់តែឆ្លើយប្រាប់អ្នកស៊ើបអង្កេត ថាខ្លួនបានកើតក្នុងឆ្នាំ១៩៨៧ និងមានសញ្ជាតិ «ស៊ូដង់» (ប្រទេសមួយ ស្ថិតនៅភាគខាងកើត នៃទ្វីបអាហ្វ្រិក)។

មូលហេតុ ដែលនាំឲ្យជននេះធ្វើទង្វើខាងលើ មិនទាន់ឲ្យដឹងនៅឡើយ ខណៈជនដៃដល់ កំពុងស្ថិតក្រោម​ការឃុំខ្លួន៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។