កម្ពុជា

Covid-19 ៖ កម្ពុជាបន្ត​មានអ្នកជំងឺ​ស្លាប់​ម្នាក់ទៀត សរុប«៤នាក់»

បុរសវ័យ៧៥ឆ្នាំម្នាក់ទៀត បានទទួលមរណភាព ដោយសារជំងឺកូវីដ-១៩ (Covid-19) ក្នុងព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ធ្វើឲ្យ​ចំនួនអ្នកជំងឺស្លាប់ ដោយសារជំងឺរាតត្បាតនៅម្ពុជា កើនឡើងដល់«៤នាក់»។ នេះ បើតាម​សេចក្ដី​ប្រកាសព័ត៌មាន របស់ក្រសួង​សុខាភិបាល​កម្ពុជា ដែលចេញផ្សាយ នៅមុននេះបន្តិច។

បើតាមសេចក្ដីប្រកាសព័ត៌មាននោះ បានឲ្យដឹងថា បុរសវ័យចំណាស់ ដែលជាអ្នករស់នៅ ក្នុងខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ទើបនឹងត្រូវបានរកឃើញ មានជំងឺកូវីដ កាលពីយប់ម្សិលម៉ិញ (ថ្ងៃទី២១ ខែមីនា) បន្ទាប់ពីលោក​បានចូល​សម្រាកព្យាបាល នៅមន្ទីរពេទ្យរុស្ស៊ី ដោយមានអាការៈហត់ខ្លាំង និងពិបាកដកដង្ហើម។

ក្រសួងសុខាភិបាល បានបន្តថា ដោយមានអការៈរលាកសួតធ្ងន់ធ្ងរ ដែលមិនអាចជួយសង្គ្រោះបាន ទើបអ្នកជំងឺ​បានទទួលអនិច្ចកម្ម ក្នុងព្រឹក​ថ្ងៃទី​២២ ខែមីនានេះ វេលាម៉ោង៨។

បើតាមប្រភពផ្សេងទៀត បានអះអាងថា អ្នកជំងឺខាងលើ ជាលោកវេជ្ជបណ្ឌិត ស្ដើង ជា ជំនាញខាងជំងឺកុមារ តែ​លោកបាន​ចូលនិវត្តន៍​ហើយ។ រហូតមកដល់ថ្ងៃនេះ លោក ស្ដើង ជា ជាប្រធានគណកម្មការវេជ្ជសាស្រ្ត និង​វិទ្យាសាស្រ្ត​កីឡា នៃគណៈកម្មាធិការជាតិ​អូឡាំពិក​កម្ពុជា។

មកដល់ថ្ងៃនេះ បើគិតរួមទាំងជនរងគ្រោះផ្សេងទៀត ដែលបានស្លាប់ ក្នុងអំឡុងពេលធ្វើចត្តាឡីស័ក និងក្នុង​អំឡុងពេល​សម្រាកព្យាបាល នៅឯមន្ទីរពេទ្យផង ប្រទេសកម្ពុជាមានអ្នកស្លាប់ ៩នាក់ហើយ។ តែមានតែជន​រងគ្រោះ​៤នាក់ប៉ុណ្ណោះ ដែលអាជ្ញាធរសុខាភិបាល អះអាងថា ទទួលមរណភាពដោយជំងឺកូវីដ-១៩។ រីឯជន​រងគ្រោះ​​៥នាក់​ទៀត (ក្នុងនោះ​២នាក់ជាជនជាតិចិន) ត្រូវបានអាជ្ញាធរប្រកាសថា ស្លាប់ដោយសារជំងឺ«ខ្យល់គ» «គាំងបេះដូង» ឬមានអាការៈ«ញៀនថ្នាំ»ជាដើម។

តួលេខរបស់ក្រសួងសុខាភិបាល ដែលចេញផ្សាយ ក្នុងព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ដដែល បានបញ្ជាក់ថា កម្ពុជាបានរកឃើញ​អ្នកជំងឺកូវីដ-១៩ សរុប​មានចំនួន ១៧៥៣នាក់ ក្នុងនោះអ្នកជំងឺដែលបានជាសះស្បើយ មានចំនួន ៩៦៧នាក់ ខណៈអ្នកជំងឺ ដែលកំពុង​សម្រាក​ព្យាបាល នៅឯមន្ទីរពេទ្យ មានចំនួន ៧៨១នាក់៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។