សម្រាប់គណបក្សសង្គ្រោះជាតិ ដែលត្រូវបានរបបក្រុងភ្នំពេញរំលាយចោល តាំងពីខែវិច្ឆិកា ឆ្នាំ២០១៧ បានអះអាងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ អាណត្តិទី៣ ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ខាងមុខ គ្រាន់តែជាការបោះឆ្នោត «បង្គ្រប់កិច្ច ដើម្បីបំភ័ន្ដសាធារណមតិជាតិ-អន្តរជាតិ» ប៉ុណ្ណោះ។
តាមរយៈសេចក្ដីថ្លែងការណ៍ ដែលគណបក្សប្រឆាំងបានចេញផ្សាយ នៅក្រៅប្រទេស កាលពីមុននេះបន្តិច បានពន្យល់ពីមូលហេតុថា នោះបណ្ដាលមកពីសមាជិកក្រុមប្រឹក្សា ឃុំ-សង្កាត់ ចំនួន៥០០៧នាក់សព្វថ្ងៃ ដែលជាអង្គបោះឆ្នោត មិនមែនចេញពីការបោះឆ្នោតទូទៅ ដែលតំណាងឲ្យឆន្ទះពិតប្រាកដ របស់ពលរដ្ឋកម្ពុជានោះទេ។
ការរំលាយគណបក្សសង្គ្រោះជាតិ ក្នុងខែវិច្ឆិកា ឆ្នាំ២០១៧ បានបណ្ដាលឲ្យបាត់បង់សុពលភាព សម្រាប់សមាជិករដ្ឋសភា ៥៥រូប និងសមាជិកក្រុមប្រឹក្សា ឃុំ-សង្កាត់ ៥០០៧រូប របស់គណបក្សមួយនេះ ដែលត្រូវបានជ្រើសតាំង ចេញពីការបោះឆ្នោតសាកល ឆ្នាំ២០១៣ និងឆ្នាំ២០១៦។
ការរំលាយគណបក្សប្រឆាំង នៅពេលនោះ ធ្វើឡើងដោយតុលាការកំពូល ដែលមានសមាជិកភាគច្រើន សុទ្ធសឹងជាមនុស្សជំនិត របស់គណបក្សកាន់អំណាច នៃលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយអនុលោមតាមច្បាប់ ស្ដីពីគណបក្សនយោបាយ ដែលត្រូវបានកែថ្មីជាច្រើនដង និងអនុម័តនៅប៉ុន្មានថ្ងៃ មុនការសម្រេចរំលាយនោះ។
គណបក្សសង្គ្រោះជាតិ បានប្រកាស នៅក្នុងសេចក្ដីថ្លែងការណ៍ទៀតថា ខ្លួនថ្កោលទោស និងមិនទទួលស្គាល់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ អាណត្តិទី៣នេះ ដោយចាត់ទុកថា ជាការបោះឆ្នោតមានលក្ខណៈ «បង្គ្រប់កិច្ច» និង«ក្លែងក្លាយ ក្បត់ឆន្ទះប្រជាពលរដ្ឋម្ចាស់ឆ្នោត» ដែលមិនខុសពីការបោះឆ្នោត ជ្រើសតាំង សមាជិកព្រឹទ្ធសភា ខែកុម្ភៈ ឆ្នាំ២០១៨ និងការបោះឆ្នោត ជ្រើសតាំងសមាជិកសភា ខែកក្កដា ឆ្នាំ២០១៨នោះឡើយ។
លទ្ធផលផ្លូវការនៃការចុះបញ្ជីបេក្ខជន ជាសមាជិកក្រុមប្រឹក្សា រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ដែលចេញផ្សាយ ដោយគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត «NEC» បានឲ្យដឹងថា មានគណបក្សចំនួន៧ បានដាក់បេក្ខភាពរបស់ខ្លួន។
ពីក្នុងចំណោមនោះ គណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច បានដាក់បេក្ខភាពច្រើនជាងគេ ចំនួន២២៨នាក់ នៅក្នុងមណ្ឌល ទាំង២៥ខេត្តក្រុង ខណៈគណបក្សខ្មែរសាធារណរដ្ឋ ដាក់បេក្ខភាពតិចជាងគេ ចំនួន២នាក់ នៅក្នុងមណ្ឌល ចំនួន១ខេត្តក្រុង៕