កម្ពុជា

សម រង្ស៊ី ប្រកាស​ចូលរួម​«សមាជ និង​មហាបាតុកម្ម»​នៅ​កូរ៉េខាងត្បូង

ប្រធានស្ដីទីគណបក្សប្រឆាំង លោក សម រង្ស៊ី បានអះអាងកាលពីមុននេះ ថាលោកនឹងធ្វើដំណើរពីប្រទេសបារាំង ឆ្ពោះទៅកាន់ប្រទេសកូរ៉េខាងត្បូង ដើម្បីចូលរួមក្នុងពិធីសមាជ​អ្នក​ប្រជាធិបតេយ្យ និង​មហាបាតុកម្ម ដែលរៀបចំដោយចលនាយុវជន គណបក្ស​សង្គ្រោះ​ជាតិ និងអង្គការកូរ៉េខាងត្បូងមួយ នៅទីនោះ។

ចលនាយុវជនគណបក្សប្រឆាំង នៅកូរ៉េខាងត្បូង បានប្រកាសតាំងពីចុងខែមិនាកន្លងទៅ ពីវត្តមានរបស់លោក សម រង្ស៊ី នៅក្នុងកម្មវិធីចំនួនបី ដែលនឹងប្រព្រឹត្តិទៅ ក្នុងថ្ងៃទី១៩-២០-២១ ខែមេសាខាងមុុខ។ កម្មពិធីនោះមានខាងក្រោម៖

១. ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ – សន្និសីទកូរ៉េ-កម្ពុជា ស្តីពីប្រជាធិបតេយ្យ, សិទ្ធិមនុស្ស, សន្តិភាព (ទីក្រុងក្វាងជូធំ)។
២. ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ – សមាជអ្នកប្រជាធិតេយ្យ ជាមួយបណ្តាអ្នកស្នេហាជាតិ មកពីជុំវិញពិភពលោក។
៣. ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ – មហាបាតុកម្មភ្លើងទៀន ជាមួយអ្នកគាំទ្របក្សសង្រ្គោះជាតិ នៅកូរ៉េខាងត្បូង លើប្រធានបទ “ដំណើរឆ្ពោះទៅមុខ រំដោះប្រជាធិបតេយ្យកម្ពុជា”។

«សន្និសីទ សមាជ និង​មហាបាតុកម្ម ខុសគ្នា»

លោក យឹម ស៊ីណន ប្រធានចលនាយុវជនគណបក្សប្រឆាំង នៅកូរ៉េខាងត្បូងបានអះអាងថា កម្មវិធីខាងលើបានធ្វើលិខិតអញ្ជើញ ទៅគ្រប់ភាគីអ្នកប្រជាធិបតេយ្យ ទាំងនៅក្នុងគណបក្សសង្គ្រោះជាតិ ក៏ដូចជាអង្គការសង្គមស៊ីវិលមួយចំនួន និងទាំងនៅក្នុងប្រទេសកម្ពុជា និងនៅបរទេស។

លោកបានបន្តអះអាងថា ក្រុមលោកបានអញ្ជើញលោក សម រង្ស៊ី – លោក យ៉ែម ប៉ុញ្ញាឬទ្ធិ និងកញ្ញា កឹម មនោវិទ្យា កូនស្រីលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ មកចូលរួមជាលក្ខណៈស្មើភាព តែមកដល់ពេលនេះ លោកទទួលបានចម្លើយវិជ្ជមាន តែពីសំណាក់លោក សម រង្ស៊ី ប៉ុណ្ណោះ។ 

នៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់លោក សម រង្ស៊ី បានសរសេរឲ្យដឹង កាលពីមុននេះបន្តិចថា៖

«លោក សម រង្ស៊ី នឹងធ្វើដំណើរពីប្រទេសបារាំង ទៅជួបជាមួយពលករ និស្សិត និងយុវជនខ្មែរ នៅប្រទេសកូរ៉េខាងត្បូង ក្នុងថ្ងៃ ១៩ និង ២០ មេសា ២០១៩ ខាងមុខនេះ។»

លោក យឹម ស៊ីណន បានបញ្ជាក់បន្ថែមថា ជុំវិញវត្តមានរបស់ក្រុមមន្ត្រីជំនិតលោក កឹម សុខា នៅមិនទាន់មាន ការឆ្លើយតបជាក់លាក់ ណាមួយនៅឡើយ។ ប្រធានចលនាយុវជនរូបនេះ បានបន្តថា៖

«ដូចករណីកញ្ញា កឹម មនោវិទ្យា គាត់ធ្លាប់បញ្ជាក់ប្រាប់ខ្ញុំ តាំងពីដើមមកហើយ ថាទី១ គាត់កាត់លិខិតឆ្លងដែនខ្មែរ ដូច្នេះមិនអាចសុំវីសា ពីអាមេរិកមក[កូរ៉េខាងត្បូង]បានទេ។ អញ្ចឹងគាត់បានសុំអាធ្យាស្រ័យ ជាមួយខ្ញុំតាំងពីដំបូងមកម្លេះ។ តែយ៉ាងហោចណាស់ បើកាលណាគាត់មិនបានមកចូលរួម ហើយគាត់ចង់ចូលរួម គាត់អាចចាត់តាំងតំណាង ឬបេក្ខភាពណាមួយ មកជំនួសគាត់។»

មិនអាចទាក់ទងកញ្ញា កឹម មនោវិទ្យា ឬមន្ត្រីជំនិតលោក កឹម សុខា ផ្សេងទៀត ដើម្បីសុំប្រតិកម្ម ជុំវិញករណីនេះបាននៅឡើយ នៅវេលានេះ។

យ៉ាងណា លោក យឹម ស៊ីណន បានបញ្ជាក់ថា សម្រាប់កម្មវិធីសន្និសីទ និងសមាជ មិនមែនជាកម្មវិធី សម្រាប់គណបក្សណាមួយទេ កុំថាឡើយគណបក្សសង្គ្រោះជាតិ។ លោកថា នៅក្នុងកម្មវិធីទាំងពីរ នឹងមានការលើកឡើង តែពីគោលការណ៍ នៃអ្នកប្រជាធិបតេយ្យ ដែលនឹងត្រូវធ្វើអ្វីជាបន្តទៀត ក្នុងក្របខណ្ឌ នៃអ្នកប្រជាធិបតេយ្យប៉ុណ្ណោះ៕

មនោរម្យ.អាំងហ្វូ

ការិយាល័យនិពន្ធ យកព័ត៌មាន និងកិច្ចការអង្កេត-ស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។