កម្ពុជា

មេដឹកនាំរដ្ឋាភិបាល«ពាក់ម៉ាស់» ទៅ​ទទួល​ព្រះរាជា​យាង​ត្រឡប់​ពីចិន

«ពាក់ម៉ាស់» ៖ ពិធីទទួលព្រះមហាក្សត្រ សម្ដេច នរោត្ដម សីហមុនី និងព្រះមហាក្សត្រី សម្ដេច មុនីនាថ សីហនុ ដែលយាងត្រឡប់ ពីប្រទេសចិន ក្នុងរសៀលថ្ងៃចន្ទនេះ មានលក្ខណៈ​ខុសគ្នា​ទាំង​ស្រុង ពីពិធីថ្វាយព្រះរាជដំណើរ ចាកចេញពីកម្ពុជា កាលពីដើមខែមេសា។

នោះ គឺនៅថ្ងៃនេះ មន្ត្រី​រដ្ឋាភិបាល គ្រាក់ៗទាំងអស់គ្នា សុទ្ធតែ«ពាក់ម៉ាស់» រាប់ទាំង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន​ សែន ផង ក្នុងការទៅទទួល ព្រះរាជដំណើរមាតុភូមិនិវត្តន៍ នៅ​ព្រលាន​យន្ដហោះអន្តរជាតិភ្នំពេញ។

ការពាក់ម៉ាស់​ព្រោងព្រាតនេះ ធ្វើឡើង ក្នុងខណៈប្រទេសកម្ពុជា រកមិនឃើញករណីឆ្លងថ្មី នៃជំងឺ«Covid-19»​តាំងពីច្រើនសប្ដាហ៍មកហើយ។ តួលេខករណីឆ្លង ដែលចេញផ្សាយ ដោយអាជ្ញាធរកម្ពុជា មានចំនួន១២២នាក់ ខណៈមនុស្ស១២០នាក់ បានជាសះស្បើយ ពីជំងឺនេះ។

ផ្ទុយទៅវិញ ក្នុងពិធីយាងព្រះរាជដំណើរ​ ចេញពីរាជធានី ភ្នំពេញ កាលពីព្រឹកថ្ងៃទី១ ខែ​មេសា ឆ្នាំ២០២០ មេដឹកនាំរដ្ឋាភិបាលទាំងអស់គ្នា សុទ្ធតែទុកមុខទទេរ មិនមាន​ឃើញ​«ពាក់ម៉ាស់»​នោះទេ (រូបខាងក្រោម)។

លោក ហ៊ុន សែន ខ្លួនលោក ក៏មិនសូវជាឃើញ​ពាក់ម៉ាស់ដែរ នៅក្នុងពិធីបុណ្យសព ម្ដាយក្មេករបស់លោក ទាំងនៅក្នុងគេហដ្ឋាន នៅរាជធានីភ្នំពេញ និងនៅពិធីដង្ហៃសព យកទៅបញ្ចុះ នៅខេត្តត្បូងឃ្មុំ៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។