កម្ពុជា

កម្ពុជា​ប្រើ​អាស៊ាន​ព្រមាន​អាមេរិក កុំឲ្យ​​និយាយ​ពី​កិច្ចព្រមព្រៀង​«សម្ងាត់»

រដ្ឋាភិបាលក្រុងភ្នំពេញ តាមរយៈអ្នកនាំពាក្យរបស់ខ្លួន បានស្នើឲ្យសហរដ្ឋអាមេរិក គោរពប្រទេសកម្ពុជា ជុំវិញ​កិច្ចព្រមព្រៀង​«សម្ងាត់» ដែលសារព័ត៌មាន «The Wall Street Journal» ដ៏ល្បីរបស់អាមេរិក បានចេញផ្សាយ កាលពីចុងសប្ដាហ៍មុន។

អង្គភាពអ្នកនាំពាក្យ នៃរបបក្រុងភ្នំពេញ ដែលមានលោក ផៃ ស៊ីផាន ជារដ្ឋមន្ត្រី បានចេញសេចក្ដីថ្លែងការណ៍មួយ មាន៤ចំណុច នៅថ្ងៃព្រហស្បត្តិ៍នេះ ដោយធ្វើការបដិសេធសារជាថ្មីទៀត អំពីព័ត៌មានដ៏កក្រើក ដែលចុះផ្សាយ​ដោយសារព័ត៌មានខាងលើ មុននឹងត្រូវបានសារព័ត៌មាននានា នៅជុំវិញផែនដី ដកស្រង់ទៅចុះផ្សាយបន្ត។

ក្នុងពេលភ្លាមៗ បន្ទាប់ពីការចេញផ្សាយនោះ ក្រសួងការបរទេស​សហរដ្ឋអាមេរិក បានប្រកាស តាមរយៈសេចក្ដីថ្លែងការណ៍មួយ ស្នើប្រទេសកម្ពុជា ឲ្យបោះបង់ចោលគម្រោងខាងលើ ដែលសហរដ្ឋអាមេរិកអះអាងថា វាផ្ទុយគ្នាទាំងស្រុង ពីរដ្ឋធម្មនុញ្ញកម្ពុជា ដែលប្រកាន់យកនយោបាយការបរទេស ឯករាជ្យ និងអព្យាក្រឹត្យ។

តែសម្រាប់របបក្រុងភ្នំពេញ បានបញ្ជាក់ជំហររបស់ខ្លួនថា នឹងគ្មានបរទេសណាមួយ ត្រូវបានអនុញ្ញាត ឲ្យជ្រៀតជ្រៀក ឬបង្គាប់បញ្ជា ក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា បានជាដាច់ខាត។

សេចក្ដីថ្លែងការណ៍ របស់អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលក្រុងភ្នំពេញ ដែលចេញផ្សាយ កាលពីមុននេះបន្តិច  បានបញ្ជាក់ថា កម្ពុជាមាននយោបាយ ជាមិត្តល្អជាមួយបណ្ដាប្រទេសទាំងអស់ ក្នុងភាពជាដៃគូ ស្មើមុខស្មើមាត់។

នៅត្រង់ចំណុចទី២ នៃសេចក្ដីថ្លែងការណ៍នោះ បានសរសេរឡើងថា៖

«អង្គភាពអ្នកនាំពាក្យ សូមអំពាវនាវ​[ដល់]​មិត្តភ័ក្រ របស់អាស៊ានទាំងអស់ ក៏ត្រូវតែគោរព ដល់សមាជិករបស់អាស៊ាន នីមួយៗផងដែរ តាមរយៈកិច្ចព្រមព្រៀង ភាពជាដៃគូ មិត្តភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីចៀសវាងការប៉ះទង្គិច ពាក្យសំដីផ្នែកការទូត។»

កាលពីយប់ថ្ងៃអាទិត្យ (ត្រូវជាព្រឹកថ្ងៃចន្ទ ម៉ោងនៅកម្ពុជា) សារព័ត៌មានអាមេរិក «The Wall Street Journal» បានលើកយកប្រភពមន្ត្រីអាមេរិក មកសរសេរចេញផ្សាយថា ប្រទេសចិនបានចុះហត្ថលេខា លើ​កិច្ច​ព្រមព្រៀង​«សម្ងាត់»មួយ ជាមួយរបបក្រុងភ្នំពេញ ដើម្បីអនុញាតឲ្យកងទ័ពរបស់ខ្លួន ប្រើប្រាស់មូលដ្ឋានទ័ពជើងទឹកកម្ពុជា នៅ«រាម» ក្នុងរយៈពេល៣០ឆ្នាំ។

មន្ត្រី​ដែលធ្វើការក្នុងករណីនេះ តែសុំមិនបញ្ចេញឈ្មោះ បានអះអាងប្រាប់ «The Wall Street Journal» ថាកិច្ច​ព្រមព្រៀង​​​នោះ ​ត្រូវវបាន​ចុះហត្ថ​លេខា​ កាលពី​និទាឃរដូវ​កន្លង​ទៅ តែមិនត្រូវបានទម្លាយ ឲ្យដឹង​ជា​សាធារណៈ​ឡើយ។​

យ៉ាងណា ការចេញផ្សាយនោះ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញមុខ​ធ្វើប្រតិកម្មតបវិញខ្លាំងៗ ដោយហៅព័ត៌មាននោះ ថាជាការប្រឌិត​ដ៏អាក្រក់​បំផុត ប្រឆាំងកម្ពុជា។

ក្នុងសេចក្ដីថ្លែងការណ៍ របស់ក្រសួងការបរទេសអាមេរិក ដែលដកស្រង់យកមកផ្សាយ ដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ (Reuters) បានឲ្យដឹងថា៖

«យើងមានការព្រួយបារម្ភថា អំពីវិធានការ​ណាក៏ដោយ របស់រដ្ឋាភិបាលកម្ពុជា ដែលអនុញ្ញាតឲ្យមានវត្តមានយោធាបរទេស នៅលើទឹកដីកម្ពុជា នឹងគម្រាមកំហែង ដល់ការប្រាស្រ័យទាក់ទងគ្នា និងការផ្ដោតអារម្មណ៍ របស់អាស៊ាន ក្នុងការសម្របសម្រួល ដល់ការអភិវឌ្ឍក្នុងតំបន់ ក៏ដូចជារំខានដល់សន្តិភាព និងស្ថិរភាព នៅអាស៊ីអាគ្នេយ៍៕»

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។