រដ្ឋាភិបាលបារាំង បានអះអាងថា ការអនុម័តសេចក្ដីព្រាងច្បាប់ថ្មីចំនួនពីរ របស់គណៈរដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី១៥ ខែឧសភាកន្លងមក ធ្វើឡើង ក្រោមហេតុផល នៃការដាក់កម្ពុជា ចូលក្នុង«បញ្ជីប្រផេះ» របស់អង្គការឃ្លាំមើលសកម្មភាពហិរញ្ញវត្ថុ (FATF / GAFI)។ នេះ បើតាមរបាយការណ៍ខ្លីៗ ប្រចាំសប្ដាហ៍ទី២១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបារាំង ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានចូលទៅពិគ្រោះ។
របាយការណ៍ខ្លីៗ ប្រចាំសប្ដាហ៍ទី២១ របស់រដ្ឋាភិបាលបារាំង បានរៀបរាប់ថា៖
«ការវិវឌ្ឍទៅមុខ យ៉ាងឆាប់រហ័ស នៃសេចក្ដីព្រាងច្បាប់ទាំងពីរខាងលើ ត្រូវបានជំរុញ ដោយការសម្រេច របស់អង្គការ “FATF” ដែលបានដាក់ប្រទេសកម្ពុជា ទៅក្នុង”បញ្ជីប្រផេះ” កាលពីខែកុម្ភៈ ឆ្នាំ២០១៩ បន្ទាប់ពីអង្គការនេះ បានដកប្រទេសកម្ពុជា ចេញពីបញ្ជីខាងលើ កាលពីឆ្នាំ២០១៥រួចហើយ។»
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានថ្លែងឲ្យដឹងពីក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ថាសេចក្ដីព្រាងច្បាប់ទាំងពីរនោះ រួមមានសេចក្ដីព្រាងច្បាប់ ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងសេចក្ដីព្រាងច្បាប់ ស្តីពីការប្រឆាំងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ ត្រូវបានគណៈរដ្ឋមន្ត្រីអនុម័ត ដោយគ្មានការកែប្រែអ្វីឡើយ។
យ៉ាងណា របាយការណ៍ខ្លីៗ របស់រដ្ឋាភិបាលបារាំង ប្រចាំសប្ដាហ៍ទី២១នោះ មិនបានភ្ជាប់ការអនុម័ត នៃសេចក្ដីព្រាងច្បាប់ទាំងពីរ ទៅនឹងការដាក់កម្ពុជា ចូលក្នុង«បញ្ជីខ្មៅ» នៃក្រុមប្រទេស «បរាជ័យ» ក្នុងការប្រយុទ្ធទល់នឹងការលាងសម្អាតលុយ ពីសំណាក់សហភាពអ៊ឺរ៉ុប (EU) កាលពីដើមខែកន្លងមកទេ។
សម្រាប់លោក ផៃ ស៊ីផាន បានពន្យល់ថា ការអនុម័តសេចក្ដីព្រាងច្បាប់ទាំងពីរ មិនមែនធ្វើឡើង ដើម្បី«បំពេញចិត្តអង្គការណា»ឡើយ។ អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះ បានបញ្ជាក់ នៅលើបណ្ដាញសង្គមថា៖
«គឺជាការប្រឹងប្រែង របស់រដ្ឋាភិបាល និងធនាគារជាតិ ដែលត្រូវកែលម្អច្បាប់ ទាំងពីរនេះ ដែលកម្ពុជាបានអនុវត្ត ទៅលើលក្ខខ័ណ្ឌជាសមាជិក របស់ក្រុមប្រទេស អាស៊ីប៉ាស៊ីហ្វិច ស្តីពីការសម្អាតប្រាក់ (Asia Pacific Group on Money Laundering-APG)។»
ផ្ទុយទៅវិញ របាយការណ៍ខ្លីៗ ប្រចាំសប្ដាហ៍ទី២០ របស់វិមានប៊ែរស៊ី (Bercy – គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបារាំង) បានធ្វើការកត់សម្គាល់ ពីការដាក់កម្ពុជានិងភូមា ចូលក្នុង«បញ្ជីខ្មៅ»របស់សហភាពអ៊ឺរ៉ុប ហើយថា អង្គភាពមានសមត្ថកិច្ចមួយ របស់ធនាគារជាតិកម្ពុជា បានធ្វើការណែនាំ ទៅកាន់បណ្ដាក្រុមហ៊ុន-សហគ្រាសនានា ឲ្យធ្វើការប្រុងប្រយ័ត្ន អំពីការលាងសម្អាតប្រាក់ តែរបាយការណ៍របស់រដ្ឋាភិបាលបារាំង មិនបានរៀបរាប់បន្ត អំពីប្រសិទ្ធិភាពការងារ ដែលចេញអំពីការណែនាំនោះទេ៕