កម្ពុជា

អ្នកវិភាគថា បើ«សម​ រង្ស៊ី វិលចូលស្រុក»មែន នឹងអាចទទួលវាសនា​៣យ៉ាង

ការអះអាង អំពី«ដំណើរត្រឡប់ របស់លោក សម​ រង្ស៊ី វិលចូលស្រុក»វិញ បង្កឲ្យមានការទស្សន៍ទាយ​ច្រើនយ៉ាងច្រើនបែប អំពីវាសនារបស់លោក ខណៈមេដឹកនាំប្រឆាំងរូបនេះ រងការចោទប្រកាន់ និងការផ្ដន្ទាទោស ពីប្រព័ន្ធតុលាការកម្ពុជា យ៉ាងសន្ធឹកសន្ធាប់។

សម្រាប់លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគបញ្ហានយោបាយ និងសង្គម បានគិតថា លោក សម រង្ស៊ី មិនមានវាសនាដូចការវិលត្រឡប់របស់លោក នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣នោះទេ។ ផ្ទុយទៅវិញ ប្រធានស្ដីទីគណបក្សប្រឆាំង អាចនឹងមានវាសនាបីយ៉ាង ដូចការលើកឡើងរបស់អ្នកវិភាគ ដូច្នេះថា៖

១) ត្រូវបានចាប់ខ្លួនដាក់គុក ដូចលោក កឹម សុខា
២) ត្រូវបានវ៉ៃបែកក្បាល ដូចលោក ខៀវ សំផន ក្នុងឆ្នាំ ១៩៩១
៣) ត្រូវបានសម្លាប់ ដូចសមាជិកព្រឹទ្ធសភា ហ្វីលីពីន ឈ្មោះ អាគីណូ (Aquino) ដែលប្រឆាំងប្រធានាធិបតីផ្ដាច់ការ ឈ្មោះ ម៉ារកូស (Marcos) របស់កោះហ្វីលីពីន ហើយដែលត្រូវបានបាញ់សម្លាប់ នៅពេលចុះពីយន្ដហោះ ត្រឡប់ចូលប្រទេសវិញ ក្នុងឆ្នាំ១៩៨៣។

អ្នកវិភាគ បានពន្យល់បន្ថែមថា លោក សម រង្ស៊ី បានរងការប៉ុនប៉ងសម្លាប់ ដោយការគប់គ្រាប់បែក នៅថ្ងៃ៣០ ខែមិនា ឆ្នាំ១៩៩៧រួចហើយ និងថែមជាទិសដៅ សម្រាប់កំទេចចោល ក្នុងពេលថ្មីៗនេះទៀតផង។

ការលើកឡើងរបស់លោក ឡៅ ម៉ុងហៃ ទំនងជាសំដៅ​ទៅនឹងការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលលើកឡើងផ្ទួនៗ បញ្ជាឲ្យ«ចាប់ក្បាល»លោក សម រង្ស៊ី បើសិនជាគូបដិបក្ខនយោបាយ របស់លោករូបនេះ មានវត្តមាននៅកម្ពុជា។ ប៉ុន្តែនាយករដ្ឋមន្ត្រីកម្ពុជា បានចំអកឲ្យលោក សម រង្ស៊ី វិញ ថាជាមនុស្សដែលពូកែរត់គេចខ្លួន ដូចសត្វ«ឈ្លូស»។

អ្នកឃ្លាំមើលខ្លះ ក៏យល់ស្របដូចលោក ហ៊ុន សែន ដែរ ដោយសារតែលោក សម រង្ស៊ី បានលើកពេល នៃការ«វិលចូលស្រុក»វិញ ជាច្រើនដងរួចមកហើយ។

ប៉ុន្តែលោក សម រង្ស៊ី បានអះអាងជាច្រើនលើក ក្នុងរយៈពេលចុងក្រោយនេះ តាមសំណេរផង និងតាមការថ្លែងផ្ទាល់មាត់ផង ថាលោកប្ដេជ្ញា​វិលចូលមាតុភូមិវិញ ឲ្យខាងតែបាន ក្នុងឆ្នាំ២០១៩នេះ។ មេដឹកនាំប្រឆាំង បានអះអាងថា ឆ្នាំ២០១៩ ជាឱកាសមិនអាចរំលងបាន ហើយលោកថែមទាំងប្រកាស ដាក់ជីវិតនោះទៀត។

ការព្យាករណ៍ដែលថា លោក សម រង្ស៊ី អាចត្រូវបានសម្លាប់ នៅពេលចូលមកដល់ប្រទេសវិញនោះ ក៏ត្រូវបានអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បង្ហើបឲ្យដឹងដែរ។ លោក សុខ ឥសាន ថ្លែងថា អ្នកបាញ់សម្លាប់លោក សម រង្ស៊ី អាចជាក្រុមបាតដៃទី៣ ដែលធ្វើទង្វើនេះ ដើម្បីទម្លាក់កំហុសលើរដ្ឋាភិបាល។

ការថ្លែងរបស់មន្ត្រីអ្នកនាំពាក្យ ត្រូវបានលោក សម រង្ស៊ី ប្រតិកម្មតបវិញ ថានេះជាល្បិចកលរបស់លោក ហ៊ុន សែន ដើម្បីគម្រាមលោកជាមុន ក្នុងបំណងរារាំងលោក កុំឲ្យវិលចូលស្រុកវិញ។ លោកថា ទោះជាមានការគម្រាមបែបនេះក្ដី ក៏លោក«មិនរាថយ»ដែរ៕

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។