រយៈពេលពីរឆ្នាំនិង៨ខែ បានកន្លងទៅហើយ តែយុត្តិធម៌សម្រាប់លោក«បណ្ឌិត កែម ឡី» អ្នកធ្វើអត្ថាធិប្បាយនយោបាយដ៏ល្បីល្បាញ ដែលរងការបាញ់ប្រហារ នៅកណ្ដាលរាជធានីភ្នំពេញ ហាក់មិនទាន់ចេញ ជារូបរាងនៅឡើយ ដោយហេតុថា មានតែបុរស ជួប សម្លាប់ តែម្នាក់គត់ ដែលត្រូវបានចាប់ខ្លួននិងផ្ដន្ទាទោស។
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យបានរំលឹកពីករណី របស់លោក កែម ឡី នេះមកវិញ នៅមុននេះបន្តិច ដើម្បីអំពាវនាវទៅកាន់បណ្ដាជនទាំងឡាយ ដែលគោរពស្រឡាញ់លោក កែម ឡី ឲ្យស្វែងរកយុត្តិធម៌ជូនលោក។ លោក ឡៅ ម៉ុងហៃ បានរំលឹកពីភាពមិនសមហេតុផល នៃឃាតកម្មមួយនេះ ដែលត្រូវរបបក្រុងភ្នំពេញបានអះអាងថា បង្កឡើងដោយជនតែម្នាក់ ឈ្មោះ អឿង អាង ដាក់រហស្សនាម ជួប សម្លាប់។
នៅលើបណ្ដាញសង្គម អ្នកវិភាគវ័យចំណាស់បានរៀបរាប់ ពីភាពមិនសមហេតុផលជាច្រើននោះ ដូចការដកស្រង់ខាងក្រោមថា៖
«- អត់សមហេតុផលសោះថា កែម ឡី ជំពាក់លុយឃាតករគាត់ គឺ ជួប សម្លាប់ ៣០០០ដុល្លារ។»
«- អត់សមហេតុផលសោះថា ជួប សម្លាប់ ចំណាយលុយទៅទិញកាំភ្លើង ដែលមានតម្លៃដល់ទៅជាង៣០០០ដុល្លារ សម្រាប់ទៅបាញ់សម្លាប់ កែម ឡី ដើម្បីទារលុយ ៣០០០ដុល្លារ។»
«- អត់សមហេតុផងសោះថា ជួប សម្លាប់ ល្ងង់ដល់ទៅមិនដឹងថា មិនអាចទារលុយបានពីមនុស្សស្លាប់ ហើយបើបាញ់គេស្លាប់ នឹងជាប់គុកនោះទេ។»
«- អត់សមហេតុផលសោះ ពេលដែលឃើញគាត់ នៅ ស្តារម៉ាត ស្ថានីយចាក់សាំង កាល់តិចហើយ ម៉េចបានជា ជួប សម្លាប់ មិននិយាយទារលុយពី កែម ឡី ត្រង់ពីមុខទៅ បែរជាទៅលួចបាញ់គាត់ ពីក្រោយចំហៀងទៅវិញ?»
បណ្ឌិត កែម ឡី ត្រូវបានឃាតករឈាមត្រជាក់បាញ់សម្លាប់ កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅខណៈលោក កំពុងទទួលទានកាហ្វេ នៅក្នុងហាងលក់ទំនិញ ស្តាម៉ាត នៃស្ថានីយចាក់ប្រេងឥន្ទនៈ កាល់តិច ស្ថិតនៅស្ដុបបូកគោ កណ្ដាលរាជធានីភ្នំពេញ។
លោក ឡៅ ម៉ុងហៃ បានអះអាងទៀតថា៖
«អត់ទាន់មានការពិត សច្ចៈថា លោកបណ្ឌិត កែម ឡី ជំពាក់លុយឃាតករ ជួប សម្លាប់ ៣០០០ដុល្លារនោះទេ។ មិនទាន់មានការពិត គឺមិនទាន់មានយុត្តិធម៌សម្រាប់គាត់នៅឡើយទេ។»
នៅក្នុងសវនាការកាត់ទោសបុរស ជួប សម្លាប់ តុលាការមិនបានស្វែងរកអំណះអំណាង ដែលបញ្ជាក់ពីសំដីសារភាពរបស់ជននេះ ដែលអះអាងថា លោក កែម ឡី ជំពាក់លុយខ្លួន។ វីដេអូសុវត្ថិភាពមួយចំណិត បង្ហាញពីសកម្មភាពបាញ់ប្រហារ នៅក្នុងហាងលក់ទំនិញនោះ ត្រូវបានយកមកបញ្ចាំង នៅក្នុងសវនាការ តែរូបភាពមានសភាពព្រិល មិនអាចមើលដឹងថា តើជននោះពិតជាបុរស ជួប សម្លាប់ ឬយ៉ាងណាឡើយ។
តែការពិត ហាក់នៅឆ្ងាយនៅឡើយ ខណៈក្រុមគ្រួសារលោក កែម ឡី នៅតែបន្តទាមទារ ឲ្យស្វែងរកយុត្តិធម៌សម្រាប់រូបលោក។ ដូចលោក ឡៅ ម៉ុងហៃ បានបញ្ជាក់ថា៖
«កាលពីគាត់នៅរស់ លោកបណ្ឌិត កែម ឡី ជាអ្នកស្វែងរកការពិត និយាយការពិតនិងហ៊ាននិយាយការពិត ដ៏ឆ្នើមដាច់គេ។ តើអ្នកដែលដឹងការពិត អំពីឃាតកម្មលើរូបគាត់ ដោយផ្ទាល់ឬដោយប្រយោល អាចផ្តល់ការពិតនេះបានទេ?»៕