«អ្នកឱបលក្ខន្តិកៈ» ៖ ការខ្វែងគំនិតគ្នា រវាងក្រុមស្និតលោក កឹម សុខា និងក្រុមស្និតលោក សម រង្ស៊ី បានបង្កឲ្យមានសង្គ្រាមប៉ាកកាមិនតិចទេ នៅក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ។ ម្នាក់ៗ ខិតខំស្វែងរកអំណះអំណាង មកបញ្ជាក់តែរៀងខ្លួន ដើម្បីការពារបុព្វហេតុ របស់លោក កឹម សុខា ប្រធានគណបក្ស ដែលកំពុងជាប់ឃុំ នៅក្នុងគេហដ្ឋាន និងលោក សម រង្ស៊ី អតីតប្រធានគណបក្ស ដែលត្រូវបានសន្និសីទក្រុងអាត្លង់តា ជ្រើសតាំងឲ្យឡើងធ្វើជាប្រធានស្ដីទី ដើម្បីអ្វីមួយ ដែលពួកគេអះអាងថា ជាការទម្លុះភាពជាប់គាំង ដែលកំពុងកើតមាន នៅក្នុងចលនានយោបាយប្រឆាំង នៅកម្ពុជា។
លោក ជូង ជូងី មេធាវីដែលគេស្គាល់ថា ជាមានទំនោរទៅរកលោក សម រង្ស៊ី តាំងពីច្រើនឆ្នាំមកនោះ ក៏បានលូកមាត់ ចូលបង្ហាញអំណះអំណាងរបស់លោក នៅក្នុងជម្លោះពាក្យសំដី ដែលមិនចេះចប់ មិនចេះហើយនោះដែរ។ ខាងក្រោមនេះ ជាសំណេរទាំងស្រុងរបស់លោក ដែលត្រូវបានបង្ហោះ នៅលើបណ្ដាញសង្គម កាលពីប៉ុន្មាននាទីមុន៖
ទី១- លុះត្រាតែលោក កឹម សុខា លាលែងទើបដល់វេនអនុប្រធាន ជាបន្តបន្ទាប់។ ប៉ុន្តែលោក កឹម សុខា មិនលាលែងទេ ដូចនេះ មិនអាចដល់វេនអនុប្រធានទេ។
ទី២- លោក ប៉ុល ហម បាននិយាយច្បាស់ថា លោកចាស់ហើយ លោកមិនចង់ប្រកួតប្រជែងអ្វីទេ។ ក្នុងន័យនេះ លោកហាក់ដូចជា មិនចង់ទទួលបន្ត ជាប្រធានបន្ទាប់ ពីលោក កឹម សុខា ទេ។
ទី៣- មួយឆ្នាំហើយ តើអនុប្រធានទាំងបី ធ្វើអ្វីចេញ? ហើយក្រៅពីអនុប្រធានទាំង៣ តើមាននរណា មានសក្តានុពល អាចដឹកនាំកិច្ចការបក្សបាន?
ទី៤- បើនិយាយពីក្របខណ្ឌច្បាប់ បក្សត្រូវបានរំលាយ ដូចនេះ លក្ខន្តិកៈបក្ស ក៏ត្រូវបានរំលាយដែរ មិនអាចយកមកសំអាង ជាច្បាប់បានទេ។ បើគោរពលក្ខន្តិកៈបក្ស លុះត្រាតែលោក កឹម សុខា លាលែង ទើបអាចជ្រើសរើសអនុប្រធាន០១រូប មកធ្វើជាប្រធានបន្ត។ ប៉ុន្តែលោក កឹម សុខា មិនលាលែងទេ ហើយលោក ប៉ុល ហម មិនចង់ទទួលដំណែងប្រធាន ដូចនេះសួរថា តើដើម្បីគោរពលក្ខន្តិកៈបក្ស ទុកបក្សដេករហូតយ៉ាងនេះ ដល់ពេលណាលោក កឹម សុខា ត្រូវដោះលែង ទើបបក្សដំណើរការ ឬយ៉ាងណា? បើដូច្នេះមែន សកម្មជនបក្ស និងអ្នកគាំទ្របក្ស ដេកទាំងអស់គ្នាតែម្តងទៅ ឈប់ធ្វើនយោបាយ។
ទី៥- ក្នុងការធ្វើនយោបាយ គឺត្រូវនិយាយ ពីយុទ្ធសាស្ត្រឈ្មះ។ រកយុទ្ធសាស្ត្រយ៉ាងណា ទើបឈ្នះបាន មិនមែនឱបលក្ខន្តិកៈ ខ្ជាប់យ៉ាងនេះទេ ខណៈដែលបក្ស ត្រូវបានរំលាយហើយនោះ។ ខ្ញុំចង់ឃើញ អ្នកឱបលក្ខន្តិកៈបក្សទាំងនោះ ទៅបង្កើតបក្សថ្មី ហើយធ្វើឲ្យខ្លាំងជាងលោក សម រង្ស៊ី ទៅ ខ្ញុំនឹងឈប់គាំទ្រលោក សម រង្ស៊ី ទៅចូលរួម ជាមួយក្រុមលោកភ្លាម។
ពាក្យ «អ្នកឱបលក្ខន្តិកៈ» គ្រប់គ្រាន់នឹងធ្វើក្ដៅស្លឹកត្រជៀក ដល់ក្រុមស្និតនឹងលោក កឹម សុខា ដែលយកអំណះអំណាងនេះ មកបដិសេធការសម្រេច របស់សន្និសីទក្រុងអាត្លង់តា កាលពីម្សិលម៉ិញ៕