កម្ពុជា

ផ្ទាំងឈ្មោះ​ប្រាសាទ ចំនួន​១១៨​ផ្ទាំង នឹងត្រូវ​តំឡើង​នៅតាម​ប្រាសាទ​នានា

ផ្ទាំងឈ្មោះប្រាសាទធ្វើពីថ្មភក់ ចំនួន​១១៨​ផ្ទាំង ដែលមានឆ្លាក់ទាំងអក្សរខ្មែរ និងអក្សរអង់គ្លេស នឹងត្រូវយកទៅដាក់ដាំ នៅខាងមុខប្រាសាទនានា ក្នុងរមណីយដ្ឋានអង្គរ នាពេលឆាប់ៗខាងមុខ។ នេះ បើតាមការការអះអាងឡើង របស់អាជ្ញាធរអប្សរា ក្នុងព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយអះអាងថា ផ្ទាំងឈ្មោះប្រាសាទ ចំនួនប្រមាណជា២៥% នៃចំនួនសរុប ត្រូវបានធ្វើរួចរាល់ហើយ។

ផ្ទាំងស្លាកឈ្មោះប្រាសាទទាំងនោះ មានបង្ហាញជូន នូវព័ត៌មានសំខាន់ៗមួយចំនួន ពាក់ព័ន្ធនឹងប្រាសាទដូចជា ឈ្មោះប្រាសាទ អាយុកាលសាងសង់ប្រាសាទ ទិសច្រកចូលប្រាសាទ និងអមដោយស្លាកសញ្ញា (Logo) ចំនួន៤គឺ ស្លាកសញ្ញាអាជ្ញាធរជាតិអប្សរានៅចំកណ្តាលខាងលើឈ្មោះប្រាសាទ និងស្លាកសញ្ញា៣ផ្សេងទៀត ដែលនៅខាងក្រោមគឺ ស្លាកសញ្ញាយូណេស្កូ ស្លាកសញ្ញាបេតិកភណ្ឌពិភពលោក និងស្លាកសញ្ញាអនុសញ្ញាក្រុងឡាអេឆ្នាំ១៩៥៤ សម្រាប់ការការពារសម្បត្តិវប្បធម៌ ក្នុងគ្រាមានជម្លោះប្រដាប់អាវុធ។

សេចក្ដីប្រកាសព័ត៌មាន របស់អាជ្ញាធរអប្សរាបានបន្តថា ផ្ទាំងស្លាកសញ្ញាឈ្មោះប្រាសាទ ចំនួន​១១៨​ផ្ទាំង មាន៣ទំហំផ្សេងគ្នា ដោយគិតទៅតាមទីតាំងជាក់ស្តែង នៃច្រកចូលប្រាសាទដែលអាចដំឡើងបាន៖

  • ​ទំហំធំចំនួន ១៦ផ្ទាំង កម្ពស់១.៥០០មម X បណ្ដោយ ៩១៤មម X កម្រាស់៤៦៤មម។
  • ទំហំមធ្យមចំនួន ៥២ផ្ទាំង កម្ពស់១,២០០មម X បណ្ដោយ៧៣១មម X កម្រាស់៣៧១មម។
  • ទំហំតូចចំនួន ៥០ផ្ទាំង កម្ពស់១,០០០មម X បណ្ដោយ៦១៣មម X កម្រាស់៣១១មម។

លោក សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរអប្សរា ទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ ត្រូវបានស្រង់សំដីមកបញ្ជាក់ថា ចំនួនផ្ទាំងឈ្មោះទាំងនេះ មិនបានដំឡើងនៅគ្រប់ប្រាសាទទាំងអស់ ក្នុងតំបន់រមណីយដ្ឋានអង្គរឡើយ ដោយហេតុថា ប្រាសាទខ្លះមានទីតាំងនៅក្នុងព្រៃជ្រៅ មិនមានទីតាំងដាក់បាន។ លោកបន្តថា ចំពោះទីតាំងដែលតម្លើងស្លាកឈ្មោះប្រាសាទនេះ ត្រូវបានផ្ដោតទៅលើ៣ចំណុច (១) នៅក្បែរច្រកចូលទស្សនាប្រាសាទ (២) ទីតាំងងាយមើលឃើញរបស់ភ្ញៀវទេសចរ និង (៣) ទីតាំងដែលមិនប៉ះពាល់ ដល់ទិដ្ឋភាពប្រាសាទទាំងមូល។

អាជ្ញាធរជាតិបានបញ្ជាក់ថា ការដាក់ដាំនូវផ្ទាំងឈ្មោះប្រាសាទទាំងនេះ ធ្វើឡើងដើម្បីលើកកម្ពស់តំបន់រមណីយដ្ឋានអង្គរ និងស្របតាមអនុសាសន៍ណែនាំ របស់គណៈកម្មាធិការ «ICC-Angkor» ហើយសង្ឃឹមថា សមិទ្ធផលនេះនឹងជួយផ្ដល់ភាពងាយស្រួល និងបទពិសោធន៍ល្អសម្រាប់ភ្ញៀវទេសចរ ក្នុងការទស្សនាតំបន់អង្គរ៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។