បារាំង

ត្រាំ ឲ្យប្រើទឹកម្សៅ​បាញ់​ពី​យន្ដហោះ​ដើម្បី​ពន្លត់​ភ្លើង​នៅ Notre-Dame

ទិដ្ឋភាពដ៏រន្ធត់ នៃអគ្គិភ័យ ដែលកំពុងឆេះកម្ទេចព្រះវិហារ «Notre-Dame» ដ៏ល្បីនៃរដ្ឋធានីប៉ារីស បានជំរុញឲ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ចេញមុខធ្វើប្រតិកម្ម ដោយស្នើឲ្យប្រើម្សៅ បាចពីឧទ្ធម្ភាគចក្រ (ដូចការពន្លត់ភ្លើងឆេះព្រៃ) ដើម្បីពន្លត់ភ្លើង។ តែក្រុមលត់អគ្គិភ័យបារាំង បានឆ្លើយតបវិញថា បើធ្វើដូច្នេះ វានឹងធ្វើសំណង់ដ៏ល្បីនេះ រំលំចុះទាំងស្រុងតែម្ដង។

ប្រធានាធិបតីអាមេរិក បានសំដែងការរញ្ជួលចិត្ត របស់លោក នៅលើបណ្ដាញសង្គមទ្វីសធើរថា៖

«វាពិតជាអាណោចអាធមណាស់ ដែលបានឃើញអគ្គិភ័យដ៏សម្បើម កំពុងឆាបឆេះព្រះវិហារ “Notre-Dame” នៃរដ្ឋធានីប៉ារីស។ ប្រហែលជាយើងអាចប្រើយន្ដហោះ ដើម្បីបាចម្សៅពីខាងលើ ដើម្បីពន្លត់ភ្លើងនេះ។»

មិនបង្អង់យូរឡើយ ស្ថាប័នសុវត្ថិភាពស៊ីវិល របស់ប្រទេសបារាំង បានឆ្លើយតបទៅវិញ តាមទំព័រទ្វីសធើររបស់ខ្លួនដែរថា៖

«ការប្រើប្រាស់យន្ដហោះ ដើម្បីបាញ់ទឹកម្សៅ ពន្លត់អគ្គិភ័យមួយនេះ នឹងធ្វើតួព្រះវិហារដែលនៅសេសសល់ រំលំបាក់ស្រុតទាំងស្រុងតែម្ដង។ មិនត្រឹមតែប៉ុណ្ណើឹង កម្លាំងទឹកម្សៅ ដែលបាញ់ពីយន្ដហោះ នឹងបំបាក់រូបចម្លាក់ទាំងឡាយ របស់ព្រះវិហារ ហើយអាគារដែលនៅជុំវិញ ក៏រងការប៉ះពាល់ដែរ។»

យ៉ាងណា ឥស្សរជនបារាំងច្រើននាក់ ក៏បានសំដែងសភាពខ្លោចចិត្ត របស់ផងខ្លួនដែរ នៅចំពោះកង្វះមធ្យោបាយ តាមផ្លូវអាកាស ដើម្បីពន្លត់អគ្គិភ័យ ដ៏សាហាវមួយនេះ ប្រកបដោយប្រសិទ្ធិភាព៕

មនោរម្យ.អាំងហ្វូ

ការិយាល័យនិពន្ធ យកព័ត៌មាន និងកិច្ចការអង្កេត-ស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។