បារាំង

អគ្គិភ័យ Notre-Dame ៖ គ្រោងសំណង់​ធ្វើពីថ្ម ត្រូវបាន​សង្គ្រោះ​

នៅមុននេះបន្តិច មេដឹកនាំក្រុមអ្នកលត់ អគ្គិភ័យ បានប្រកាសថា កម្លាំងរបស់លោកសង្គ្រោះបានទាំងស្រុង នូវផ្នែកសំណងធ្វើពីថ្ម របស់ព្រះវិហារ «Notre-Dame» ដ៏ល្បីរបស់រដ្ឋធានីប៉ារីស។ ដោយឡែកផ្នែកដំបូលខាងលើ ដែលមានគ្រោងសំណង់ធ្វើពីឈើនោះ ត្រូវបានព្រះអគ្គិត្របាក់ខ្ទេចអស់។

ឧត្ដមសេនីយ៍ «Jean-Claude Gallet» ប្រធានស្ថាប័នពន្លត់អគ្គិភ័យ នៃរដ្ឋធានីប៉ារីស បានថ្លែងប្រាប់អ្នកកាសែតថា៖

«នៅពេលនេះ យើងអាចនិយាយបានថា គ្រោងសំណង់ធ្វើពីថ្ម របស់ព្រះវិហារ “Notre-Dame” ត្រូវបានសង្គ្រោះ និងត្រូវបានថែរក្សា នៅក្នុងទម្រង់ដើមរបស់វាទាំងស្រុង។»

រដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃបារាំង លោក «Laurent Nuñez» ដែលមានវត្តមាននៅក្បែរនោះដែរ បានអះអាងថា អណ្ដាតភ្លើងបានថមថយកម្លាំងហើយ តែលោកបញ្ជាក់ទៀតថា គេគប្បីធ្វើការប្រុងប្រយ័ត្នសិន ដោយហេតុថា ភ្លើងមិនទាន់រលត់នៅឡើយទេ។

ព្រះវិហារកាតូលីកដ៏ល្បី បានជាប់នៅក្នុងបញ្ជីបេតិកភ័ណ្ឌមនុស្សជាតិ របស់អង្គការយូនេស្កូ នៅឆ្នាំ១៩៩១។ ជារៀងរាល់ឆ្នាំ ព្រះវិហារមួយនេះទទួលទេសចរណ៍មកទស្សនា និងធ្វើការបន់ស្រន់ រវាងពី១២ ទៅ១៤លាននាក់។

លោក «Laurent Nuñez» បានបន្តថា៖

«ភ្នាក់ងារលត់អគ្គិភ័យ (ប្រមាណជា៥០០នាក់) បានប្រើកាណុងទឹកយក្ស ចំនួន១៨ដើម ដើម្បីបាញ់ទឹកពន្លត់ភ្លើង។ កាណុងទាំងនោះ បានបាញ់ទឹកទាំងខាងក្រៅ និងទាំងខាងក្នុងព្រះវិហារ ដើម្បីព្យាយាមសង្គ្រោះគ្រោងសំណង់ ធ្វើអំពីថ្ម កុំឲ្យកម្ដៅភ្លើង ធ្វើឲ្យថ្មក្លាយជាផុយស្រួយ។ មកដល់ម៉ោងនេះ យើងមិនទាន់គ្រប់គ្រងស្ថានការណ៍ បានទាំងស្រុងនៅឡើយ។»

សម្រាប់លោក «Jean-Claude Gallet» បានឲ្យដឹងបន្ថែមថា៖

«ភ្លើងបានត្របាក់គ្រោងសំណង់ ផ្នែកដំបូលព្រះវិហារ ដែលធ្វើពីឈើ និងធ្វើឲ្យដំបូលទាំងនេះ និងកំពូលចុងស្រួច បានបាក់ស្រុត។ កិច្ចការរបស់យើងនៅពេលនេះ គឺត្រូវការពារផ្នែកខាងក្រោយ របស់ព្រះវិហារ ដែលមានរក្សាទុក នូវសម្ភារៈដ៏មានតម្លៃជាច្រើន។»

អាជ្ញាធរបានគិត ក្នុងដំណាក់កាលនេះថា អគ្គិភ័យទំនងជាមានមូលហេតុ ចេញពីការដ្ឋានជុសជុលព្រះវិហារ ដែលកំពុងប្រព្រឹត្តិទៅ តាំងពីច្រើនខែមក។ ប៉ុន្តែការិយាល័យអយ្យការបារាំង បានប្រកាសបើកការស៊ើបអង្កេតមួយហើយ ស្ដីពីអគ្គិភ័យដ៏ខ្លាំងមួយនេះ៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។