បារាំង

បារាំង៖ សាស្ត្រាចារ្យ​ដែលរង​ការធ្វើឃាត ទទួលបាន​មេដាយកិត្តិយសជាតិ

លោក «Samuel Paty» សាស្ត្រាចារ្យ​ភូមិសាស្ត្រ-ប្រវត្តិវិទ្យា ដែលរងការធ្វើឃាត​ដោយ​«កាត់ក» ពីសំណាងភេរវជន កាលពីថ្ងៃសុក្រសប្ដាហ៍មុន ទទួលបាន​មេដាយកិត្តិយសជាតិ ជុំវិញភាពក្លាហាន ក្នុងការបំពេញភារកិច្ច ជាគ្រូបង្រៀន​របស់លោក កាលពីពេលលោក​នៅមានជីវិត។

បើទោះជាលោក «Samuel Paty» បានលាចាកលោក​ទៅហើយក្ដី តែមេដាយកិត្តិយស​នោះ ត្រូវបានបំពាក់ជូនសពលោក ដោយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ក្នុងពិធីរំឭកវិញ្ញាណក្ខន្ធ របស់លោក ដែលត្រូវប្រារព្ធធ្វើ នៅក្នុងសាកល​វិទ្យាល័យ «Sorbonne» នៃរដ្ឋធានីប៉ារីស ក្នុងថ្ងៃពុធទី២១ ខែតុលា ឆ្នាំ២០២០នេះ។

បន្ទាប់មក គឺក្រុមគ្រួសាររបស់លោក ជាអ្នកថៃរក្សា​មេដាយកិត្តិយស​​​ថ្នាក់ជាតិ​មួយនេះ បន្តទៅ។

លោក «Jean-Michel Blanquer» រដ្ឋមន្ត្រីក្រសួងអប់រំ​បារាំង បានបញ្ជាក់បន្ថែម​តាម​រយៈកញ្ចក់​ទូរទស្សន៍ «BFMtv» កាលពីថ្ងៃអង្គារថា លោក​សាស្ត្រាចារ្យ «Samuel Paty» នឹងត្រូវតែងតាំង ជាវីរបុរសដែលមានស្នាដៃ នៅក្នុងវិស័យ​សិក្សាធិការ។ នេះជាឋានៈ​ដ៏ពិសិដ្ឋ សម្រាប់បណ្ដាគ្រូបង្រៀន នៅក្នុងប្រទេសបារាំង។

លោក «Jean-Michel Blanquer» ថ្លែងថា៖

«ជាថ្មីម្ដងទៀត វីរភាពរបស់លោក (Samuel Paty) សក្ដិសមនឹងទទួលបាន ការតបស្នង ពីស្ថាប័នសិក្សាធិការជាតិ។»

លោក «Samuel Paty» គ្រូបង្រៀន«ភូមិសាស្ត្រ-ប្រវត្តិវិជ្ជា» ថ្នាក់ទី៤ នៃអនុវិទ្យាល័យក្រុង «Conflans-Sainte-Honorine (ជាយក្រុងនៃរដ្ឋធានីប៉ារីស)» ត្រូវបានភេរវជនម្នាក់ សម្លាប់ដោយ«កាត់ក» កាលពីថ្ងៃសុក្រ បន្ទាប់ពីលោកបាន​បង្ហាញ​រូបត្លុក «មហាមេដ (Mahomet – ព្យាការីសាសនាអ៊ីស្លាម)» ទៅដល់​កូនសិស្ស ក្នុងថ្នាក់របស់ខ្លួន កាលពីជាង១០ថ្ងៃមុន។

ឃាតកម្មដ៏សាហាវនេះ ទទួលបានប្រតិកម្ម យ៉ាងម៉ឺងម៉ាត់ ពីសំណាក់រដ្ឋាភិបាលបារាំង ក្នុងនោះមនុស្សជាង១០នាក់ ត្រូវបានឃាត់ខ្លួន ព្រះវិហារមូស្លីមយ៉ាងហោចមួយ ត្រូវបានបិទទ្វា ខណៈសមាគមការពារ​មនោគមវិជ្ជា​អ៊ីស្លាមមួយចំនួន កំពុងប្រឈម​នឹងការរំលាយចោល ហើយមនុស្សអ៊ីស្លាមនិយមតឹងច្រើននាក់ នឹងត្រូវបណ្ដេញចេញ ពីប្រទេសបារាំង៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។