ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានថ្លែងក្នុងយប់ថ្ងៃអង្គារថា ព្រះវិហារ «Notre-Dame» ដ៏ល្បីនៃរដ្ឋធានីប៉ារីស នឹងត្រូវជុសជុលឡើងវិញ ឲ្យបានរួចរាល់ នៅក្នុងរយៈពេល«៥ឆ្នាំ»។
ថ្លែងនៅតាមកញ្ចក់ទូរទស្សន៍ លោក អេម៉ានុយអែល ម៉ាក្រុង បានបញ្ជាក់ថា៖
«យើងនឹងសាងសង់ព្រះវិហារ “Notre-Dame”នេះឡើងវិញ ឲ្យកាន់តែស្រស់ស្អាតថែមទៀត។ ខ្ញុំចង់ធ្វើវាឲ្យរួចរាល់ នៅក្នុងរយៈពេល”៥ឆ្នាំ”។ យើងពិតជាអាចធ្វើបាន ហើយក្នុងពេលនេះ យើងកំពុងតែត្រៀមអ្វីៗគ្រប់យ៉ាង។»
ប៉ុន្តែសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ របស់ប្រធានាធិបតី ម៉ាក្រុង បានបង្កការខកចិត្ត សម្រាប់ប្រជាជនបារាំងខ្លះ ដែលទន្ទឹងឲ្យលោកថ្លែង ពីបញ្ហាសង្គមជាច្រើន ជុំវិញការធ្វើកំណែទម្រង់ នៃរដ្ឋាភិបាលរបស់លោក ដោយហេតុថា លោកបានពន្យាពេល ដើម្បីប្រកាស ពីចំណាត់ការទាំងនោះ ទៅថ្ងៃខាងមុខវិញ។
លោកថា៖
«ខ្ញុំនឹងវិលត្រឡប់ មកនិយាយឡើងវិញ នៅប៉ុន្មានថ្ងៃខាងមុខ ដើម្បីលើកឡើងអំពីអ្វី ដែលយើងត្រូវធ្វើ ទាក់ទងនឹងបញ្ហានយោបាយ និងសង្គម។ នៅថ្ងៃស្អែក នយោបាយ និងព្រឹត្តិការណ៍ទាំងឡាយ នៅជុំវិញបញ្ហានយោបាយ នឹងវិលមករកតុជជែកគ្នាវិញ។ តែនៅពេលនេះ មិនមែនជាពេលវេលា ដែលត្រូវជជែក ពីបញ្ហាទាំងនេះទេ។»
ក្នុងយប់ថ្ងៃចន្ទ ព្រះវិហារ «Notre-Dame de Paris» បានរងអគ្គិភ័យយ៉ាងសន្ធោសន្ធៅ បង្កឲ្យសំណង់មហាគ្រឹះមួយភាគ ជាពិសេសដំបូលធ្វើអំពីឈើ ដែលមានវ័យចំណាស់ តាំងពីច្រើនរយឆ្នាំ ត្រូវបានកម្ទេចក្លាយជាផេះ។ ក្នុងយប់នោះ លោកប្រធានាធិបតីបានគ្រោងថ្លែង ទៅកាន់ប្រជាជាតិ អំពីគោលនយោបាយទាំងឡាយ ដែលរដ្ឋាភិបាលរបស់លោក នឹងត្រូវដាក់ចេញ សម្រាប់កំណែទម្រង់។
តែអគ្គិភ័យមិនបានបំផ្លាញ គ្រោងសំណង់របស់ព្រះវិហារ ដែលធ្វើអំពីថ្មនោះទេ។ នេះ បើតាមការអះអាង របស់ប្រធានស្ថាប័នពន្លត់អគ្គិភ័យ នៃរដ្ឋធានីប៉ារីស ដែលគូសបញ្ជាក់ ពីការងារដ៏គួរឲ្យកត់សម្គាល់ នៃបណ្ដាអ្នកលត់អគ្គិភ័យ ច្រើនជាង៤០០នាក់ ដែលត្រូវបានបញ្ជូន ទៅពន្លត់អគ្គិភ័យ។
បើតាមរដ្ឋអាជ្ញារបារាំង ដែលបានប្រកាស បើកការស៊ើបអង្កេត អំពីហេតុការណ៍ខាងលើ បានពន្យល់ថា ក្នុងដំណាក់កាលនេះ គ្រោះឧប្បត្តិវហេតុបណ្ដាលពីការដ្ឋាន ជុសជុសព្រះវិហារ ជាការសង្ស័យខ្លាំងជាងគេ របស់អាជ្ញាធរ។ សហគ្រាស «Europe Échafaudage» ក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនជាច្រើន ដែលទទួលបន្ទុកជុសជុលព្រះវិហា បានអះអាងថា គ្រប់ចំណុចនៃវិធានការសុវត្ថិភាព នៅក្នុងការដ្ឋាន ត្រូវបានគោរពយ៉ាងខ្ពាប់ខ្ជួន៕