បារាំង

ទទួល«អំណោយ»ជិត​១ពាន់លាន​អ៊ឺរ៉ូ ដើម្បីជុសជុល Notre-Dame

គ្រាន់តែក្នុងរយៈពេល​មិនដល់ពីរថ្ងៃ ស្រួលបួលផងទេ សហគ្រាសយក្សធំៗ និងមហាសេដ្ឋី របស់ប្រទេសបារាំង បានរួមគ្នាធ្វើ«អំណោយ» សម្រាប់ជុលជុលព្រះវិហារ «Notre-Dame» ឡើងវិញ។ មកដល់ម៉ោងនេះ ទឹកប្រាក់អំណោយមានប្រមាណជិត ១ពាន់​លាន​អ៊ឺរ៉ូហើយ។

តាមច្បាប់បារាំង គ្រប់អំណោយទាំងឡាយ ដែលមានទិសដៅបម្រើឲ្យសង្គម និងបុព្វហេតុរួម នឹងផ្ដល់ផលប្រយោជន៍ សម្រាប់ម្ចាស់អំណោយ នូវការលើកលែងពន្ធដារ ក្នុងកម្រិត៦០% នៃទឹកប្រាក់អំណោយ។

ពីក្នុងចំណោមនោះ ម្ចាស់អំណោយដ៏មហាសាល ដែលគួរឲ្យកត់សម្គាល់ រួមមាន៖

  • ក្រុមគ្រួសារមហាសេដ្ឋី ត្រកូល «Arnault» ដែលជាម្ចាស់សហគ្រាស «LVMH» នៃផលិតផលតុបតែងកាយដ៏ប្រណិត (Luis Viton, …) បានជូនជាអំណោយ ២០០លានអ៊ឺរ៉ូ។
  • គ្រួសារមហាសេដ្ឋី ត្រកូល «Bettencourt» ដែលជាម្ចាស់សហគ្រាស «Oréal» នៃផលិតផលតុបតែងកាយ ដ៏ប្រណិត បានជូនជាអំណោយ ២០០លានអ៊ឺរ៉ូ។
  • ក្រុមគ្រួសារមហាសេដ្ឋី ត្រកូល «Pinault» ដែលជាម្ចាស់សហគ្រាស «Kering» នៃផលិតផលតុបតែងកាយ ដ៏ប្រណិត និងជាម្ចាស់ក្រុមហ៊ុនបណ្ដាក់ទុន «Artemis» បានជូនជាអំណោយ ១០០លានអ៊ឺរ៉ូ។ ក្រុមគ្រួសារនេះ បានចេញមកអះអាង កាលពីម្សិលម៉ិញថា អំណោយខ្លួនមិនមានបំណង ចង់បានផលប្រយោជន៍ត្រឡប់មកវិញ នូវការលើកលែងពន្ធទេ។
  • ក្រុមហ៊ុនប្រេងឥន្ទនៈ «Total» បានផ្ដល់ជាអំណោយ១០០លានអ៊ឺរ៉ូ។
  • សហគ្រាស «JCDecaux» ដែលមានជំនាញខាងការផ្សាយពាណិជ្ជកម្ម និងអចលនទ្រព្យ បានផ្ដល់ជាអំណោយ ២០លានអ៊ឺរ៉ូ។
  • ក្រុមគ្រួសារត្រកូល «Bouygues» ដែលជាម្ចាស់ក្រុមហ៊ុនទូរគមនាគមន៍ និងអចលនទ្រព្យ «Bouygues Groupe» បានផ្ដល់អំណោយ ១០លានអ៊ឺរ៉ូ។
  • ក្រុមគ្រួសារត្រកូល «Kravis» ជនជាតិអាមេរិក និងជាម្ចាស់ក្រុមហ៊ុនបណ្ដាក់ទុន «KKR» បានជូនអំណោយ១០លានដុល្លារ (ត្រូវជា៨,៨៥លានអ៊ឺរ៉ូ)។
  • ធនាគារបារាំងជាច្រើន រួមមាន «BNP Paribas» «Crédit agricole» «BPCE» និង «Société générale» ជាដើម នឹងផ្ដល់អំណោយមិនតិចជាង ៣៥លានអ៊ឺរ៉ូ។
  • សហគ្រាសធានារ៉ាប់រង់ «Axa France» សន្យាផ្ដល់១០លានអ៊ឺរ៉ូ ខណៈសហគ្រាសធានារ៉ាប់រង «Groupama» សន្យានឹងផ្ដល់ជូនឈើខ្លឹម ១៣០០ដើម ដែលកាប់ចេញពីព្រៃ ក្នុងប្រទេសបារាំង។

ចំណែកមូលនិធិបេតិកភ័ណ្ឌ «Fondation du patrimoine» ដែលទទួលបន្ទុកទ្រទ្រង់ បណ្ដាមហាគ្រឹះ អាគារដ៏មានតម្លៃ… នៅក្នុងប្រទេសបារាំង បានទទួលប្រាក់«អំណោយ» ពីគ្រប់មជ្ឈដ្ឋាន ទាំងក្នុងនិងក្រៅប្រទេស បានចំនួន ១៣៦,៣លានអ៊ឺរ៉ូហើយ មកទល់នឹងម៉ោងនេះ ដើម្បីកម្មវត្ថុតែម្យ៉ាង គឺជុសជុលព្រះវិហារ «Notre-Dame» ឡើងវិញ។ ម្ចាស់អំណោយ ដែលដាក់ប្រាក់វិភាគទានខ្លួន នៅក្នុងមូលនិធិនេះ មានមួយចំនួន មិនចង់ឲ្យគេបញ្ចេញឈ្មោះទេ៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។