អាជ្ញាធរបារាំងកំពុងតាមប្រមាញ់«ជនជិះកង់»ម្នាក់ យ៉ាងសកម្មបំផុត។ ជនម្នាក់នេះ ទំនងជាប់សង្ស័យ នៅក្នុងហេតុការណ៍បំផ្ទុះកញ្ចប់ផ្លុងចោល នៅខាងមុខហាងនំប៉័ង កណ្ដាលក្រុងលីយ៉ុង (ភាគខាងត្បូង) កាលពីថ្ងៃសុក្រសប្ដាហ៍មុន។
រហូតមកដល់ម៉ោងនេះ ការបំផ្ទុះ ដែលបង្ករបួសដល់មនុស្សច្រើននាក់ មិនមានក្រុមណាមួយចេញមុខ មកទទួលខុសត្រូវទេ។
កាលពីល្ងាចថ្ងៃសៅរ៍ នគរបាលជាតិបារាំង បានបញ្ចេញរូបភាពថ្មីៗទៀត អំពីជនសង្ស័យខាងលើ ដែលមានអាយុប្រមាណជាង៣០ឆ្នាំ និងដែលត្រូវបានថតជាប់ ដោយកាម៉េរ៉ាសុវត្ថិភាព ឃើញបានយកស្បោង – ទំនងជាផ្ទុកដោយគ្រាប់បែកបង្កៃ – ទៅដាក់នៅទីកន្លែងកើតហេតុ។
ប្រភពពីអ្នកស៊ើបអង្កេត បានឲ្យដឹងថា ស្លាកស្នាម «ADN» ត្រូវបានរកឃើញនៅលើកញ្ចប់ផ្លុងចោលនោះ ប៉ុន្តែនៅមិនទាន់ស្គាល់អត្តសញ្ញាណ ពីម្ចាស់«ADN»នេះនៅឡើយ។ រីឯគ្រាប់បែកបំផ្ទុះនោះ ឆ្នៃឡើងដោយដៃ និងមានកម្លាំងខ្សោយ។
កាលពីរសៀលថ្ងៃសៅរ៍ បណ្ដាជនអ្នករស់នៅ និងអ្នករកទទួលទាន នៅតាមបណ្ដោយផ្លូវដែលកើតហេតុ បានជួបជុំគ្នា ដើម្បីបង្ហាញកម្លាំងរួមគ្នា ប្រាប់ទៅជនប្រព្រឹត្តិថា ទង្វើដ៏កំសាក ដូចយ៉ាងការបង្កៃគ្រាប់បែកនេះ នឹងមិនធ្វើឲ្យពួកគេក្លបខ្លាច ឬប្ដូរទម្លាប់នោះទេ។
បើតាមតុល្យភាពចុងក្រោយ នៅក្នុងហេតុការណ៍នោះ បានបង្ហាញថា មនុស្ស១៣នាក់បានរងរបួសស្រាល ក្នុងនោះ៩នាក់ជាស្ត្រី ដោយមានម្នាក់ ជាកុមារីអាយុ១០ឆ្នាំ។ មនុស្សរងរបួស១១នាក់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាល នៅឯមន្ទីរពេទ្យ។
បើតាមរូបភាពដែលផ្ដល់ដោយអាជ្ញាធរ បញ្ជាក់ថា ជនជិះកង់ពាក់អាវពណ៌បៃតងចាស់ ស្លៀកខោខ្លីត្រឹមជង្គង់ពណ៌ស និងមានសាកាដូនៅពីក្រោយខ្នង។ អាជ្ញាធរក្រុងលីយ៉ុង បានប្រកាសពង្រឹងសន្តិសុខ ក្នុងចុងសប្ដាហ៍នេះ និងបានប្រកាសថា នឹងប្រើគ្រប់មធ្យោបាយ ដើម្បីតាមស្វែងរកជនសង្ស័យនោះ មកផ្ដន្ទាទោស។
មកដល់ម៉ោងនេះ រដ្ឋាភិបាលបារាំងនៅមិនទាន់សន្និដ្ឋានថា ទង្វើខាងលើជាអំពើភេរវកម្មនៅឡើយ៕