បាល់ទាត់

បាសា ធ្លាក់​ពីលើ​មេឃ​ឲ្យ វ៉ាឡង់ស៍ ដណ្ដើម​យក​ពានមួយ​ទៅបាត់ទៀត

ក្រុម បាសា (Barcelone FC – អេស្ប៉ាញ) ដែលហោះលើមេឃ ក្នុងឋានៈជាជើងឯក សម្រាប់ក្របខ័ណ្ឌប្រកួតជុំបូកពិន្ទុ «La Liga» នៃប្រទេសអេស្ប៉ាញ ស្រាប់តែធ្លាក់​មក​លើដី​វិញ បន្ទាប់ពីត្រូវក្រុម វ៉ាឡង់ស៍ (FC Valence – អេស្ប៉ាញ) ដណ្ដើមយក​ពាន​ក្របខ័ណ្ឌ «King Cup ឬ Copa del Rey» ទៅក្ដោបក្ដាប់ ក្នុងយប់ថ្ងៃសៅរ៍នេះ។

បើទោះបីជាសម្បូរដោយកីឡាករល្បីៗ និងមានទេពកោសល្យក្ដី តែក្រុមអ្នកមានបុណ្យ ដែលជាម្ចាស់ពានក្របខ័ណ្ឌដដែល បួនរដូវកាលជាប់គ្នា ត្រូវបានបំបាក់ក្នុងពិន្ទុ ១-២ ដោយក្រុម វ៉ាឡង់ស៍ ដែលសម្បូរដោយកីឡាករក្មេងៗ រហ័សរហួន និងវាយសម្រុកប្រកបដោយប្រសិទ្ធភាព ជាពិសេសនៅក្នុងពាក់កណ្ដាលម៉ោងដំបូង។

ការលើកពានឆ្នាំនេះ នឹងធ្វើឲ្យក្រុម វ៉ាឡង់ស៍ ឈ្នះពានក្នុងក្របខណ្ឌ «Copa del Rey» សរុបចំនួន៨ដងហើយ នៅក្នុងប្រវត្តិសាស្ត្ររបស់ក្រុម។ ខណៈក្រុម បាសា នៅរក្សាតួលេខ នៃការលើកពានមួយនេះ ខ្ពស់ជាងគេបង្អស់ (៣០ដង) បើប្រៀបធៀបនឹងក្រុមបាល់ទាត់ដទៃទៀត នៅប្រទេសអេស្ប៉ាញ។ 

មិត្តរួមក្រុមរបស់កីឡាករ លីយ៉ូនែល ម៉េស៊ី (Lionel Messi) បានលើកពានមួយនេះ បួនរដូវកាលជាប់គ្នា រវាងពីឆ្នាំ ២០១៥-២០១៨ ស្មើគ្នានឹងក្រុម រៀលម៉ាឌ្រីដ (Real Madrid – អេស្ប៉ាញ) ដែលលើកពាននេះ បួនរដូវកាលជាប់គ្នា រវាងពីឆ្នាំ ១៩០៥-១៩០៨ និងក្រុម អាត្លេទីក ប៊ីបាវ (Athletic Bilbao – អេស្ប៉ាញ) ដែលលើកពានដដែល បួនរដូវកាលជាប់គ្នាដែរ រវាងពីឆ្នាំ១៩៣០-១៩៣៣។

អ្នករកគ្រាប់បាល់បាន ក្នុងការប្រកួតផ្ដាច់ព្រ័ត្រ ឆ្នាំ២០១៩ កាលពីយប់ថ្ងៃសៅរ៍នេះ៖ ក្រុម វ៉ាឡង់ស៍ មានកីឡាករ «Kevin Gameiro» នៅនាទីទី២១ និងកីឡាករ «Rodrigo» នៅនាទីទី៣៣ ខណៈក្រុមបាសាឡូន មានកីឡាករ លីយ៉ូនែល ម៉េស៊ី នៅនាទីទី៧៣៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។