បារាំង

ធ្លាក់​យន្ដហោះ​«ពន្លត់​អគ្គិភ័យ»​ នៅ​ភាគ​ខាងត្បូង​បារាំង ស្លាប់​អ្នក​បើកបរ

ស្នងការដ្ឋានតំបន់ «Gard» (ភាគខាងត្បូង នៃប្រទេសបារាំង) បានអះអាងថា អ្នកបើកបរយន្ដហោះ«ពន្លត់​អគ្គិភ័យ»ម្នាក់ បានស្លាប់ ក្នុងខណៈខ្លួនកំពុងបំពេញភារកិច្ច តែបានជួបគ្រោះអកុសល ដោយយន្ដហោះរបស់ខ្លួន បានធ្លាក់បោកខ្លួន ផ្ទុះឆេះ។

សេចក្ដីប្រកាសព័ត៌មាន របស់ស្នងការដ្ឋានតំបន់ បានឲ្យដឹងថា ហេតុការណ៍នេះ កើតឡើងវេលាម៉ោង ១៧និង២០នាទី (ម៉ោងក្នុងប្រទេសបារាំង) ក្បាលព្រលប់ថ្ងៃសុក្រនេះ។ ស្នងការដ្ឋានបានបន្ថែមទៀតថា ការស៊ើបអង្កេតមួយ កំពុងប្រព្រឹត្តិទៅ និងស្ថិតក្រោមការដឹកនាំ របស់រដ្ឋអាជ្ញាជាតិ​ប្រចាំតំបន់ ដែលបានធ្វើដំណើរ ទៅកាន់កន្លែងកើតហេតុដោយផ្ទាល់។

រូបភាពផ្ដល់ដោយទូរទស្សន៍បារាំង បានបង្ហាញពីទិដ្ឋភាព នៃការធ្លាក់យន្ដហោះនោះ ដែលគ្របដណ្ដប់ដោយផ្សែងខ្មួលខ្មាញ់។ សាក្សីដែលបានឃើញហេតុការណ៍ ត្រូវបានស្រង់សំដីមកអះអាងថា មុនពេលយន្ដហោះធ្លាក់ គេបានឃើញផ្សែងខ្មៅ ហុយចេញពីយន្ដហោះ ដែលបានហោះ ព្យាយាមពន្លត់ភ្លើងឆេះព្រៃ នៅក្នុងតំបន់ និងបានហោះ នៅកំពស់មួយយ៉ាងទាប។

បើតាមក្បួតខ្នាតបច្ចេកទេស យន្ដហោះពន្លត់ភ្លើងឆេះព្រៃ មិនត្រូវបានអនុញ្ញាតឲ្យហោះ នៅកំពស់ទាបពេកទេ ព្រោះអាចបណ្ដាល​ឲ្យកម្ដៅព្រះអគ្គិ ឆាបឆេះដល់យន្ដហោះ៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។