កម្ពុជា

សម រង្ស៊ី បន្ត​ទម្លាយ​ដំណឹង​ថា ហ៊ុន សែន ត្រៀមសម្លាប់ ហ៊ីង ប៊ុនហៀង

មេដឹកនាំប្រឆាំង បានបង្ហោះសារ ទាក់ទងនឹងផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា ជាបន្តទៀត។ ហើយលើកនេះ លោក សម រង្ស៊ី បានងាកមកឲ្យដំណឹង ទាក់ទងនឹងលោក ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងអង្គរក្ស របស់លោក ហ៊ុន សែន ម្ដង។

អ្វីដែលពិសេសជាងរាល់ដង គឺលើកនេះ លោក សម រង្ស៊ី បានលើកយកដំណឹង ដែលលោកអះអាងថា ទទួលបានពីមនុស្សជិតដិត របស់លោក ហ៊ីង ប៊ុនហៀង នៅកម្ពុជា រួមនឹងរូបថតច្រើនសន្លឹក មកបញ្ជាក់ជាអំណះអំណាងផង។

លោក សម រង្ស៊ី បានសរសេរ នៅលើទំព័រហ្វេសប៊ុករបស់លោកថា៖

«ហ៊ុន សែន ត្រៀមកម្ចាត់ ហ៊ីង ប៊ុនហៀង ដូចគាត់បានធ្វើចំពោះ ហុក ឡង់ឌី ដើម្បីបំបិទមាត់ជាស្ថាពរ។ ហ៊ីង ប៊ុនហៀង ដឹងរឿងច្រើនពេក ទាក់ទងអំពើឃាតកម្មទាំងឡាយ ដែល ហ៊ុន សែន បានបញ្ជាឲ្យគាត់ប្រព្រឹត្ត ដូចជា ការវាយប្រហារដោយគ្រាប់បែកដៃ នៅទីក្រុងភ្នំពេញ ថ្ងៃ ៣០ មិនា ១៩៩៧។»

«ឥឡូវនេះ ទាំងអាជ្ញាធរអាមេរិកាំង ទាំងអាជ្ញាធរបារាំង តាមចាប់ ហ៊ីង ប៊ុនហៀង យកទៅសួរចម្លើយ ឬក៏ហាមឃាត់មិនឲ្យ ហ៊ីង ប៊ុនហៀង មកជាន់ទឹកដីសហរដ្ឋអាមេរិក ឬប្រទេសបារាំង។ ពេលចាប់បាន យកទៅសួរចម្លើយ ហ៊ីង ប៊ុនហៀង ច្បាស់ជាឆ្លើយដាក់ ហ៊ុន សែន ហើយ ដូចគាត់បានបញ្ជាក់ ជាសាធារណៈរួចមកហើយថា អ្វីៗដែលគាត់បានធ្វើ គឺតាមបញ្ជា ហ៊ុន សែន ទាំងអស់។»

បើតាមមេដឹកនាំប្រឆាំង ដែលកំពុងរស់នៅនិរទេសខ្លួន នៅក្រៅប្រទេស បានពន្យល់ទៀតថា ទាំងលោក ហ៊ុន សែន និងទាំងលោក ហ៊ីង ប៊ុនហៀង សុទ្ធតែភ័យពីគ្នា ទៅវិញទៅមក។

លោកសរសេរបន្តថា៖

«ហ៊ុន សែន ក៏កំពុងតែភ័យខ្លាច ហ៊ីង ប៊ុនហៀង ដែរ ហើយបានបញ្ជាឲ្យគេតាមដាន ហ៊ីង ប៊ុនហៀង យ៉ាងស្អិត ព្រមទាំងបញ្ជា ឲ្យគេបង្កកដីធ្លីរបស់ ហ៊ីង ប៊ុនហៀង កុំឲ្យគាត់លក់ ដើម្បីប្រមូលលុយ ធ្វើសកម្មភាពប្រឆាំង ហ៊ុន សែន។»

នេះ មិនមែនជាលើកទីមួយទេ ដែលមានការផ្សាយដំណឹង ឬពាក្យចចាមអារាម ទាក់ទងនឹងនឹងមនុស្សជំនិត របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ កាលពីប៉ុន្មានថ្ងៃមុន គណនីហ្វេសប៊ុកមួយ បានអះអាងថា លោក ហ៊ីង ប៊ុនហៀង កំពុងត្រៀងមអមដំណើរ វិលចូលស្រុកវិញ របស់លោក សម រង្ស៊ី។

ប៉ុន្តែដំណឹងនោះ ត្រូវបានលោក ហ៊ីង ប៊ុនហៀង ចេញមុខមកបដិសេធចោល តាមរយៈប្រព័ន្ធឃោសនាក្នុងស្រុក។ លោកនៅបានព្រមានទៀតថា នឹងចាត់វិធានការ ដើម្បីប្រឆាំង នឹងការផ្សព្វផ្សាយ​ព័ត៌មាន​«បំភ្លៃ» ទាំងនេះផង។

កាលពីពាក់កណ្ដាលខែមិថុនា ឆ្នាំកន្លងទៅ លោក ហ៊ីង ប៊ុនហៀង ជាឥស្សរជនកម្ពុជាទីមួយ ដែលត្រូវបានក្រសួងរតនាគារអាមេរិក ដាក់ចូល​ក្នុង​បញ្ជីខ្មៅ ដែលត្រូវបង្កកទ្រព្យសម្បត្តិ បន្ទាប់ពីរដ្ឋាភិបាល នៃប្រទេសមហាអំណាច បានរកឃើញថា លោក ហ៊ីង ប៊ុន​ហៀង បានចូលរួមដោយផ្ទាល់ ក្នុងការរំលោភ​សិទ្ធិមនុស្ស​​ធ្ងន់ធ្ងរ ក្នុង​​រយៈ​ពេល​ជា​ច្រើន​​ឆ្នាំ​​ចុង​ក្រោយ​នេះ៕

» សំណេររបស់លោក សម រង្ស៊ី ទាំងស្រុង៖

០២ សីហា ២០១៩ / 02 August 2019 – Hing Bun Heang versus Hun Sen (*) ហ៊ុន សែន ត្រៀមកម្ចាត់ ហ៊ីង ប៊ុនហៀង…

Posted by Sam Rainsy on Friday, August 2, 2019
សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។