ទំនាក់ទំនងរវាងប្រទេសចិន និងកូរ៉េខាងជើង «មិនអាចបំបាក់»បានឡើយ។ នេះ ជាការអះអាងឡើងរបស់លោក គីម ជុងអ៊ុន (Kim Jong-un) មេដឹកនាំរបបកុម្មុយនីស្ដិ៍កូរ៉េ ដែលត្រូវបានទីភ្នាក់ងារព័ត៌មានផ្លូវការ «KCNA» ស្រង់យកមកចុះផ្សាយ នៅថ្ងៃសុក្រនេះ ដែលជាថ្ងៃទីពីរ នៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន នៅក្នុងរដ្ឋធានីព្យុងយ៉ាង។
ទីភ្នាក់ងារ «»KCNA» បានលើកឡើងថា ដំណើរទស្សនកិច្ចនៃមេដឹកនាំចិន ដែលជាសម្ព័ន្ធមិត្ត ជា«ឱកាសដ៏សំខាន់» សម្រាប់ប្រទេសទាំងពីរ ក្នុងការបង្ហាញទៅកាន់ពិភពលោកទាំងមូល អំពីទំនាក់ទំនង«មិនអាចបំបាក់» និងអំពីមិត្តភាព«មិនអាចផ្លាស់ប្ដូរ» បានឡើយ។
ចំណែកឲ្យទូរទស្សន៍ចិនវិញ បានរាយការណ៍ដែរថា ប្រធានាធិបតីចិន លោក ស៊ី ជិនភីង (Xi Jinping) ត្រូវបានស្រែកស្វាគមន៍ ដោយបណ្ដាជនកូរ៉េខាងជើង «រាប់ម៉ឺននាក់»។
ជាដំណើរទស្សនកិច្ចលើកដំបូង ពីសំណាក់មេដឹកនាំកំពូល របស់ប្រទេសចិន រាប់ចាប់តាំងពីឆ្នាំ២០០៥មក និងចាប់តាំងពីភាពតានតឹង ការផ្ទុះឡើង បណ្ដាលមកពីកម្មវិធីនុយក្លេអ៊ែរ របស់ប្រទសកូរ៉េកុម្មុយនីស្ដិ៍ ដែលធ្វើឲ្យប្រទេសនេះ រងទណ្ឌកម្មពីសហគមន៍អន្តរជាតិ (រួមទាំងប្រទេសចិនផង)។
ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េ បានបន្តទៀតថា នៅតាមបណ្ដាដងផ្លូវ នៃរដ្ឋធានីព្យុងយ៉ាង មានពោរពាស ដោយ«មិត្តភាពដ៏ជ្រាលជ្រៅ» ចំពោះប្រជាជនចិន ដែលបាន«រួមទុក្ខរួមសុខ» ជាមួយប្រជាជនកូរ៉េខាងជើង នៅក្នុងការកសាងលទ្ធិសង្គមនិយមរបស់ខ្លួន។
ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជិនភីង ធ្វើឡើងក្នុងខណៈពេល ដែលប្រទេសជិតខាងទាំងពីរ កំពុងរងសម្ពាធពីរដ្ឋបាល របស់ប្រធានាធិបតីអាមេរិកបច្ចុប្បន្ន ដែលមានសភាព កាន់តែតានតឹងឡើងៗ។ លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីរបស់ប្រទេសមហាអំណាច ចង់ឲ្យប្រទេសកូរ៉េខាងជើង ធ្វើការរំសាយចោលទាំងស្រុង នូវអាវុធនុយក្លេអ៊ែររបស់ខ្លួន និងចង់ឲ្យប្រទេសចិន ធ្វើសម្បទានពាណិជ្ជកម្ម ឲ្យបានទូលាយ។
ប្រទេសចិន និងកូរ៉េខាងជើង បានក្លាយជាសម្ព័ន្ធមិត្តនឹងគ្នា នៅក្នុងអំឡុងសង្គ្រាមកូរ៉េ រវាងពីឆ្នាំ១៩៥០ – ១០៥៣ ដើម្បីអ្វីមួយដែលប្រទេសទាំងពីរ អះអាងថា ជាការប្រឆាំងនឹងសហរដ្ឋអាមេរិក ដែលជា«សត្រូវរួម»៕