ពិភពលោក

ត្រាំ រំលើកថា​បាន​លប់ចោល​ការវាយប្រហារ អៀរ៉ង់ ដើម្បី​កុំឱ្យ​ស្លាប់​មនុស្ស

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានអះអាងនៅថ្ងៃសុក្រនេះថា លោកមិនជាប្រញាប់ប្រញាល់ណាស់ណា ក្នុងការឆ្លើយតប ដោយកម្លាំងយោធា តបនឹងប្រទេស អៀរ៉ង់ នោះឡើយ។ លោកបានរំលើកទៀតថា លោកបានលុបចោល នូវគម្រោងវាយប្រហារមួយ កាលពីថ្ងៃព្រហស្បតិ៍ ដោយសារការវាយប្រហារនោះ អាចធ្វើឲ្យមានមនុស្សស្លាប់ជាច្រើនមាក់។

លោក ត្រាំ បានលើកឡើងដូច្នេះ នៅលើបណ្ដាញសង្គមទ្វីសធើ ដោយគូសបញ្ជាក់ថា ការវាយប្រហារនោះ បានកំណត់យកទិសដៅ ៣ទីតាំង។ លោកថា លោកបានបញ្ជាឱ្យលុបចោល នូវគម្រោងវាយប្រហារនោះ នៅ១០នាទីមុនពេលកំណត់ បន្ទាប់ពីលោកទទួលដំណឹងថា ការវាយប្រហារអាចធ្វើឱ្យមនុស្សស្លាប់ យ៉ាងតិច១៥០នាក់។

ប្រធានាធិបតីអាមេរិក បានឲ្យដឹងទៀតថា ចំនួនជនរងគ្រោះដល់ថ្នាក់នេះ មិនសមាមាត្រនឹងទង្វើរបស់កងទ័ពអៀរ៉ង ដែលបានបាញ់ទម្លាក់យន្តហោះចារកម្ម ដែលគ្មានមនុស្សបើក (Drone) របស់កងទ័ពអាមេរិក កាលពីពីរថ្ងៃមុនទេ។

សម្រាប់ប្រទេសអៀរ៉ង់វិញ បានបដិសេធថា ខ្លួនមិនបានទទួលព័ត៌មាន នៃការវាយប្រហារ ដែលថាកងទ័ពអាមេរិកនឹងត្រូវធ្វើ ក្នុងពេលឆាប់ៗមកនេះទេ។ នេះបើតាមការអះអាង របស់លោក «Keyvan Khosravi» អ្នកនាំពាក្យក្រុមប្រឹក្សាជាន់ខ្ពស់ សម្រាប់សន្តិសុខជាតិអៀរ៉ង់។

អ្នកនាំពាក្យថែមទាំងច្រានចោល ការផ្សាយព័ត៌មានរបស់សារព័ត៌មានបរទេសចំនួន២ ដែលរាយការណ៍ថា សហរដ្ឋអាមេរិកបានជូនដំណឹង តាមប្រទេសអូម៉ង់ ថាប្រទេសមហាអំណាចត្រៀមបើកការវាយលុក លើកលែងតែក្នុងករណី ដែលអៀរ៉ង់យល់ព្រមចរចា។ លោក «Keyvan Khosravi» បានអះអាង តាមកញ្ចក់ទូរទស្សន៍ជាតិអៀរ៉ង់ថា៖

«ក្នុងករណីនេះ គ្មានអ្វីជាការពិតទាល់តែសោះ៕»

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។