អាស៊ី-ប៉ាស៊ីភិក

អតីតមហេសីស្ដេចថៃ រងការបង្ខំ ឲ្យកោរសក់បួស និងបង្ខាំង​នៅក្នុងផ្ទះ?

[ទណ្ឌកម្មស្នេហ៍] អ្នកម្នាង ស្រីរស្មី (Srirasmi) អតីតមហេសីទី៣ របស់ព្រះមហាក្សត្រថៃសព្វថ្ងៃ ត្រូវបានបង្ខំ ឲ្យកោរសក់បួស ជា«ដូនជី» និងបង្ខាំងឲ្យរស់នៅក្នុងផ្ទះ។ នេះ បើតាមប្រភពស្ថិតនឹងព្រះបរមរាជវាំងថៃ ដែលត្រូវបានសារព័ត៌មានជាច្រើន ក្នុងទ្វីបអ៊ឺរ៉ុបខាងលិច ដកស្រង់យកមកចុះផ្សាយ ក្នុងសប្ដាហ៍នេះ។

គួររំឮកឡើងវិញថា ព្រះហាក្សត្រសព្វថ្ងៃ នៃរាជាណាចក្រថៃ ព្រះបាទ មហា វិជ្ជរាឡុងកន (Maha Vajiralongkorn) មានមហេសីច្រើនអង្គនិងនាក់ ហើយអ្នកម្នាង ស្រីរស្មី ជាមហេសីម្នាក់ ដែលបានរៀបអភិសេកត្រឹមត្រូវ នៅឆ្នាំ២០០១។ នៅពេលនោះ ព្រះបាទ រាមាទី១០ នៅជារាជទាយាទ នៅឡើយ។

តែនៅខែឆ្នូ ឆ្នាំ២០១៤ ព្រះអង្គម្ចាស់រាជទាយាទ វិជ្ជរាឡុងកន បានសម្រេចលែងលះ ជាមួយអ្នកម្នាង ស្រីរស្មី ក្រោយពីលេចឮពាក្យចចាមអារាម និងបន្ទាប់ពីវីដេអូ​ដ៏អាស្រូវ​មួយ ត្រូវបានបែកធ្លាយ នៅលើអ៊ិនធើណែត។

ពាក្យចចាមអារាមនោះ បានលើកឡើងថា អ្នកម្នាង ស្រីរស្មី ធ្លាប់ជា«ស្រីបម្រើ» មុនបាន​ស្គាល់​ព្រះរាជទាយាទ។ ខណៈវីដេអូដ៏អាស្រូវវិញ បានបង្ហាញ​ពីទិដ្ឋភាពអ្នកម្នាង ស្រីរស្មី ដែល​គ្មាន​សម្លៀកបំពាក់ (ស្លៀកតែខោខ្លីមួយ) នៅក្នុងពិធីខួបកំណើត ធ្វើឲ្យសត្វឆ្កែ​មួយក្បាល របស់ទ្រង់ មហា វិជ្ជរាឡុងកន។

បន្ទាប់ពីបានលែងលះ អ្នកម្នាង ស្រីរស្មី ដែលមានបុត្រមួយអង្គ ជាមួយព្រះអង្គម្ចាស់​រាជទាយាទ បានបាត់ដំណឹងសូន្យឈឹង និងរហូតមកដល់សព្វថ្ងៃ។ តែនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ដំណឹងរបស់អ្នកម្នាង បានផ្ទុះឡើងវិញ ជាមួយនឹងរូបភាពប៉ុន្មានសន្លឹក។

នោះ គឺអ្នកម្នាងមានក្បាលកោរសក់ (កោរត្រងោល) ស្លៀកពាក់ជា«ដូនជី» និងកំពុង​ធ្វើការ ជាអ្នកថៃទាំសួនច្បារ និងបោសសម្អាត។ រូបភាពត្រូវបានទម្លាយចេញ ដោយ​គណនីមួយ នៅលើ​បណ្ដាញសង្គមទ្វីសធើរ មុននឹងត្រូវបានលោក «Andrew MacGregor Marshall» ដែលជា​អ្នកសារព័ត៌មាន​អង់គ្លេស ដ៏ល្បីឈ្មោះ លើកមកធ្វើ​អត្ថាធិប្បាយ​បន្ថែម។

ឲ្យកោរសក់បួស ព្រោះបានបំពេញ​ហឫទ័យ​ព្រះស្វាមី?

បើតាមអ្នកសារព័ត៌មានអង់គ្លេស បានលើកឡើងថា នេះ ជារឿងអាស្រូវថ្មីមួយទៀត របស់ព្រះបាទ រាមាទី១០ ដែលត្រូវបានបង្ហើបចេញ ជាសាធារណៈ។ លោកអះអាងទៀតថា ពេលនេះ អ្នកម្នាង ស្រីរស្មី ដែលមានអាយុ៤៨ឆ្នាំ និងមានឈ្មោះពេញ «Srirasmi Akharaphongpreecha» កំពុងរស់នៅក្នុងខេត្ត រាជបុរី ដែលស្ថិតនៅភាគ​ខាងលិច-​កណ្ដាល នៃប្រទេសថៃ។

រូបភាពបែកធ្លាយ​ទាំងអស់ របស់អ្នកម្នាង ស្រីរស្មី ទទួលបានការចែករំលែក មកទល់​នឹងម៉ោងនេះ រហូតដល់ជាង ៣៣ ០០០ដង គ្រាន់តែនៅលើបណ្ដាញសង្គមទ្វីសធើរមួយ។

ដូចការបែកធ្លាយ ក្នុងពេលកន្លងមកដែរ ព្រះបរមរាជវាំង និងរដ្ឋាភិបាលថៃ មិនដែល​ចេញមុខ ធ្វើការបកស្រាយ ឬប្រតិកម្មតប នឹងរឿងអាស្រូវទាំងនោះទេ។ ផ្ទុយទៅវិញ បណ្ដាជន​ដែលបញ្ចេញមតិរិះគន់ ចំពោះព្រះមហាក្សត្រ និងព្រះញាតិវង្ស បានរង​ការចាប់​ខ្លួន ដាក់​ពន្ធនាគារជាបន្តបន្ទាប់ ក្រោមច្បាប់​«ប្រមាថព្រះចេស្ដា» ដ៏តឹងតែងរបស់​ប្រទេស​ថៃ៕

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។