សហគ្រាសចិន ឈ្មោះ«FosunPharma» បានប្រកាសថាខ្លួន បានបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ (Covid-19) ចំនួនយ៉ាងហោច១០០លានដូស ពីសហគ្រាស«BioNTech» របស់ប្រទេសអាល្លឺម៉ង ហើយថាវ៉ាក់សាំងទាំងនេះ នឹងនាំមកដល់ប្រទេសចិន ក្នុងដើមឆ្នាំ២០២១នេះ។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មានមួយ របស់សហគ្រាសខាងលើ ដែលបានផ្ញើរទៅកាន់ទីផ្សារភាគហ៊ុន ក្នុងក្រុងហុងកុង កាលពីពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២០។
ថ្នាំវ៉ាក់សាំងរបស់សហគ្រាស«BioNTech» ដែលផលិតឡើង ក្រោមកិច្ចសហការជាមួយសហគ្រាស«Pfizer» របស់អាមេរិក បានទទួលការអនុញ្ញាត ឲ្យចាក់ជូនសាធារណជនទូទៅ នៅក្នុងប្រទេសជាច្រើន ជាពិសេសសហភាពអ៊ឺរ៉ុប (ដែលមានសមាជិក២៧ប្រទេស) សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។
បើតាមសេចក្ដីប្រកាសព័ត៌មាន ដែលធ្លាក់មកដល់ដៃអ្នកសារព័ត៌មាន បានអះអាងទៀតថា សហគ្រាស«FosunPharma» បានបង់ប្រាក់ប្រមាណជា ២៥០លានអ៊ឺរ៉ូរួចហើយ ដើម្បីទទួលបានវ៉ាក់សាំងចំនួន៥០លានដូស ក្នុងជំហានដំបូង។ វ៉ាក់សាំងទាំងនេះនឹងត្រូវដាក់លក់ ក្នុងប្រទេសចិនដីគោក ក្នុងក្រុងហុងកុង និងក្រុងម៉ាកាវ ហើយថាប្រាក់ចំណេញ ដែលទទួលបានពីការលក់វ៉ាក់សាំង នឹងត្រូវបែកចែកជា៣ភាគ ក្នុងនោះ ២ភាគសម្រាប់សហគ្រាស«FosunPharma» និង១ភាគសម្រាប់សហគ្រាស«BioNTech»។
យ៉ាងណា គេនៅមិនទាន់ដឹងថា តើថ្នាំវ៉ាក់សាំងរបស់សហគ្រាស«BioNTech» ដែលនាំចូលដោយសហគ្រាស«FosunPharma» ទទួលបានភ្លើងខៀវពីអាជ្ញាធរចិន ឬយ៉ាងណាទេ ខណៈក្រុងប៉េកាំងកំពុងបង្ហាញថ្នាំវ៉ាក់សាំងចិន ចំនួន៤ប្រភេទ ដែលឈានដល់ដំណាក់កាលធ្វើតេស្ដិ៍ចុងក្រោយ ទៅលើមនុស្ស។ នៅខណៈនេះ មន្ទីរពិសោធន៍ចិន បានធ្វើតេស្ដិ៍វ៉ាក់សាំងរបស់ផងខ្លួន នៅក្នុងប្រទេសជាច្រើន ដូចជាប្រទេសប្រេស៊ីល ប្រទេសអេមីរ៉ាត់រួម និងប្រទេសទួរគីជាដើម។
នៅក្នុងប្រទេសប៉េរូ ការធ្វើតេស្ដិ៍វ៉ាក់សាំង«Sinopharm» របស់ប្រទេសចិន ត្រូវបានផ្អាក បន្ទាប់ពីអ្នកស្ម័គ្រចិត្តធ្វើតេស្ដិ៍ បានទទួលរងការប៉ះពាល់ ផ្នែកប្រព័ន្ធសរសៃប្រសាទធ្ងន់ធ្ងរ។
រីឯភ្នាក់ងារត្រួតពិនិត្យឱសថ (Anvisa) របស់ប្រទេសប្រេស៊ីលវិញ បានប្រកាសកាលពីខែធ្នូ ឆ្នាំ២០២០ ថា ប្រទេសចិនបានប្រើប្រាស់លក្ខណៈវិនិច្ឆ័យ «មិនមានតម្លាភាព» ដើម្បីទទួលបានការអនុញ្ញាតឲ្យបញ្ចេញលក់ ទាំងប្រថុចញ៉ុច សម្រាប់ថ្នាំវ៉ាក់សាំង«CoronaVac» របស់មន្ទីរពិសោធន៍«Sinovac»។
ក្នុងពេលកន្លងមក ឧស្សាហកម្មផលិតឱសថ របស់ប្រទេសចិន ធ្លាប់រងការស្តីបន្ទោស ថាបានជាប់ទាក់ទងក្នុងរឿងអាស្រូវនៃការផលិតថ្នាំវ៉ាក់សាំងមិនសុទ្ធ៕