តារា ជនល្បី

ចំណងស្នេហ៍​«Ben Affleck»​និង​«Ana de Armas»​ចប់ហើយ

កំពូលតារាភាពយន្ដទាំងពីររូប លោក «Ben Affleck» និងនាង «Ana de Armas» បានបញ្ចប់ចំណងស្នេហ៍ ដែលមានអាយុ​ជិត១ឆ្នាំ​របស់ពួកគេ។ នេះ បើតាមការលើកឡើង របស់បណ្ដាញផ្សព្វផ្សាយអាមេរិក ដោយស្រង់ប្រភព​ស្និតនឹងអ្នកទាំងពីរ មកបញ្ជាក់។

ប្រភពនោះបានអះអាងថា៖

«“Ben”និង”Ana” បានចែកផ្លូវគ្នាហើយ។ ខណៈនេះ “Ben” កំពុងនៅទំនេរ (…) ពួកគេទាំងពីរ បានជជែក​តឹងសរសៃក​ម្ដងម្កាល និងបាន​ឌឺដងដាក់គ្នាបន្តិចបន្តួច ដែលជារឿងធម្មតា កើតឡើងនៅក្នុងគ្រប់គូស្នេហ៍ទាំងអស់។ តែមកដល់ដំណាក់កាលមួយ ចំណងស្នេហ៍​របស់ពួកគេ បានឈានដល់ចំណុច ដែលមិនអាចទៅមុខកើត ដូចដែលពួកគេចង់បាន។ ជាការសម្រេចចិត្ត ទាំងសងខាង។»

«ពួកគេ បានស្រឡាញ់គ្នា ហើយក៏មានការគោរព រវាងគ្នាខ្លាំងណាស់ដែរ។ តែនៅពេលនេះ ដល់ពេលដែលពួកគេ ត្រូវគិតពីរឿងផ្សេង តទៅអនាគត។»

បើតាមទស្សនាវដ្ដី «People» របស់អាមេរិក បានបញ្ជាក់ឲ្យដឹងទៀតថា តារាភាពយន្ដ លោក «Ben Affleck» អាយុ៤៨ឆ្នាំ និងនាង​ «Ana de Armas» អាយុ៣២ឆ្នាំ បានសម្រេចចែកផ្លូវគ្នា ដោយជជែកគ្នាតាមទូរស័ព្ទ។

ទស្សនាវដ្ដីបន្តថា មូលហេតុសំខាន់គឺនាង «Ana de Armas» គ្មានបំណង​មករស់នៅក្នុងក្រុង «Los Angeles» ជាមួយលោក «Ben Affleck» ដែលចាំបាច់ត្រូវរស់នៅទីនោះ ជាមួយកូនៗ​ទាំងបីនាក់​របស់លោក (កូនរបស់លោក “Ben” ជាមួយភរិយាមុន គឺនាង«Jennifer Garner»)។

កំពូលតារាភាពយន្ដហូលីវូដ (Hollywood) ទាំងពីរ បានចាប់ផ្ដើមចំណងស្នេហ៍ បន្ទាប់ពីពួកគេបានសំដែងរួមគ្នា ក្នុងភាពយន្ដ​រឿង «Deep Water (ជម្រៅជលសារ)» ដែលត្រូវបានថត កាលពីរដូវស្លឹកឈើជ្រុះ ឆ្នាំ២០១៩។ បន្ទាប់មក ពួកគេបានបង្ហាញជាផ្លូវការ ពីចំណងស្នេហ៍នេះ នៅលើ​បណ្ដាញសង្គម កាលពីដើមខែឧសភា ឆ្នាំ២០២០៕

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។