រដ្ឋមន្ត្រីការពារជាតិស្រីលង្កា លោក «Ruwan Wijewardene» បានថ្លែងក្នុងរដ្ឋសភា នៅថ្ងៃអង្គារនេះថា ការវាយប្រហារ ដោយការបំផ្ទុះគ្រាប់បែក ច្រើនកន្លែង កាលពីថ្ងៃអាទិត្យ ទំនងជា«ការសងសឹក» ចំពោះការបាញ់ប្រហារ ប្រឆាំងបណ្ដាជនកាន់សាសនាឥស្លាម នៅក្រុង «Christchurch» ប្រទេសញ៉ូហ្សេឡេន កាលពីពាក់កណ្ដាលខែកន្លងទៅ។
លោករដ្ឋមន្ត្រី បានថ្លែងឡើងថា៖
«ការស៊ើបអង្កេតជំហានដំបូង បានឲ្យដឹងថា អ្វីដែលបានកើតឡើង នៅស្រីលង្កា គឺជាទង្វើដើម្បីសងសឹក ទៅនឹងការវាយប្រហារ ប្រឆាំងអ្នកកាន់សាសនាឥស្លាម នៅក្រុង “Christchurch”។»
កាលពីថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៩ ជនម្នាក់ប្រដាប់ដោយអាវុធ បានចូលទៅបាញ់រះ ទៅលើបណ្ដាជនកាន់សាសនាឥស្លាម នៅក្នុងព្រះវិហារឥស្លាមពីរកន្លែង ក្នុងក្រុង «Christchurch» នៃប្រទេសញ៉ូហ្សេឡេន បណ្ដាឲ្យមានមនុស្សស្លាប់ ៥០នាក់ និងរបួសច្រើនសិបនាក់ទៀត។
លោក «Ruwan Wijewardene» បានថ្លែងពន្យល់ថា ក្រុមឥស្លាមនិយមក្នុងស្រុកមួយ ឈ្មោះ «National Thowheeth Jama’ath (NTJ)» ទំនងជានៅពីក្រោយទង្វើភេរវកម្មទាំងនោះ។ លោកបន្តថា ក្រុមនេះមានទំនាក់ទំនងស្និត ជាមួយក្រុមឥស្លាមនិយមជ្រុលមួយទៀត ឈ្មោះ «Jamaat-ul-Mujahideen India (JMI)» ដែលមានទីតាំង នៅក្នុងប្រទេសឥណ្ឌា។
សារព័ត៌មានក្នុងស្រុក បានអះអាងថា ក្រុម «JMI» មានបណ្ដាញរបស់ខ្លួន ក្នុងតំបន់ច្រើនកន្លែង ទាំងនៅប្រទេសឥណ្ឌា និងប្រទេសប៉ាគីស្ដង់។
លោករដ្ឋមន្ត្រីបានអះអាងទៀតថា ប្រទេសស្រីលង្កា ទទួលបានជំនួយយ៉ាងច្រើន ក្នុងការស៊ើបអង្កេត ពីសំណាក់សហគមន៍អន្តរជាតិ ប៉ុន្តែមិនបានបញ្ជាក់ ឲ្យបានលំអិតជាងនេះទេ។ លោកបានស្នើ ឲ្យរដ្ឋាភិបាលស្រីលង្កា ដាក់ក្រុម «NTJ» ចូលទៅក្នុងបញ្ជី នៃអង្គការភេរវនិយម ជាបន្ទាន់ ដើម្បីអនុញ្ញាតឲ្យអាជ្ញាធរ អាចមានចំណាត់ការ ទៅលើសមាជិករបស់ក្រុមនេះ។
តុល្យភាពនៃការបំផ្ទុះគ្រាប់បែក ច្រើនកន្លែង លើកោះស្រីលង្កា កាលពីថ្ងៃអាទិត្យ បានបន្តកើនឡើងទៀត។ ចំនួនមនុស្សស្លាប់ បានកើនឡើង ពី២៩០នាក់ កាលពីម្សិលម៉ិញ មកដល់៣១០នាក់ ក្នុងថ្ងៃអង្គារនេះ។ នគរបាលស្រីលង្កា បានអះអាងថា អ្នកស្លាប់បានកើនឡើង ដោយសារអ្នករងរបួសច្រើននាក់ បានផុតដង្ហើមជាបន្តបន្ទាប់ នៅឯមន្ទីរពេទ្យ។
មកដល់ម៉ោងនេះ អាជ្ញាធរស្រីលង្កាបានធ្វើការឃាត់ខ្លួន មនុស្សជាង៤០នាក់ហើយ៕