បើពន្យល់តាមលក្ខណៈវិទ្យាសាស្ត្រ គឺបាតុភូត«ខ្យល់គួច»របៀបនេះ បានកើតឡើង ដោយសារខ្យល់ត្រជាក់ បានបក់ផាត់ ពីលើទឹកសមុទ្រដែលក្ដៅ (ដោយសាររដូវនេះ ជារដូវក្ដៅ ហួតហែង) ប្រៀបបាននឹងពេល បើកគម្របឆ្នាំងទឹកដាំពុះដូច្នេះ។
ព្រឹត្តិការណ៍«ខ្យល់គួច»នោះ មានរយៈពេលប្រមាណជា ៤០នាទី។ វាបានកើតឡើង នៅក្បែរតំបន់ឆ្នេរ នៃខេត្ត «Penang» ភាគខាងលិចប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩នេះ បន្ទាប់ពីខ្យល់សមុទ្រ បានបក់បោក ក្នុងសន្ធឹកដ៏ខ្លាំងនោះមក។
ប៉ុន្តែខ្យល់គួចរបៀបនេះ កើតឡើងតែនៅលើផ្ទៃសមុទ្រប៉ុណ្ណោះ និងមិនអាចកើតមាន នៅលើដីគោកបានទេ ដោយសារតែវាត្រូវការទឹក ដើម្បីគួចឡើងទៅលើ។ អញ្ចឹងហើយ បានជាពេលវារំកិលខ្លួន មកលើតំបន់ឆ្នេរដែលជាដីគោក វាបានថមថយឥទ្ធិពលរបស់វាទៅ ដោយឯកឯង។
សេចក្ដីរាយការណ៍ របស់សារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា ខ្យល់គួចខាងលើ មិនបានបង្កគ្រោះថ្នាក់ ឲ្យនរណាម្នាក់ឡើយ តែបានបង្កឲ្យផ្ទះសម្បែង និងអាគារមួយចំនួន រងការខូចខាតច្រើនគួរសម៕