អាស៊ី-ប៉ាស៊ីភិក

តុល្យភាព​រវាង​ឥណ្ឌានិង​ប៉ាគីស្ដង់៖ យន្តហោះ​ត្រូវ​បាញ់ធ្លាក់​ទាំង​សងខាង

តុល្យភាពចុងក្រោយ នៃស្ថានភាពប្រឈមមុខដាក់គ្នា រវាងប្រទេសដៃគូសត្រូវទាំងពីរ បានឲ្យដឹងនៅល្ងាចថ្ងៃពុធនេះថា មាន«យន្តហោះ​ត្រូវ​បាញ់ធ្លាក់​ទាំង​សងខាង» យ៉ាងហោចណាស់ ក៏មួយគ្រឿងម្ខាងដែរ។

កងទ័ពជើងអាកាស របស់ប្រទេសប៉ាគីស្ដង់ អះអាងថាបានបាញ់ទម្លាក់យន្ដហោះពីរគ្រឿង របស់កងទ័ពឥណ្ឌា ក្នុងនោះមួយគ្រឿង បានធ្លាក់នៅក្នុងទឹកដីកាស្មៀរឥណ្ឌា និងមួយគ្រឿងទៀត បានធ្លាក់ក្នុងទឹកដីកាស្មៀរប៉ាគីស្ដង់ ហើយអ្នកបើកបរយន្ដហោះឥណ្ឌាមួយរូប ត្រូវបានកងទ័ពប៉ាគីស្ដង់ចាប់ខ្លួនបាន។

សម្រាប់ប្រទេសឥណ្ឌាវិញ បានប្រកាសតបវិញថា ខ្លួនក៏បានបាញ់ទម្លាក់យន្ដហោះមួយគ្រឿង របស់កងទ័ពប៉ាគីស្ដង់ដែរ តែបានទទួលស្គាល់ថា ខ្លួនបានបាត់បង់យន្ដហោះមួយគ្រឿង ពីក្នុងចំណោមយន្ដហោះរបស់ខ្លួន ដែលបានចេញធ្វើប្រតិបត្តិការនោះ។

លោក «Raveesh Kumar» អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា បានថ្លែងឲ្យដឹងថា៖ 

«យន្ដហោះប៉ាគីស្ដង់ ត្រូវបានពួកទាហានថ្មើរជើងមើលឃើញថា បានធ្លាក់ពីលើមេឃ នៅក្នុងទឹកដីប៉ាគីស្ដង់។ នៅក្នុងការប្រឈមមុខគ្នានេះ យើងបានបាតបង់យន្ដហោះ “Mig 21” របស់យើងមួយគ្រឿង និងអ្នកបើកបរយន្ដហោះ បានបាត់ខ្លួន។ ខាងប៉ាគីស្ដង់អះអាងថា អ្នកបើកបររូបនោះ ត្រូវបានចាប់ខ្លួន។»

កាលពីព្រឹកថ្ងៃពុធ ក្រសួងការបរទេសប៉ាគីស្ដង់ បានអះអាងថា កងទ័ពជើងអាកាស​ប៉ាគីស្ដង់ បានដឹកនាំការវាយប្រហារមួយ នៅក្បែរបន្ទាត់ព្រំដែន ដែលត្រូវបានកំណត់ឡើង ថាជាតំបន់គ្មានយោធា។ បើតាមក្រសួងមួយនេះ ការវាយប្រហារខាងលើ បានបញ្ចៀសការបាត់បង់ជីវិតមនុស្ស និងការខាតបង់ផ្សេងទៀតជាច្រើន។

«គោលបំណងតែមួយ គឺបង្ហាញពីសិទ្ធិ ឆន្ទៈ និងសមត្ថភាពរបស់យើង ក្នុងការការពារខ្លួន។ (…) យើងគ្មានចេតនា បង្កើតភាពតានតឹងផ្នែកយោធានោះទេ ប៉ុន្តែយើងបានត្រៀមខ្លួនយ៉ាងពេញលេញ ដើម្បីឆ្លើយតប ប្រសិនបើយើងត្រូវបានគេបង្ខំ ដូចក្នុងហេតុការណ៍នេះ។»

ក្នុងថ្ងៃពុធនេះដដែល អាជ្ញាធរគ្រប់គ្រងដែនអាកាស របស់ប្រទេសប៉ាគីស្ដង់ បានចេញមកប្រកាស​បិទលំហអាកាស រហូតដល់មានបទបញ្ជាជាថ្មី។

នៅចំពោះការឆ្លើយឆ្លង​យ៉ាងតឹងសរសៃក មហាអំណាចចិន​ដែលនៅជាប់ព្រំដែនដែរ បានអំពាវនាវឲ្យមានការអត់ធ្មត់ និងឲ្យប្រទេសទាំងពីរ ធ្វើការជជែកគ្នា។ អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងឡើងក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃពុធថា៖

«យើងសូមសំដែងទឹកចិត្តរបស់យើង ស្នើឲ្យប្រទេសឥណ្ឌា និងប៉ាគីស្ដង់ ដែលសុទ្ធសឹងជាប្រទេសធំ នៅក្នុងទ្វីបអាស៊ីខាងត្បូង អាចបង្កើតបាន នូវទំនាក់ទំនងជាអ្នកជិតខាងល្អ និងមិត្តភាព។»

កាលពីថ្ងៃអង្គារ សហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុប ក៏បានអំពាវនាវឲ្យប្រទេសទាំងពីរ ធ្វើការអត់ធ្មត់ជាអតិបរមាដែរ៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។