វីដេអូ ពីនេះពីនោះ

ចាប់​បាន​ពស់ថ្លាន់​យក្ស​ប្រវែង​៨ម៉ែត្រ​មួយ​ក្បាល នៅ​ឥណ្ឌូនេស៊ី

អ្នកភូមិមួយក្រុម ក្នុងស្រុក «Pucuang Anam» លើកោះស៊ូម៉ាត្រា (ឥណ្ឌូនេស៊ី) បានចាប់បានពស់ថ្លាន់យក្សមួយក្បាល ប្រវែងមិនតិចជាង៨ម៉ែត្រ នៅខណៈពេល ដែលសត្វល្មូនដ៏ធំនេះ កំពុង​ស្រងល់​ដោយសារ វាទើបនឹងលេបចំណី ចូលក្នុងខ្លួន។ ទិដ្ឋភាពនៃការចាប់ពស់ថ្លាន់ ត្រូវបានម្ចាស់គណនី «Ronal Efendi Coto» ថតនិងបង្ហោះ នៅលើបណ្ដាញសង្គម តាំងពីចុងខែវិច្ឆិកា ហើយត្រូវបានចែករំលែក ច្រើនជាង១ម៉ឺនដង រាប់មកទល់ថ្ងៃនេះ។

មើលមួយភ្លែតដំបូង គេស្មានថា ជាគល់ឈើដ៏ធំមួយ ដាក់សណ្ដូកចោល នៅជាប់នឹងមាត់ស្ទឹង។ ប៉ុន្តែ នៅពេលដែលអ្នកភូមិម្នាក់ បានប៉ះខ្លួនវា សត្វល្មូនបានភ្ញាក់ខ្លួនឡើង ហើយធ្វើប្រតិកម្មតបវិញ។

បន្ទាប់ពីចាប់បានសត្វពស់យក្ស ដាក់ចូលក្នុងទ្រុងរួច អ្នកស្រុកបានហៅផ្នែកសួនសត្វតំបន់ ដើម្បីទទួលយកវា ទៅចិញ្ចឹមថែរក្សា។ ប៉ុន្តែអ្នកទទួលខុសត្រូវ នៃសួនសត្វ បានបដិសេធ ដោយហេតុថា សួនសត្វខ្លួន មានសត្វបែបនេះ យ៉ាងច្រើនហូរហៀ​ណាស់​ទៅហើយ។

លោក «Ronal Efendi Coto» បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា សត្វពស់យក្សត្រូវបានថែរក្សា នាពេលនេះ ក្នុងភូមិនៅឡើយ ដើម្បីឲ្យអ្នកផងអាចចូលមកទស្សនា។ ប៉ុន្តែវាអាចនឹងត្រូវព្រលែង ចូលទៅរស់នៅក្នុងព្រៃវិញ នៅថ្ងៃខាងមុខ។

ពស់ថ្លាន់យក្សភាគច្រើន មានប្រវែងមិនលើស ពី៧ម៉ែត្រទេ។ តែបើសិនជាមានប្រវែង រហូតដល់៨ម៉ែត្រ ពស់ថ្លាន់ខាងលើនេះ អាចចាត់ទុកថា ជាពស់ថ្លាន់យក្ស ដែលធំអស្ចារ្យមួយក្បាលហើយ៕

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។