កម្រមាន

រង​ការ​ពិន័យ ព្រោះ​បាន​ព្រលែង​កណ្ដុរ ចូល​ក្នុងសភា​តំបន់​រ៉ុស្ស៊ី

ក្នុងដើមសប្ដាហ៍នេះ តុលាការក្រុង ស៊ាំងភីធើរស្បួរ៍ (Saint-Pétersbourg – រ៉ូស្ស៊ី) បានសម្រេចផ្ដន្ទាទោស ដោយ​ពិន័យជាប្រាក់ ទៅលើយុវជនរ៉ូស្ស៊ីមួយរូប ពីបទបានព្រលែងកណ្ដុរ ចូលក្នុងអាគារសភាតំបន់ ដើម្បីការតវ៉ាមួយ ដែលយុវជនអះអាងថា ប្រឆាំងនឹងភាព​អសកម្ម របស់ក្រុមអ្នកតំណាងរាស្ត្រ។

យុវជន «Ilia Mokhov» អាយុ២៣ឆ្នាំ ត្រូវបានតុលាការរកឃើញថា មានទោស «រំលោភ​លើបទបញ្ញត្តិ នៃការជួបប្រជុំ ក្នុងទីកន្លែងសាធារណៈ» ហើយបានពិន័យយុវជន ជាប្រាក់ ១០ ០០០ រូព (ប្រមាណជា ១៣០អ៊ឺរ៉ុប ឬ១៤០ដុល្លារ)។

កាលពីខែវិច្ឆិកាកន្លងទៅ យុវជនបានដើរចូល ទៅក្នុងអាគារ នៃសភាតំបន់ របស់ប្រទេសរ៉ុស្ស៊ី ជាមួយនឹងប្រអប់មួយ ដែលមានកណ្ដុរប្រមេះពីរក្បាល នៅខាងក្នុង។ បន្ទាប់ពីបានចូល ទៅដល់ខាងក្នុងអាគាររួច យុវជនបានព្រលែង កណ្ដុរទាំងពីរក្បាល ដោយគ្មានការចាប់អារម្មណ៍សូម្បីបន្តិច ពីសំណាក់អ្នកការពារសន្តិសុខ នៃស្ថាប័នមួយនេះ។

រហូតលុះត្រាយុវជន បានបង្ហោះវីដេអូមួយ នៅលើបណ្ដាញចែកវីដេអូ បង្ហាញពីសកម្មភាពរបស់ខ្លួន ទើបនាយកដ្ឋានសភាតំបន់ បានភ្ញាក់ខ្លួនឡើង ហើយបានប្ដឹងយុវជន ឡើងទៅតុលាការ។

យុវជន «Ilia Mokhov» បានពន្យល់ប្រាប់សារព័ត៌មាន ក្នុងស្រុកថា កាយវិការរបស់ខ្លួន គ្រាន់តែមានចង់ពញាក់អារម្មណ៍ អំពីភាពអសកម្ម របស់ក្រុមអ្នកតំណាងរាស្ត្រ នៃសង្កាត់របស់យុវជន ដែល«គ្មានធ្វើអ្វីទាំងអស់ សម្រាប់ពលរដ្ឋ»។ យុវជនថា៖ «ពួកគេទាំងនោះ គ្មានបានការអ្វី សូម្បីបន្តិចឡើយ។ ពួកគេមិនដែលមកពិគ្រោះ ជាមួយពលរដ្ឋ ហើយពលរដ្ឋ ក៏មិនដែលស្គាល់ ឈ្មោះពួកគេទាំងនោះដែរ។»។

បើតាមសារព័ត៌មានក្នុងស្រុក បានអះអាងថា កណ្ដុរទាំងពីរក្បាលនោះ មិនដែលត្រូវបានរកឃើញមកវិញទេ៕

មនោរម្យ.អាំងហ្វូ

ការិយាល័យនិពន្ធ យកព័ត៌មាន និងកិច្ចការអង្កេត-ស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។